រាជធានីភ្នំពេញ៖ រថយន្តសេលីកា បើកដោយអាណិកជនខ្មែរ និងម៉ូតូស្មាស់ បានបុកគ្នានៅផ្លូវកែងបណ្តាលឱ្យអ្នកជិះម៉ូតូហោះផ្លោងរំលងរថយន្តប្រមាណ៥ម៉ែត្រធ្លាក់បោកក្បាលនឹងចិញ្ចើមផ្លូវរងរបួសធ្ងន់២នាក់ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រថ្ងៃទី១៥ មីនា នៅផ្លូវលេខ៥១កែងផ្លូវលេខ១៧៤ ស្ថិតក្នុងភូមិ១១ ក្រុម៧១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា រថយន្តសេលីកា បើកដោយយុវជនជាអាណិកជនខ្មែរ តាមផ្លូវលេខ៥១ ពីជើងទៅត្បូង ចំណែកម៉ូតូស្មាស់ ជិះគ្នា២នាក់ តាមផ្លូវលេខ១៧៤ ពីលិចទៅកើត ខណៈដល់ផ្លូវកែងទាំងរថយន្តនិងម៉ូតូដែលបើកលឿនដូចគ្នា ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកគ្នាចំពីមុខ។ អ្នកជិះម៉ូតូដែលរបួសធ្ងន់ ត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។
ប្រភពដដែលបន្តទៀតថា រថយន្តបើកទៅមុខបាត់មួយសន្ទុះស្រាប់តែបើកត្រឡប់មកកន្លែងកើតហេតុវិញ ដោយនាំទាំងមិត្តភក្តិ៣នាក់មកជាមួយ ដោយសារតែទៅដល់កណ្តាលផ្លូវឈប់មើលរថយន្តឃើញបែកចង្កៀង និងធ្លាក់កាងមុខ ដូច្នេះហើយមានបំណងទាមទារឱ្យខាងម៉ូតូសងថ្លៃខូចខាត។ ខណៈពេលបើកទៅដល់កន្លែងកើតហេតុ មានមនុស្សចោមរោមមើល អ្នករបួសស្គាល់ថាជារថយន្តបុកគ្នាជាមួយម៉ូតូជនរងរបួស ក៏ប្រាប់ទៅសមត្ថកិច្ចឱ្យឃាត់ទុកតែម្តង ។
អ្នកបើករថយន្តសេលីកាដែលមិត្តភក្តិនិយាយថា ជាអាណិកជនខ្មែរទើបនឹងមកពីបរទេស ពេលសមត្ថកិច្ចឃាត់នោះបានចាក់សោរថយន្តមិនព្រមឱ្យកូនសោទៅសមត្ថកិច្ចទេ ហើយជិះម៉ូតូចេញពីកន្លែងកើតហេតុបាត់ ។ ទោះជាយ៉ាងណាក្តី រថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក រង់ចាំដោះស្រាយ ៕
ចែករំលែកព័តមាននេះ