ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុខ អួច​ឧត្តម តំណក់​ឈាម​សិល្បៈ​សៀករហស្ស​កម្ម​បន្ត​វេនពី​ឪពុកម្តាយ

14 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​យុវជន​សុខ អួច​ឧត្ត​ម​ អាយុ​១៧ឆ្នាំ ជាសិស្ស​នៅ​វិទ្យា​ល័យ​ទួល​ទំពូង​ ​មាន​និស្ស័យ​ស្រឡាញ់​សៀក​រហស្ស​ក​ម្ម​ដូច​ ឪពុក​ឈ្មោះ​សុខ សំអុល​ ហៅ​នាយសូឡូ ​និង​ម្តាយ​​ឈ្មោះ​អួច ផល្លា​ ​ដែរ ។ ឧត្ត​ម​សព្វ​ថ្ងៃ​កំពុង​រស់​នៅ​ក្នុង​ភូមិ​សន្សំ​កុសល​៤ សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ​ ​​មាន​បង​ប្អូន​២​នាក់ គឺ​រូបគេ​និង​បង​​ប្រុស​ម្នាក់​ទៀត ។

យុវជន​សុខ អួច​ឧត្ត​ម​ឱ្យ​​​ដឹង​ថា ដោយ​សារ​ឪពុក​ម្តាយ​​​ជា​អ្នក​សិល្បៈ​សៀក​ ​នៅ​ពេល​គេ​មាន​​អាយុ​​​៤​ឆ្នាំ​មាន​និស្ស័យ​ស្រឡាញ់​សិល្បៈ​នេះ​ តាម​ឪពុក​ម្តាយ​​ ដែរ ។ នៅ​​អាយុ​​​៨​ឆ្នាំ​ គេ​បាន​ហ្វឹក​ហាត​​់​ជា​មួយ​ឪពុក​ម្តាយ​ ​ដោយ​យក​ចិត្ត​ទុក​ដាក់​ ​បំផុត។ ​​ដំបូង​ឡើយ​គេ​ហាត់​ជិះ​កង់​មួយ​អត់​តួ​និង​​ហាត់​បោះ​កូន​បាល់​ច្រើន​ រួម​ទាំង​ហាត់​បោះ​ចាន​ បោះ​មួក​​ជា​ដើម ។

ក្រោយ​ពី​ហ្វឹត​ហាត់​ជា​មួយ​ឪពុក​ម្តាយ​ និង​មិត្ត​ភក្តិ​មួយ​ចំនួន​ដែល​មក​ហាត់​ជា​មួយ​ឪពុក​ម្តាយ​​​​​រយៈ​ពេល​៤​ឆ្នាំ​​ មក ឧត្តម​ បាន​ចេញ​សម្តែង​​​​​ជូន​ប្រិយ​មិត្ត​ទស្សនា​នៅ​លើ​​ឆាក​ប្រគំ​តន្ត្រី​ផ្សេង​ៗ​តាម​ស្ថានីយ​ទូរ​ទស្សន៍​និង​នៅ​តាម​កម្ម​វិធី​មហោ​ស្រព​ជាតិ និង​បុណ្យ​ជា​តិ​ផ្សេង​ៗ​នៅ​ក្នុង​​រាជ​ធានី​ភ្នំ​ពេញ​ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​​ ។

យុវជន​​​ឧត្ត​​​ម​ ឱ្យដឹងថា កន្លង​មក​គេ​ធ្លាប់​​​ឡើង​​សម្តែង​បង្ហាញ​ទេព​កោសល្យ​​នៅ​លើ​ឆាក​ប្រគំតន្ត្រី​តាម​ស្ថានីយទូរ​ទស្សន៍​​នានា​គ្រប់​កម្ម​វិធី​គ្រប់​បុ៉ស្តិ៍​ទាំង​អស់ ។ ជាក់​ស្តែង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៨ មករា និង​កាល​ពី​ថ្ងៃ​​សៅរ៍​ទី​១៤ មករា ឆ្នាំ​​២០១២ ​​គេ​បាន​សម្តែង​ជូន​ប្រិយ​មិត្ត​ទស្សនិកជន​​​ទស្សនា​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​នៃ​ស្ថានី​យ​ទូរ​ទស្សន៍​​អប្ស​រា​ប៉ុស្តិ៍​លេខ​១១ និង​ស្ថានី​យ​ទូរ​ទស្សន៍​ CTN ។

សព្វ​ថ្ងៃ​ក្រៅ​ពី​​​​ខិត​ខំ​សិក្សា​រៀន​សូត្រ​ចំណេះ​ទូទៅ​នៅ​សាលា​ ពេ​ល​ទំនេ​រ​ឧត្ត​ម​បាន​បន្ត​ហ្វឹក​ហាត់​សម្តែង​សៀក​រហស្ស​កម្មប្រា​ថ្នា​បន្ត​វេន​ពី​ឪពុក​ម្តាយ​ ដែល​កំពុង​បើក​ក្លឹប​បង្ហាត់កុមារ​កំព្រា​នូវ​វិជ្ជា​ថ្ពឹន​ភ្នែក​ ឬ​ហៅ​ថា​សៀក​រហស្ស​កម្ម​រហ័ស​​ដៃ​និង​ល្បិច​ផ្សេង​ៗដូច​ជា​សម្តែង​រៀប​បៀ​ សម្តែង​ជប​ផ្កា សម្តែង​ជបសត្វ​ព្រាប ​និង​វគ្គ​ផ្សេងៗ ទៀត​ដែល​ឪពុក​ម្តាយ​ធ្លាប់​ហ្វឹត​ហាត់​រៀន​នៅ​ប្រទេស​រុស្ស៊ី​​ ។ ​ពេល​នេះ​ ឪពុក​ម្តាយ​របស់​គេ​កំពុង​តែ​​ចែករំ​លែក​ចំណេះ​​ឱ្យ​​​កុមារ​កំព្រា​ក្រី​ក្រ​ និង​រូប​គេ​ជា​កូន​ ដើម្បី​បន្ត​ថែរ​ក្សា​សិល្បៈ​សៀក​​កុំ​ឱ្យ​បាត់​បង់​​ ។​ យុវជន​ឧត្តម​ ក៏​ចេះ​សម្តែង​សៀក​បែប​កំ​ប្លែង​ផង​ដែរ​ ដូច្នេះ​ហើយ​គេ​រំពឹង​ថា នឹង​អាច​បន្ត​វេន​ពី​ឪពុក​ម្តាយបាន ៕