យោងទៅតាមប្រភពព័ត៌មានពីគេហទំព័រពីសិល្បៈហូលីវូដចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី២២ មករា ឆ្នាំ២០១២ បានឱ្យដឹងថា ខ្សែភាពយន្តលើកដំបូងដែលដឹកនាំសម្តែង និងនិពន្ធដោយជោលីស្តីអំពីរឿងរ៉ាវស្នេហាក្នុងសម័យកាលសង្គ្រាមរវាងតួអង្គប៉ូលិសស៊ែប៊ី និងជនរងគ្រោះដែលត្រូវនាយប៉ូលិសរូបនោះរំលោភកំពុងរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនស៊ែប៊ី ។ ប្រជាជនស៊ែប៊ីបានធ្វើការរិះគន់ចំពោះខ្សែភាពយន្តនោះដោយលើកឡើងថា ៖ ខ្សែភាពយន្តនេះគឺលំអៀងទៅម្ខាងពោល គឺប្រទេសបូស្នីហើយប្រឆាំងទៅនឹងទស្សនរបស់ប្រជាជនស៊ែប៊ី ។
ខ្សែភាពយន្តដែលមានចំណងជើងថា ៖ «In The Land of Blood and Honey » គឺជាស្នាដៃនិពន្ធដោយនាងជោលីផ្ទាល់ដែលនិយាយរៀបរាប់អំពីសង្គ្រាមបាល់កង់ក្នុងចន្លោះឆ្នាំ១៩៩២-៩៥ ។ ជាមួយនឹងការរិះគន់នេះដែរ អង្គការទាហានជើងចាស់មួយចំនួនក្នុងប្រទេសស៊ែប៊ីបានស្នើឱ្យរដ្ឋាភិបាលហាមឃាត់ខ្សែភាពយន្តនេះ ក៏ប៉ុន្តែត្រូវអាជ្ញាធរច្រានចោល ។
ចំណែកឯយុវជនស៊ែប៊ីមួយចំនួនបានបង្ហោះរូបភាពសិចរបស់ជោលី ដើម្បីជាការប្រឆាំងតវ៉ាមួយទៅនឹងជនល្បីរូបនេះ ជាមួយនឹងការបញ្ចេញយោបល់ជេរប្រមាថជោលីថា៖ ការធ្វើជាស្ត្រីពេស្យាចារមួយថ្ងៃ វានៅតែជាស្ត្រីពេស្យារហូត ។ គួររំលឹកដែរ ក្នុងដំណើរកម្សាន្តរបស់ក្រុមគ្រួសារហូលីវូដ ជោលី-ប្រេតភីត នាងជោលី បាននិពន្ធរឿងរ៉ាវស្នេហាមួយក្នុងសម័យសង្គ្រាមប៊ូស្នី ។ ការថតខ្សែភាពយន្តនេះនាងបានចំណាយទឹកប្រាក់១៣លានដុល្លារ ៕
ចែករំលែកព័តមាននេះ