រាជធានីភ្នំពេញ ៖ តារាបង្ហាញម៉ូដជាតិប្រមាណជាង៥០នាក់ ត្រូវបានគេត្រៀមរួចជាស្រេចសម្រាប់ការដើរបង្ហាញម៉ូដដ៏ធំមួយនៅមជ្ឈមណ្ឌលកោះពេជ្រនារាត្រីថ្ងៃទី៣០ មីនា ខាងមុខនេះ ដើម្បីបង្ហាញម៉ាកផលិតផលល្បីៗចំនួន៤ ហើយសន្និសីទសារព័ត៌មានប្រកាសអំពីគម្រោងការនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៣ មីនា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។
ក្នុងសន្និសីទសារព័ត៌មានបានឱ្យដឹងថា គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីប្រកាសជាផ្លូវការនូវគម្រោងរៀបចំព្រឹត្តិការណ៍បង្ហាញមូ៉ដដ៏អស្ចារ្យនៃម៉ាកផលិតផល Fashion ដ៏មានប្រជាប្រិយភាពបំផុតទាំង៤ នៅក្នុងទីផ្សារកម្ពុជាសព្វថ្ងៃនេះ រួមមាន ម៉ាក AXARA មកពីប្រទេសបារាំង, MANGO មកពីប្រទេសអេស្ប៉ាញ, E.PSE និងVNC មកពីប្រទេសម៉ាឡេស៊ី ។ កម្មវិធីដ៏ធំនេះ នឹងត្រូវរៀបចំឡើងនៅរាត្រីថ្ងៃទី៣០ មីនា២០១២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមឈ្មោះ Fashion Illumination ដែលជាការប្រារព្ធនូវការចាប់ផ្តើមរដូវកាលថ្មី គឺរដូវស្លឹកឈើលាស់ និងរដូវក្តៅឆ្នាំ២០១២ របស់ម៉ាកផលិតផលសម្លៀកបំពាក់ ស្បែកជើងទាំង៤ខាងលើ ដែលកម្មវិធីនេះ ត្រូវបានម៉ាកផលិតផលហ្វេស្សិននានាពាសពេញពិភពលោកប្រារព្ធឡើងជារៀងរាល់ឆ្នាំ ។
សម្រាប់កម្ពុជា នេះគឺជាមហាព្រឹត្តិការណ៍ ហ្វេស្សិនមួយដែលមិនធ្លាប់មានពីមុនមកពីសំណាក់ម៉ាកហ្វេស្សិនអន្តរជាតិ ហើយនេះក៏ជាសក្ខីភាពបញ្ជាក់ថា ប្រជាជនកម្ពុជាពិតជាមានបរិបទនៃការរស់នៅមានភាពជឿនលឿនដូចបណ្តាប្រទេសនានាដែរ ។ មិនតែប៉ុណ្ណោះគឺរឹតតែបង្ហាញសហគមន៍ជាតិ និងអន្តរជាតិឱ្យឃើញពីភាពសម្បូរបែបនៃការអភិវឌ្ឍគ្រប់វិស័យ ចំពេលដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០១២ ក៏ដូចជាសមាហរណកម្មទៅកាន់សហគមន៍សេដ្ឋកិច្ចនាឆ្នាំ២០១៥ ខាងមុខ ។
កម្មវិធីបង្ហាញម៉ូដខ្នាតធំមួយនេះ នឹងត្រូវដើរបង្ហាញដោយតារាបង្ហាញម៉ូដជាតិចំនួនប្រមាណជាង ៥០នាក់ ដែលម្នាក់ៗសុទ្ធសឹងតែបានឆ្លងកាត់ការជ្រើសរើសរួមជាមួយការហាត់សមយ៉ាងល្អិតល្អន់បំផុត ដើម្បីគុណភាពទាំងមូលរបស់ព្រឹត្តិការណ៍នេះ ។ ឆាកដ៏វែង និងប្រហែលជាវែងជាងគេមិនធ្លាប់មានពីមុនមក សម្រាប់ការបង្ហាញម៉ូដនៅកម្ពុជា នឹងត្រូវបានគេផលិតឡើងដែលមានប្រវែង៣០ម៉ែត្រ អមទៅដោយទីកន្លែងអង្គុយសម្រាប់ភ្ញៀវកិតិ្តយស ៥០០នាក់ ដែលភាគច្រើន គឺជាសមាជិករាជវង្សសមាជិករាជរដ្ឋាភិបាល ពាណិជ្ជករជាន់ខ្ពស់ពីគ្រប់ស្ថាប័ននានានៅក្នុងប្រទេស ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ ។
កម្មវិធី Fashion Illumination ដ៏ពិសេស មួយនេះ នឹងរៀបចំឡើងដោយក្រុមហ៊ុន Sovereign Retail Group ដែលជាក្រុមហ៊ុនហ្វេស្សិនដ៏ធំនៅកម្ពុជា និងចូលរួមសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុននានា ៕
ចែករំលែកព័តមាននេះ