រាជធានីភ្នំពេញ ៖ កញ្ញាជុំ ម៉ាយ៉ាវីន អាយុ២៨ឆ្នាំ ជាអ្នកចម្រៀងនិងសម្តែងកាយកាយវិការខារ៉ាអូខេ និងចាប់ពីដើមខែមីនា ឆ្នាំ២០១២មក បានក្លាយពិធីការិនីជាដៃគូជាមួយលោកសុះ ម៉ាច ក្នុងកម្មវិធី«ជីវិតសិល្បៈ»នៃស្ថានីយទូរទស្សន៍ខ្មែរប៉ុស្តិ៍លេខ៩ ។ កាលពីរាត្រីថ្ងៃទី២១ ខែមីនា នាងបានគាំងបេះដូងតែបានក្រុមគ្រួសារបញ្ជូនទៅកាន់គ្លីនិកឯកជនមួយទាន់ពេលវេលា ។
ការគាំងបេះដូងរបស់ នាងជុំ ម៉ាយ៉ាវីន តាមព័ត៌មានថា មិនមែនដោយសាររឿងស្នេហាទេ គឺដោយសារជំងឺប្រចាំកាយរបស់នាងតាំងពីកុមារភាពមកគឺនាងមានជំងឺខ្សោយបេះដូង ។ កញ្ញាជុំ ម៉ាយ៉ាវីន និយាយថា ក្រោយពីគ្រូពេទ្យខិតខំប្រឹងប្រែងសង្គ្រោះនាងមកនាងរួចផុតពីគ្រោះថ្នាក់ហើយៗនៅរសៀលថ្ងៃទី២២ មីនា នាងបានវិលត្រឡប់ទៅផ្ទះវិញ ។ ទោះជាយ៉ាងណាក្តី នាងនៅខ្សោយកម្លាំងមិនទាន់អាចទៅច្រៀងនៅមណ្ឌលកម្សាន្តទីក្រុងមាសវិញបានទេ ។
កញ្ញាជុំ ម៉ាយ៉ាវីន ឱ្យដឹងថា ក្នុងឆ្នាំ២០១២នេះនាងហាក់ដូចជាមានអារម្មណ៍ចង់ស្លៀកពាក់បែបប្រពៃណីខ្មែរធ្វើពីកំណាត់ហូល ផាមួង ។ ទាក់ទងនឹងរឿងប្រកាសរកគូព្រេងកន្លងមកនោះនាងនិយាយថា នាងមានអាយុកាន់តែច្រើនហើយនាងចង់មានគូគាប់ភ្ជាប់និស្ស័យដូចគេឯងដែរ តែមិនដឹងថា យ៉ាងម៉េចទេ គ្មានអ្នកណាគេមើលឃើញនាងសោះ ។ នាងនិយាយថា «បើនិយាយអួតបន្តិចទៅរូបសម្ផស្សនាងខ្ញុំក៏ស្រស់ស្អាត ហើយជាតារាចម្រៀងមួយដួងមានកេរ្តិ៍ឈ្មោះល្បីគួរសមដែរ តែហេតុអ្វីរកប្តីមិនបាន? ឬមួយក៏ព្រហ្មលិខិតមិនទាន់កំណត់វាសនាផ្តល់គូព្រេងឱ្យ? នេះមិនមែនបានន័យថាគ្មានគេមកសុំស្នេហានោះទេគឺមានច្រើនណាស់ដែរ តែភាគច្រើនបុរសនោះមានអាយុក្មេងជាងនាងខ្ញុំ ហើយនាងខ្ញុំបដិសេធមិនទទួលនោះទេ »។
កញ្ញាម៉ាយ៉ាវីន និយាយថា បុរសដែលនាងត្រូវការយកមកធ្វើជាប្តីនោះត្រូវមានអាយុចាប់ពី៤០ឆ្នាំឡើងទៅ ហើយមានការងារធ្វើសមរម្យ ស្រឡាញ់នាង ឪពុកម្តាយបងប្អូននាងនិងស្រឡាញ់សិល្បៈ ពីសេសមិនចេះប្រចណ្ឌ ទើបនាងបើកបេះដូងទទួលយក ៕


ចែករំលែកព័តមាននេះ