ខេត្តតាកែវ ៖ ទោះបីនាប៉ុន្មានថ្ងៃនេះមានភ្លៀងខ្លាំងនិងមានការលិចលង់កន្លែងខ្លះក្តី ក៏នៅខេត្តតាកែវមិនទាន់មានក្តីបារម្ភអំពីទឹកជំនន់លិចផ្លូវជាតិឬក៏ភូមិឋានរបស់ប្រជាពលរដ្ឋឡើយ ប៉ុន្តែរយៈពេល២-៣ថ្ងៃកន្លងមកនេះ សន្ទុះទឹកទន្លេនិងទឹកបឹងតាកែវគឺឡើងខ្លាំង ។
លោកអ៊ុំ អួក ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា នៅពេលនេះយើងមិនទាន់មានបញ្ហាអ្វីឡើយទាំងផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ កម្ពស់ទឹកនៅទាបជាងថ្នល់នៅឡើយ ហើយលោកក៏បានចាត់មន្ត្រីជំនាញឱ្យចុះទៅពិនិត្យ ជាប្រចាំនៅតាមបណ្តោយផ្លូវជាតិទាំង២ ។ មកដល់ថ្ងៃទី២៨ សីហា ទឹកនៅទំនប់ខ្ពបត្របែកស្រកបន្តិចហើយ ឯទឹកក៏មិនទាន់លិចខូចខាតស្រូវប្រជាពលរដ្ឋនៅឡើយដែរ តែទោះជាយ៉ាងណាយើងនៅតែចុះពិនិត្យតាមដានជាប់ជានិច្ច។
លោកប្រធានមន្ទីរបានបន្តទៀតថា សម្រាប់ផ្លូវជាតិលេខ៣ ស្ពានមុខទឹកដែលអាចហូរផុតរំដោះទឹកជំនន់លិចផ្លូវបាននោះមានស្ពានស្លាគូ និងស្ពានត្រពាំងឃ្លោក បើទឹកមិនជន់ខ្លាំងទេ ស្ពានទាំងនេះអាចរំដោះទឹកបានមិនមានបញ្ហាដល់ផ្លូវទេ ។ ចំណែកផ្លូវជាតិលេខ២វិញ កំណាត់ផ្លូវដែលជន់លិចកាលពីឆ្នាំមុនស្ថិតនៅឃុំពត់ស ស្រុកបាទី ប្រវែងជាង១.០០០ម៉ែត្រនោះ មកដល់ថ្ងៃនេះមិនមានបញ្ហាអ្វីឡើយ ប្រជាពលរដ្ឋភ្ជួររាស់ដកស្ទូងជាធម្មតា តែនៅថ្ងៃខាងមុខយើងមិនអាចនិយាយបានទេ ព្រោះខេត្តផ្សេងខ្លះបានជន់លិចជាបណ្តើរៗហើយ ។ ចំណុចសំខាន់ដែលយើងត្រូវប្រយ័ត្នគឺដាក់កម្លាំងពិនិត្យតាមដានស្ថានភាពទឹកជានិច្ចនៅតាមបណ្តោយផ្លូវជាតិទាំង២ខ្សែ កុំឱ្យទឹកជន់លិចផ្លូវហើយអត់ដឹងនោះ ។
លោកប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា នៅថ្ងៃទី២៨ សីហា លោកបានឱ្យមន្ត្រីយកគ្រឿងចក្រទៅកាយផ្លូវវាងស្ពានអូរថាន ដែលរថយន្តធុនធ្ងន់២គ្រឿងធ្វើឱ្យបាក់កាលពីខែមុនតាមផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំសំរោង ស្រុកសំរោង ដោយសារកម្លាំងទឹកបានហូរកួចដើម្បីកាយបើកផ្លូវឱ្យទឹកហូរបញ្ចៀសការលិចផ្លូវ៕
ចែករំលែកព័តមាននេះ