រាជធានីភ្នំពេញ ៖ នៅតែ១០ថ្ងៃទៀតប៉ុណ្ណោះសម្រាប់ឈានដល់ការប្រារព្ធទិវា «មួយម៉ោងសម្រាប់ភពផែនដី» ឬហៅថា Earth Hour លោក ទេព រិនដារ៉ូ និង លោក យុត្ថារា ឆានី កំពុងគាំទ្រសកម្មភាពយុទ្ធនាការ «មួយម៉ោងសម្រាប់ភពផែនដី» ហើយស្នើសុំអ្នកពេញចិត្ត និងគាំទ្រស្នាដៃសម្តែងសិល្បៈភាពយន្តរបស់ខ្លួនឱ្យធ្វើសកម្មភាពដើម្បីរួមចំណែកជួយការពារភពផែនដី ។ នេះគឺជាឆ្នាំទី២ហើយ ដែលតារាទាំង២រូបនេះបានចូលរួមក្នុងសកម្មភាពយុទ្ធនាការជាមួយអង្គការ WWF ដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជានៅទូទាំងប្រទេសឱ្យចូលរួមប្រារព្ធទិវា «មួយម៉ោងសម្រាប់ភពផែនដី»។
លោកទេព រិនដារ៉ូ ដែលទើបបានទទួលពានរង្វាន់ជាតារាភាពយន្តដែលមានប្រជាប្រិយភាពបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងប្រារព្ធទិវា «មួយម៉ោងសម្រាប់ភពផែនដី» ដោយបិទភ្លើងរយៈពេល១ម៉ោងនៅថ្ងៃទី៣១ មីនា ២០១២ ចាប់ពីម៉ោង៨និង៣០នាទីដល់ម៉ោង៩និង៣០នាទីយប់ ។ លោកបានបន្តថា «យើងម្នាក់ៗត្រូវមានការទទួលខុសត្រូវចំពោះនិរន្តរភាពនៃភពផែនដីរបស់យើង ហើយយើងអាចធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានបាន ។ ខ្ញុំនឹងបិទភ្លើងរយៈពេលមួយម៉ោងដើម្បីប្រារព្ធទិវា Earth Hour ឆ្នាំនេះ សូមចូលរួមប្រារព្ធជាមួយខ្ញុំ» ។ទិវា «មួយម៉ោងសម្រាប់ភពផែនដី» ជាយុទ្ធនាការធំជាងគេបង្អស់ ស្តីពីការប្រែប្រួលអាកាសធាតុធ្វើឡើងដោយប្រជាជននៅជុំវិញពិភពលោក ។ តាមរយៈទិវានេះ បុគ្គលម្នាក់ៗក្រុមហ៊ុនឯកជន សហគមន៍ សមាគម សង្គមស៊ីវិល និងអង្គការមិនមែនរដ្ឋាភិបាលនានា មានឱកាសបង្ហាញឆន្ទៈរបស់ខ្លួន លើកទឹកចិត្តដល់មិត្តភក្តិ មិត្តរួមអាជីព និងអ្នករស់នៅជិតខាងខ្លួនថែមទាំងមានឱកាសធ្វើសកម្មភាពដើម្បីជាប្រយោជន៍សម្រាប់បរិស្ថាន និងនិរន្តរភាពនៃ ភពផែនដី ។
លោក យុត្ថារា ឆានី ស្នើសុំឱ្យប្រជាជាកម្ពុជា ធ្វើសកម្មភាពដែលមាននិរន្តរភាពនៅក្នុងការរស់នៅប្រចាំថ្ងៃ ។ លោកបន្ថែមថា «ភពផែនដីជារបស់យើងទាំងអស់គ្នា ហើយបុគ្គលម្នាក់ៗអាចធ្វើសកម្មភាពដើម្បីរួមចំណែកមួយផែ្នកតូចដល់ការកាត់បន្ថយបរិមាណឧស្ម័នកាបូនិកបញ្ចេញទៅក្នុងបរិយាកាស និងធ្វើសកម្មភាពដទៃទៀត ជាប្រចាំដើម្បីជាដំណោះស្រាយមួយចំពោះការប្រែប្រួលអាកាសធាតុ»។
សកម្មភាពសម្រាប់ភពផែនដីរបស់តារាភាពយន្តទាំងពីរជាគំរូដ៏ល្អមួយ ដែលលើកទឹកចិត្តអ្នកគាំទ្រខ្លួន ក្រុមគ្រួសារ និងមិត្តភក្តិជាច្រើននាក់ឱ្យចូលរួមជាមួយប្រជាជននៅលើពិភពលោកក្នុងបុព្វហេតុរួមតែមួយគឺការការពារភពផែនដីរបស់យើង ។
សូមអញ្ជើញប្រជាជនកម្ពុជា ប្រជាជននៅរាជធានីភ្នំពេញ ក្រុមគ្រួសារ សមាគម ក្រុមហ៊ុន ឯកជន សង្គមស៊ីវិល អង្គការមិនែមនរដ្ឋាភិបាលនិងភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ចូលរួមជាមួយពិភពលោកក្នុងការបិទភ្លើងជានិមិត្តរូបរយៈពេលមួយម៉ោង ចាប់ពីម៉ោង៨និង៣០នាទី ដល់ម៉ោង៩និង៣០នាទី នៅថ្ងៃទី៣១ មីនា ២០១២ នេះ និងបន្តធ្វើសកម្មភាពផ្សេងទៀតដើម្បីរួមចំណែកជាដំណោះស្រាយមួយចំពោះការប្រែប្រួលអាកាសធាតុ ៕
ចែករំលែកព័តមាននេះ