រាជធានីភ្នំពេញ ៖ ប៉ុន្មានឆ្នាំមកនេះគេសង្កេតឃើញភាពយន្តខ្មែរបានធ្លាក់ចុះស្ទើរតែដល់ចំណុចសូន្យនៅពេលរោងភាពយន្តជាច្រើនបានបិទទ្វារហើយរោងភាពយន្តខ្លះក៏ប្តូរឱ្យក្លាយទៅជាក្លឹបកម្សាន្ត ជាភោជនីយដ្ឋាន តែទោះបីជាយ៉ាងណានៅក្នុងអំឡុងចុងឆ្នាំ២០១១ និងដើមឆ្នាំ២០១២នេះ គេសង្កេតឃើញផលិតករមួយចំនួនបានខិតខំផលិតភាពយន្តវីដេអូខ្មែរហើយបានដាក់បញ្ចាំងនៅក្នុងរោងភាពយន្តក្នុងរាជធានីភ្នំពេញ ។ នៅសល់តែបីរោងអាចដាក់បញ្ចាំងភាពយន្តខ្មែរបាននោះគឺ រោងភាពយន្តចេនឡា រោងភាពយន្តលុច្ស និងរោងភាពយន្ត the Cineplex សូរិយា ។
ភាពយន្តដែលជាស្នាដៃផលិតករបានដាក់បញ្ចាំងកន្លងមកនាចុងឆ្នាំ២០១១និងដើមឆ្នាំ២០១២មានរឿង «ព្រាយដែកគោល» រឿង «ព្រលឹងទារមឈូស» រឿង«ឃ្លាតទៅសែនឆ្ងាយ» និងរឿង«កុមារីអាយុ២៥ឆ្នាំ» ។
ជាមួយគ្នានេះដែរផលិតកម្ម SRGBMEDIB បានកំណត់ថា នៅថ្ងៃទី២១ មករា ឆ្នាំ២០១២ នេះនឹងនាំយកវណ្ណកម្មថ្មីរឿង«ស្នេហ៍គ្រាដំបូង»ដែលជាស្នាដៃលើកដំបូងរបស់ខ្លួនដាក់សម្ពោធបញ្ចាំងនៅរោងភាពយន្តចេនឡា ក្រោយក្រុមការងាររបស់ផលិតកម្មបានខិតខំប្រឹងប្រែងថតអស់រយៈពេល៦ខែកន្លងមក ។
លោកម៉ៅ រតនា ចាងហ្វាងផលិតកម្ម SRGBMEDIB បានឱ្យដឹងថា រឿង«ស្នេហ៍គ្រាដំបូង» នេះដំណើរការថតដោយបច្ចេកវិទ្យាទំនើបអ្នកដឹកនាំរឿងមានគំនិតច្នៃប្រឌិតខ្ពស់ធ្វើទៅតាមសេនារីយោរបស់អ្នកនិពន្ធ ដែលមានស្នាដៃក្នុងការនិពន្ធសរសេររឿងបែបមនោសញ្ចេតនានិងកំប្លែង តម្រូវទៅតាមស្រទាប់យុវវ័យសម័យថ្មីចូលចិត្តទស្សនា ។
លោកចាងហ្វាងបន្តថា រឿងស្នេហ៍គ្រាដំបូងដែលជាស្នាដៃលើកទី១នេះមានតារាសម្តែងថ្មីៗវ័យក្មេងស្រស់ស្អាតមានសមត្ថភាពនិងមានទេពកោសល្យសម្តែងបានល្អបំផុតដូច្នេះលោកសង្ឃឹមថានឹងមានការចាប់អាររម្មណ៍ពីប្រិយមិត្តទស្សនិកជនដែលចូលទស្សនាហើយគាំទ្រជាក់ជាមិនខាន ។
លោកចាងហ្វាងផលិតកម្មបានបន្តទៀតថា ដើម្បីចូលរួមលើកស្ទួយវិស័យសិល្បៈភាពយន្តវីដេអូខ្មែរឱ្យនៅបន្តដាក់បញ្ចាំងរោងភាព ហើយមានការរីកចម្រើនឱ្យទស្សនិកជនគាំទ្រចូលទស្សនានោះផលិតកម្មរបស់លោកនឹងបន្តផលិតភាពយន្តថ្មីៗ បន្ទាប់ពីរឿង «ស្នេហ៍គ្រាដំបូងនេះទៀត ។ លោកចាងហ្វាងបន្ថែមថា ភាពយន្តរឿងស្នេហ៍គ្រាដំបូងនេះផលិតឡើងចង់បង្ហាញពីតថភាពសង្គមពិតដែលចម្រុះគ្រប់ជាតិសាសន៍មនុស្សរស់នៅ ហើយក៏បង្ហាញពីមនុស្សដែលមានស្នេហាដំបូង ពិសេសគឺចង់អប់រំដល់យុវវ័យសម័យថ្មីឱ្យចេះគិតគូរបានវែងឆ្ងាយមុនពេលសម្រេចចិត្តប្រឡូកក្នុងរឿងស្នេហា ។
មួយវិញទៀតភាពយន្តរឿង «ស្នេហ៍គ្រាដំបូង» នេះមានគោលបំណងចង់ឱ្យយុវវ័យខិតខំសិក្សារៀនសូត្រ ឱ្យបានច្រើនហើយយល់ពីអត្ថន័យពាក្យថា «ស្នេហា » ផងដែរ ៕
ចែករំលែកព័តមាននេះ