ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូន​ប្រុស​​ខេម​រៈ ​​សិ​រី​មន្ត​​ ចេញ​មុខ​​ប​ដិ​សេធ​​ព័ត៌​មាន​​ថា បង​ប្រុស​មាន​ប្រ​ពន្ធ​ និង​កូន​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ​ដើម​ឆ្នាំ​២០១២ ​នេះ​អ្នក​​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​​​​​បាន​​ឮ​​ពាក្យ​ច​​​ចា​អារ៉ាម​​​​ថា ​តារា​​​ចម្រៀង​​ប្រ​ចាំ​ផលិត​កម្ម​​សាន់​ដេ​ ​ខេម​រៈ សិរី​មន្ត​​ លួច​រៀប​ការ​ស្ងាត់​​ៗរយៈ​ពេល​៣​ឆ្នាំ​​មក​ហើយ​ ​និង​មាន​កូន​ម្នាក់​​ ។ យើង​បាន​ទូរ​ស័ព្ទ​ទៅ​ជួប​លោក​ខេមរៈ ​ភារុណ ​ជា​អ្នក​និ​ពន្ធ​​បទ​ចម្រៀង​ឱ្យ​ប្អូនប្រុស​ គឺ​លោក​ខេម​រៈ សិរី​មន្ត​ ​ច្រៀង​​​ទាក់​ទិន​​ពាក្យ​ច​ចាម​អារ៉ាម​នោះ​ ។ លោក​​ខេម​រៈ ភារុណ ​ឆ្លើយ​យ៉ាង​ខ្លី​ថា ​«សិរី​មន្ត​ មិន​ទាន់​មាន​​​​​ប្រ​ពន្ធ​ ឬ​កូនទេ​» ។ ​​ម​ហា​ជន​​តែង​តែ​ឆ្ងល់​ថា ​តើ​ហេតុ​អ្វី​​​​បាន​ជា​តារា​​​ចម្រៀង​​​​មាន​ប្រ​ពន្ធ​ កូន ឬ​មាន​​​​ប្តី​ និង​កូន ​បែរ​ជា​លាក់​​ទស្ស​និក​ជន​​​ទៅ​វិញ ? តើ​គេ​ខ្លាច​បាត់​បង់អាជីព​​ ឬ​បាត់​បង់​​​ប្រ​ជា​ប្រិយ​ភាព​ ?​ ចុះ​តារា​​​ចម្រៀង​ជើង​ចាស់​ដូច​ជា​ លោក​​សុខ សា​ខន លោក​​ហួរ ឡា​វី ​លោក​ណូយ វ៉ាន់​ណេត ​អ្នក​នាង​​ម៉េង កែវ​ពេជ្ជ​​តា អ្នក​ស្រី​ហ៊ឹម ស៊ី​វន ​ជា​ដើម​សុទ្ធ​សឹង​ ​តែមាន​ប្រ​ពន្ធ​​​មាន​ប្តី និង​កូន ហេតុ​អ្វី​​​ពួក​គាត់​មិន​​លាក់​​បាំង​ ហើយ​​​នៅ​តែ​ល្បីឈ្មោះ​ ។

ពាក្យ​ចចាម​អារ៉ាម​​​ទាក់​ទិន​លោក​ខេម​រៈ សិរី​មន្ត​ ​​ថា ក្រោយ​ពី​​លោក​រៀប​​ការ កា​ល​ពី​ឆ្នាំ​២០០៩ ដោយ​ស្ងៀម​​ស្ងាត់​​​មក​ គឺ​លោក​​រស់​នៅ​ក្នុង​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹម​ស្កៃ​មួយ​នៅ​ខាង​លិច​​វត្ត​សំរោង​​អណ្តែតទល់​មុខ​​សួន​កម្សាន្ត​​ចម្ការ​ព្រីង​​ ហើយ​ក្រោយ​ពី​ថត​ភាព​យន្ត​រឿង «​ព្រាយ​ដែក​គោល» ​ចប់​​​ពេល​កំពុង​ដាក់​បញ្ចាំង​​​កាល​ពី​ចុង​ឆ្នាំ​២០១១ ប្រ​ពន្ធ​​របស់​លោក​​ឆ្លង​ទន្លេ​​​បាន​កូន​មួយ ប៉ុន្តែ​​​​ពុំ​​​ដឹង​ថា ​កូន​ប្រុស​ ឬ​​ក៏​ស្រី​​ទេ ។ ​​ទោះ​​ជា​យ៉ាង​ណា​​​ក្តី​ លោក​ខេម​រៈ ​ភារុណ​ ជា​បង​ប្រុស​​​ប​ដិ​សេធ​​​ថា «​ខេម​រៈ សិរី​មន្ត គ្មាន​​ប្រ​ពន្ធ ឬ​កូន​នោះ​ទេ​» ។

លោក​ខេម​រៈ សិរី​មន្ត ដែល​ឆ្នាំ​នេះ​មាន​អាយុ​២៧​​ឆ្នាំ ​ដំ​បូង​​ប្រ​ឡង​ជាប់​ក្នុង​កម្ម​វិធី​​ណេស​ត្លេ​នៅ​​ស្ថានី​យ​ទូរទស្ស​ន៍​ប៉ុស្តិ៍​លេខ​៣ ​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ។ ក្រោយមក​​នៅឆ្នាំ​២០០៤ ​ដដែល​​លោក​ទៅ​សុំ​​ផលិត​កម្ម​យូ​ធូ​ច្រៀង តែ​ថៅ​​កែ​មិនឱ្យ​​ទេ ព្រោះ​​ពុំ​ទាន់​មាន​​​​ទឹក​ដម​សំឡេង​​ល្អ​ ។ ពេល​នោះអ្នក​កា​សែត​ ដែលជា​អ្នក​​​ជិត​ស្និទ្ធ​​​​​នឹង​ថៅ​​កែ​យូ​ធូ មាន​ការ​អាណិត​អា​សូ​​រសិរីមន្ត​ ​ក៏​ជួយ​សុំ​ថៅ​កែ​ឱ្យ​បាន​ហ្វឹក​ហាត់​រៀន និង​ធ្វើ​ការ​នៅ​យូ​ធូ​​​ ។ រហូត​ដល់​ពេល​ល្បី​គេ​​​ចាក​ចេញ​ពី​យូ​ធូ​ ​ទៅ​កាន់​​​សាន់​ដេ​​ ហើយ​តែង​តែ​​មិន​ឱ្យ​អ្នក​កា​សែត​​​សម្ភាស​​ផ្ទាល់​​ទេ គឺ​​ឱ្យ​ជួប​តែ​ប​ង​ប្រុស​​
ខេម​រៈ ភារុណ​​ ។ កាល​ពី​សិរី​មន្ត​ មិន​ទាន់​ល្បី​​​​សុំ​ឱ្យ​អ្នក​កា​សែត​​ជួយ​នោះ​ គេ​​មិន​ដែល​ឃើញ​មុខ​លោក​ខេមរៈ ភារុណ ​​ទេ ។

គេ​ថា​ រឿង​​អាថ៌​កំ​បាំង​ផ្ទាល់​​​ខ្លួន​​លាក់​គេ​​បាន តែ​​មិនអាច​លាក់​ខ្លួន​ឯង​បាន​ទេ ​ហើយ​មុន​និង​​ក្រោយ​គង់​​តែ​គេ​ដឹង​ ដូច្នេះ​​បើ​លោក​​​​ខេម​រៈ សិរី​មន្ត​​មាន​ប្រ​ពន្ធ និង​កូន​​​មែន ហើយ​ចង់​លាក់​​មហា​ជន​​នោះ​ យូរ​ និង​ឆាប់​​គង់តែ​បែក​ធ្លាយ​​មិន​ខាន​ ម្យ៉ាង​ទំនង​​ជា​​​លាក់​​អ្នក​ជិត​​ខាង​មិន​បាន​​ទេ  ៕