រាជធានីភ្នំពេញ ៖ រថយន្តម៉ាកស៊ីអ័រវី ពណ៌ខ្មៅ មួយគ្រឿងដែលគេស្គាល់ម្ចាស់ជាកូនប្រុសរបស់លោកឧត្តមសេនីយ៍កងទ័ពជើងគោកម្នាក់ រួមដំណើរជាមួយភរិយាបានបើកបោះពួយចុះច្រាំងទន្លេដែលមានទម្រេលជាង១០ម៉ែត្រងូតទឹកលេង ។ ទោះបីជាយ៉ាងណាពុំមានមនុស្សរងរបួសឡើយ ដោយសារអ្នកស្រុកនាំគ្នាជួយសង្គ្រោះទាញរថយន្តដែលអណ្តែតទឹកចូលខាង ហើយនាំគ្នាវាយបំបែកកញ្ចក់រថយន្តបើកទ្វារទាញយកអ្នកបើកបរ និងអ្នករួមដំណើរចេញ ។
គ្រោះថ្នាក់ចរាចរណ៍បើករថយន្តចុះងូតទឹកនេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៦ កុម្ភៈ នៅមុខផ្ទះជួលលេខ៦៩៩ ភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។ ទាក់ទិនគ្រោះថ្នាក់នេះគេពុំទាន់ដឹងពីមូលហេតុនៅឡើយទេ បើតាមអ្នកបើកបរបានឱ្យដឹងថា បណ្តាលមកពីច្រឡំជាន់ហ្គា ហើយហោះចុះទឹកតែម្តង… ចំណែកអ្នកខ្លះនិយាយលេងសើចថា ប្រហែលជាអ្នកបើកបរក្តៅស្អុះបានជាចុះងូតទឹកបែបនេះ។
តាមព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាកស៊ីអ័រវី ស៊េរីទំនើបមួយគ្រឿងនេះបានមកឈប់ចតមុខផ្ទះជួលលេខ៦៩៩ កន្លែងកើតហេតុខាងលើ ដែលជាផ្ទះប្តីប្រពន្ធពីរនាក់នេះជួលស្នាក់នៅ ។ លុះក្រោយមកប្តីប្រពន្ធ២នាក់បានឡើងជិះរថយន្តជជែកគ្នាដែលខ្លះថា មានទំនាស់ពាក្យសម្តីដាក់គ្នា ស្រាប់តែរថយន្តនោះបើកចេញក្នុងល្បឿនលឿនទាញចង្កូតទៅឆ្វេងដៃឆ្លងផ្លូវហោះចុះច្រាំងទន្លេតែម្តង ៕
ចែករំលែកព័តមាននេះ