ខេត្តកំពត ៖ រថយន្តកូរ៉េមួយគ្រឿងគ្មានស្លាកលេខ ដឹកឈើចេញពីឧទ្យានជាតិព្រះមុនីវង្សបូកគោ បានត្រូវមន្ត្រីឈូងសមុទ្រប្រចាំខេត្តកំពត ស្ទាក់ចាប់នៅលើផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ សីហា ។ មិនមានប្រភពព័ត៌មានលម្អិតអំពីកម្លាំងប្រដាប់អាវុធចាប់រថយន្តដឹកឈើចូលក្រុងកំពតនេះទេ ប៉ុន្តែបើតាមព័ត៌មានខ្លះថា មានរថយន្ត២គ្រឿងជាក្រុមអធិការដ្ឋានឈូងសមុទ្រកូនចៅរបស់លោក ជ វ៉ាងលី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឈូក ជាអ្នករៀបចំកម្លាំងនេះឡើង ។
ចំណែកម្ចាស់រថយន្តឈ្មោះឆាយ មិនបាននិយាយ អ្វីច្រើនទេ ទោះបីសមត្ថកិច្ចចាប់យករថយន្តក៏ដោយ គឺគ្រាន់តែនិយាយថា ពេលកម្លាំងសមត្ថកិច្ចចាប់ហើយក៏យករថយន្តទៅចតចោលនៅជើងភ្នំបូកគោ រីឯមន្ត្រីរដ្ឋបាលព្រៃឈើទើបតែបានទទួលរថយន្តដឹកឈើនេះនៅវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ សីហា ។ បើតាមដឹងនៅវេលារំលងអធ្រាត្រនោះ មានកម្លាំងប្រដាប់អាវុធដែលគេអះអាងថា ជាក្រុមសមត្ថកិច្ចឈូងសមុទ្រជាអ្នកចាប់ ហើយទំនងជាចរចាគ្នារឿងលុយកាក់មិនត្រូវទើបក្រុមនេះបើករថយន្តយកទៅលាក់ទុកនៅជើងភ្នំបូកគោ តែដោយបែកការណ៍ទើបលោកគង់ ពុទ្ធារ៉ា នាយរងអធិការដ្ឋានឈូងសមុទ្រចេញមុខមកនាំរថយន្តដឹកឈើនេះមកកាន់ទីស្នាក់ការរដ្ឋបាលព្រៃឈើខេត្ត ។
មន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ឈើនេះអាចដឹកចេញពីជួរភ្នំឧទ្យានជាតិតែមិនមានឈើលេខ១ទេ ហើយតាមការវាស់វែងគឺមានចំនួន៣ម៉ែត្រគូប ។ លោកហេង វន្ថា អភិបាលរងខេត្ត បានមានប្រសាសន៍ថា កម្លាំងឈូងសមុទ្រមាននៅក្នុងភូមិសាស្ត្រខេត្តកំពត ប៉ុន្តែលោកមិនដឹងថាក្រុមដែលចាប់នោះមកពីខាងណាខ្លះទេ ។ ជារឿយៗគេបានសម្គាល់ឃើញថា ឱ្យតែមានបញ្ហាអ្វីកើតឡើងអ្នកទទួលខុសត្រូវស្ថាប័នពាក់ព័ន្ធតែងតែធ្វើការបដិសេធថាមិនមែនជាកម្លាំងរបស់ខ្លួនទេ ដូច្នេះធ្វើឱ្យគេសន្និដ្ឋានថា អ្នកស្ទាក់ចាប់រថយន្តដឹកឈើនេះជាកម្លាំងក្រុមចោរព្រៃហើយសមត្ថកិច្ចគួរតែស្វែងរកចាប់ខ្លួន៕
ចែករំលែកព័តមាននេះ