ខេត្តកំពត ៖ រថយន្តទួរីស២គ្រឿង មានមនុស្ស៣នាក់ គឺប្តីប្រពន្ធ និងប្អូនប្រុស ដែលបានទទួលទិញខោអាវពីក្រុមហ៊ុនចិន និងខោអាវដេរ ក្នុងស្រុកដឹកមកលក់នៅក្រុងកំពត និងខេត្តព្រះសីហនុ ត្រូវសមត្ថកិច្ចគយចល័តនៃសាខាគយ និងរដ្ឋាករខេត្ត ចាប់បញ្ជូនមកកាន់ទីស្នាក់ការសាខាគយ និងរដ្ឋាករខេត្ត ដើម្បីត្រួតពិនិត្យ និងធ្វើការផាកពិន័យដោយចោទ ប្រកាន់ថា ខោអាវទាំងនោះជាខោអាវនាំចូលពីក្រៅគេចពន្ធ។ ខោអាវដែលសមត្ថកិច្ចប្រមូលចេញពីរថយន្តមកថ្លឹង ដើម្បីបង់ផាកពិន័យនោះមានខោទ្រនាប់ស្ត្រី-បុរស និងអាវទ្រនាប់។ ប៉ុន្តែការផាកពិន័យនេះតែលើខោអាវដែលនាំចូលពីក្រៅទេ ដោយមន្ត្រីគយចាត់ទុកថា ខោអាវនេះលួចចូលតាមរយៈក្រុមហ៊ុន ដោយគេចពីការបង់ពន្ធ រីឯខោអាវមួយរថយន្តជាខោអាវដេរ ក្នុងស្រុកសមត្ថកិច្ចគយពុំបានផាកពិន័យទេ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី១១ កញ្ញា នៅក្នុងផ្សារក្រុងកំពត។ លោកសៅ លឿម អាយុ៣៤ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះឃ្លាំង សោភ័ណ អាយុ៣៣ឆ្នាំ រស់នៅភូមិចំបក់មាស ឃុំបាក់ខែង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលជាម្ចាស់រថយន្តលក់ខោអាវខាងលើ បានឱ្យកោះសន្តិភាពដឹងថា ខោអាវនេះ ពួកគាត់បានទទួលទិញពីក្រុមហ៊ុនចិន ដើម្បីដឹកទៅលក់តាមខេត្ត-ក្រុងមួយចំនួនដូចជាខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ និងខេត្តកំពត។ ខោអាវដែលខ្លួនទិញពីក្រុមហ៊ុននោះបានសុំលិខិតពន្ធពីក្រុមហ៊ុនដែរ ប៉ុន្តែត្រូវបុគ្គលិកក្រុមហ៊ុនលក់ខោអាវចិននេះប្រាប់ថា អតិថិជនទិញ បន្តិចបន្តួចក្រុមហ៊ុនមិនអាចចេញលិខិតពន្ធឱ្យទេ ពីព្រោះការនាំទំនិញចូលនេះក្រុមហ៊ុនបានបង់ពន្ធស្របច្បាប់រួចហើយ។
ទោះបីជាបែបណា មន្ត្រីគយមួយរូបបានឱ្យដឹងថា ទំនិញទាំងអស់ដែលត្រូវបានឃាត់នេះ សុទ្ធតែទំនិញគេចពន្ធពីច្រកនាំចូល។ មន្ត្រីរូបនោះបានបន្តថា បើទំនិញណាដែលនាំចូលស្របច្បាប់ គឺគយមានបិទតែមពន្ធនៅលើទំនិញនោះ តែបើអត់បិទតែមទេ ទំនិញនោះត្រូវចាត់ទុកថា ជាទំនិញគេចពន្ធ ។ នេះចំពោះទំនិញដែលឆ្លងដែនចូលមកក្នុងស្រុក។ លោកញ៉ែត ដារ៉ា មន្ត្រីគយចល័តបានឱ្យដឹងថា ទំនិញដែលគយចាប់យកមកត្រួតពិនិត្យឱ្យបង់ពន្ធនេះ ជាប្រភេទខោលីអូ និងអាវទ្រនាប់ស្ត្រី ដែលនាំមកពីក្រុមហ៊ុនចិន ហើយទំនិញទាំងនេះមានទម្ងន់សរុប៦៤១គីឡូក្រាម។ លោកសៅ លឿម ម្ចាស់ទំនិញបានឱ្យដឹងថា គាត់បានដេកចាំរថយន្តនៅទីស្នាក់ការគយមួយយប់ទៅហើយ ។ លុះមកដល់ព្រឹកថ្ងៃទី១២ កញ្ញា វេលាម៉ោង៨និង៣០នាទីក៏ពុំទាន់បានដោះស្រាយរួចនៅឡើយ ដោយសារគយបង្គាប់ឱ្យបង់ប្រាក់ពិន័យពន្ធចំនួន៩លាន៩៩ម៉ឺននិង៩ពាន់រៀល។ រីឯរថយន្ត២គ្រឿងបង់ក្បាលរថយន្តមួយគ្រឿង២០០ដុល្លារបន្ថែមទៀត។
លោកសៅ លឿម ម្ចាស់រថយន្ត និងទំនិញនិយាយថា បើគយចាប់ឱ្យបង់ពន្ធច្រើនលើសទំនិញដែលទិញពីក្រុមហ៊ុនច្រើនទ្វេដងយ៉ាងនេះ ខ្លួនគ្មានលទ្ធភាពរកប្រាក់បង់ទេ មានតែសំណូមពរ ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករខេត្តមេត្តាយោគយល់ខ្លះ ចំពោះអាជីវករតូចតាចទៅទិញទំនិញសម្រាប់សេវាកម្មទិញ-លក់បន្តនៅក្នុងស្រុក ៕
ចែករំលែកព័តមាននេះ