ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេង​ សុកញ្ញា​​ ចង់​ក្លាយ​​ជា​ពិធីការិនី​​ទូរទស្សន៍​​

14 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​​ ៖ ជាការ​ពិត​ណាស់​​​ថា​ ​​តារា​ថ្មី​​​ៗ​ជាសិល្បការិនី​​ដែល​​ទើប​បោះ​ជំហាន​​ចូល​​ប្រឡូក​​ក្នុង​សង្គម​​សិល្ប​ៈ​​សម្តែង ​​ភាគ​ច្រើន​​សុទ្ធ​តែ​​​មាន​​មហិច្ឆ​តា​​​​រៀង​ៗខ្លួន​​​ ។ ​ កញ្ញា​ ហេង​ សុកញ្ញា​​ ​ក្នុ​​ង​វ័យ​​​១៩​ឆ្នាំ​​ មាន​ស្រុក​កំណើត​​​នៅស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​​ និង​​មាន​ឪពុក​​ម្តាយ​​ជា​អាជីករ​​​ តែ​​​​កញ្ញា​​​មាន​​និស្ស័យ​​​ស្រឡាញ់​​សិល្បៈ​តាំង​ពី​ក្មេង។ សព្វ​ថ្ងៃ​​​ ក្រៅ​ពី​​​ខិត​ខំ​​ប្រឹង​ប្រែង​​សិក្សា​រៀន​សូត្រ​​​នៅ​សាកល​វិទ្យា​​​ល័យ​​​​ន័រ​តុន​ ឆ្នាំទី​៣​ ផ្នែក​​ធនាគារ​​​និង​ហិរញ្ញ​វត្ថុ​​​  កញ្ញា​ក៏​​បានឆ្លៀត​​​​​ឱកាស​​​ចូលប្រឡូក​​ក្នុ​ង​​សង្គម​សិល្បៈ​សម្តែង​ ថត​​កាយ​វិការ​​ខារ៉ាអូខេ​ ថត​​​​ភាព​យន្ត​​ រួម​ទាំ​ង​ដើរ​​បង្ហាញ​ម៉ូដ​​ផង​ដែរ​តាំង​​ពី​ឆ្នាំ ​២០១០​​ ។

កញ្ញា​ ហេង​ សុកញ្ញា​ បាន​ប្រាប់​​អ្នក​យក​ព័ត៌​មាន​​​​​​​​​យើង​​ថា​ ក្នុ​ងរយៈ​​ពេល​​២​ឆ្នាំកន្លង​​មក​​នេះ​​​ ដែល​​នាង​បាន​​ចូ​ល​ប្រឡូក​​ក្នុង​វិស័យ​សិល្បៈ​​​​សម្តែង​​ ក្រៅ​ពី​​​​​​​ថត​កាយ​វិការ​​ខារ៉ាអូ​ខេ​​​​ឱ្យ​​​ផលិត​ក​ម្ម​ក្រៅ​ប្រទេស​​ជា​ច្រើន​​ ​​​នាង​ក៏​​មាន​ឱកាស​បា​ន​ចូល​រួម​សម្តែង​​​​ភាព​យន្ត​​ភាគ​បាន​មួួ​យ​រឿង​​​ គឺ​រឿង​«សម្រស់​ជីវិត​​» ​ដែល​បាន​​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​​កន្លង​​មក​ ។ ​​ក្នុ​ង​​រឿង«​​សម្រស់​ជីវិត»​​​នោះ អ្នក​​ដឹក​នាំ​​រឿង​​តម្រូវ​​ឱ្យ​នាង​សម្តែង​​​ជា​តួ​កាច​ឆ្នាស​ ឈ្មោះ​ នាង​សម្ផស្ស​​ ។
កញ្ញាហេង សុកញ្ញា​​ ថ្វី​បើ​​ជា​តារា​ថ្មី​​ទើប​នឹ​​ង​រះ​​​​ក៏ពិត​​មែន ​​តែ​​​ដោយ​សារ​​នាង​​មាន​រូប​សម្ផស្ស​​​ស្រស់​ស្អាត និង​​មាន​​ទេពកោសល្យ​​សម្តែង​បាន​ល្អ​ទៀត​នោះ​ ទើប​នាង​​​​មិន​​សូវ​​មានពេល​​ទំនេរ​​​​​ទេ គឺ​​មាន​ការ​ងារ​​សិល្បៈ​​មមា​ញឹក​​​គ្រាន់​បើ​​ ហើយ​​ក្នុ​ងឆ្នាំ​​២០១២​​នេះ ​​នាង​សម្តែង​​ឱ្យ​​​ផលិត​កម្ម​​​រៃ​មាស​ តោ​មាស​ នាគហោះ​ និងសម្តែង​ក្នុង​​​កម្ម​វិធី​​​សម្រាប់​​​ចាក់​ផ្សាយ​​​តាម​កញ្ចក់​ទូរទស្សន៍​​ជាតិ​កម្ពុជា​​សម្រាប់​ថ្ងៃ​​បុណ្យ​ចូល​ឆ្នាំថ្មី​ផង​ដែរ​ ។

​កញ្ញា​ ហេង​ សុកញ្ញា​ បាន​ប្រាប់​​ថា​ ការ​​​ចូល​​ប្រឡូក​ក្នុ​ង​វិស័យ​​សិល្បៈសម្តែង​​នេះ​ នាង​មិន​បាន​ចូល​ហ្វឹកហាត់​​​នៅ​ក្នុ​ង​សាលា​ ឬក្លឹប​សិល្បៈ​ណា​​មួយ​​​ទេ​ គឺ​ហ្វឹក​ហាត់​តាម​​ការ​ទស្សនា​​តាម​វី​ដេអូ​​​ និង​តាម​​ទូរទស្សន៍​​នៅផ្ទះ​​​​​​ ហើយ​ក៏អភិវឌ្ឍ​ដោយ​​ខ្លួន​ឯង​ ។ ​​សព្វ​ថ្ងៃ​​ ដោយ​​​​​ចង់​បង្ហាញ​​មុខ​តាម​កញ្ចក់​​ទូរទស្សន៍​​​​​ឱ្យ​បាន​ច្រើន​​​នោះ​ ពេល​​ទំនេរ​​នាង​ក៏​​​ហ្វឹក​ហាត់​​​​ច្រៀង​​​ និង​ហ្វឹត​ហាត់​​​​​​ធ្វើ​ជា​ពិធី​ការិនី ​​​​ដើម្បី​​ទៅ​ថ្ងៃអនាគត​​​​ក្លាយ​​ជាតារា​​​សម្តែង​​ និង​​​ជា​តារាចម្រៀង​​ រួម​​ជាពិធី​​ការិនី ​មាន​កេរ្តិ៍​​​ឈ្មោះ​ល្បី​​ផង​ដែរ ។ ​​​ទោះ​​បី​ជា​​យ៉ាង​ណា​​​​ កញ្ញា​​ ហេង​ សុកញ្ញា​​ ចង់ចាប់​​អាជីព​​ធ្វើ​ការ​​​មួយ​​ទៅ​​​តាមជំនាញ​​​ដែល​​នាង​សិក្សា​​រៀន​សូត្រ​​ គឺ​​ផ្នែក ធនាគារ​​​​​និង​ហិរញ្ញវត្ថុ​​ រួម​​ទាំង​សិល្បៈ​​ឱ្យដើរ​​ទន្ទឹម​គ្នា​​​ផង​ដែរ​ ព្រោះ​​នាង​យល់​ថា​ សិល្បៈ​​និ​ង​ចំណេះ​​​ដឹង​ផ្សេង​​ៗ​ បើ​ដើរ​​ទន្ទឹម​គ្នា​​​គឺ​រឹ​​ត​តែ​ល្អ​ប្រសើរ​​ ។

ទាក់​ទិន​នឹ​ង​ជីវិត​ផ្ទាល់​ខ្លួន ​​​​​កញ្ញា​​ហេង សុកញ្ញា​​ បង្ហើប​​ប្រាប់​​ថា នាង​​មិន​ទាន់​​មាន​សង្សារ​​ ឬ​​គូស្នេហ៍​​​ប្រចាំ​ចិត្ត​​នៅឡើយ​​​​ទេ ព្រោះ​នា​ង​មិនទាន់​​គិត ​ហើយ​ក៏កំពុង​​តែ​ខិត​ខំ​​សិក្សា​រៀន​សូត្រ​​ បើ​​គិត​​រឿង​​ស្នេហា​​រៀន​មិន​​ចូល​​ទេ​​​ ហើយ​​ក៏​មិន​​ទៅសម្តែង​​​​​​បានដែរ​ ។ ​​​​បើមាន​​សង្សារ​​​ ឬគូ​​ស្នេហ៍​​ហើយ​ មិន​អាច​ថត​កើត​ទេ​​ ខ្លាច​​គេប្រច​​ណ្ឌ​ ដូច្នេះ​​​​ចាំអាយុ​ច្រើន​​បន្តិច ​​​ចាស់​ចិត្ត​ចាស់​​គំនិត​​បន្តិច​​សិនសឹម​​គិត​​​គូរ​រឿង​ស្នេហា​ ៕