រាជធានីភ្នំពេញ ៖ រថយន្ដសេលីកា ពណ៌លឿង បើកបរដោយជនជាតិកូរ៉េ បានបុកគ្នាជាមួយម៉ូតូឌ្រីមសេ១២៥ ពណ៌ក្រហម បណ្ដាលឱ្យកង់ម៉ូតូជាប់ជាមួយកង់រថយន្ដ ចំណែកអ្នកជិះម៉ូតូបែកក្បាលជង្គង់ខាងស្ដាំ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ មីនា នៅចំណុចស្ដុបផ្សារដីហុយ តាមបណ្តោយវិថីសហព័ន្ធរុស្ស៊ីកែងផ្លូវណតប្រ៊ីត ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុរថយន្ដសេលីកា ពណ៌លឿង បើកបរដោយជនជាតិកូរ៉េ ដឹកនារីជនជាតិខ្មែរម្នាក់នៅក្នុងរថយន្ដតាមវិថីសហព័ន្ធរុស្ស៊ី ពីកើតទៅលិច។ ខណៈមកដល់ស្ដុបផ្សារដីហុយរថយន្ដបត់ឆ្វេងទៅផ្លូវណតប្រ៊ីត ស្រាប់តែមានម៉ូតូឌ្រីមសេ១២៥ ពណ៌ក្រហម ជិះគ្នា២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បើកតាមវិថីសហព័ន្ធរុស្ស៊ីដែរ ពីលិចទៅកើត ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យបុកគ្នាចំពីមុខធ្លាក់កាងរថយន្ដ ចំណែកម៉ូតូកៀបជាប់នឹង កង់រថយន្ដមុខខាងស្ដាំបែកក្បាំង និងវៀចខ្នងខាងមុខ។ ឯអ្នកបើកម៉ូតូបែកក្បាលជង្គង់ខាងស្ដាំ ចំណែកនារីជិះពីក្រោយមិនមានរងរបួសទេ។
ជនរងគ្រោះមានឈ្មោះម៉ាគ សារិទ្ធិ ភេទប្រុស អាយុ២៥ឆ្នាំ ជានិស្សិតស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិព្រៃគគីរ ឃំុដងទង់ ស្រុកដងទង់ ខេត្ដកំពត ត្រូវបានគេបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជន។ ឯនារីជិះពីក្រោយឈ្មោះស្រីអូន អាយុ១៩ឆ្នាំ។ ក្រោយពេលកើតហេតុរថយន្ដ និងម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរង់ចាំការដោះស្រាយបន្ដទៀត៕
ចែករំលែកព័តមាននេះ