កម្មវិធីប្រឡងតារាម៉ូដែលអាស៊ីឆ្នាំ២០១២ បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ ដែលប្រារព្ធធ្វើនៅសាលសន្និបាត COEX ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ មករា ឆ្នាំ២០១២ កន្លងមក ។ នេះបើតាមប្រភពពីគេហទំព័រallkpop ចេញផ្សាយថ្ងៃទី១៩ មករា ។
ប្រភពបន្តថា កម្មវិធីនេះឧបត្ថម្ភដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍ ដោយមានការសហការរៀបចំដោយមជ្ឈមណ្ឌលម៉ូដែលអន្តរជាតិ និងផ្សព្វផ្សាយដោយសមាគមម៉ូដែលប្រទេសកូរ៉េខាងត្បូង ហើយនេះជាព្រឹត្តិការណ៍លើកទី៧ហើយដែលក្រសួងបានរៀបចំឡើង ។
ក្នុងកម្មវិធីនេះមានការប្រគល់ពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់តារាអាស៊ី, ពានរង្វាន់តារាប្រជាប្រិយភាព, ពានរង្វាន់តារាចម្រៀងពេញនិយម, ពានរង្វាន់តារាម៉ូដែល,ពានរង្វានច្នៃម៉ូដសម្លៀកបំពាក់,ពានរង្វាន់តារាម៉ូដែលរថយន្ត ព្រមទាំងមានពានរង្វាន់ផ្សេងៗជាច្រើនទៀត ។
ប្រភពបន្តថា បេក្ខជន-បេក្ខនារីដែលចូលរួមក្នុងការប្រកួត គឺមកពីបណ្តាប្រទេសជាច្រើនដូចជា កូរ៉េ ជប៉ុន ចិន ម៉ាឡេស៊ី សិង្ហបុរី ថៃ និងឥណ្ឌូណេស៊ី ជាដើម ។
ក្នុងកម្មវិធីនេះដែរ ពានរង្វាន់តារាម៉ូដែលរថយន្តបានទៅលើបេក្ខនារី Ju Da Ha ជារាជិនីដ៏ស្រស់ស្អាតរបស់ប្រទេសកូរ៉េខាងត្បូង និងពានរង្វាន់តារាម៉ូដែលរថយន្តដែលមានប្រជាប្រិយភាពបំផុតបានទៅលើបេក្ខនារីកូរ៉េខាងត្បូងផងដែរគឺនាង Lee Sung Hwa ។
ដោយឡែកក្រុមតារាចម្រៀងកូរ៉េដែលទទួលបានពានរង្វាន់នាឱកាសនោះដែររួមមាន ក្រុមKARA ក្រុមRainbow ក្រុមA Pink និងក្រុមB2ST ជាដើម ៕











ចែករំលែកព័តមាននេះ