រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៦ មេសា ២០១១ លោកស៊ុវីត ឃុនគិទី រដ្ឋមន្ត្រីបរិស្ថាន និងធនធានធម្មជាតិថៃ បានលើកឡើងថា «អង្គ ការយូណេស្កូគួរតែទទួលខុសត្រូវ ពីព្រោះការចុះ បញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក បានបណ្តាលឱ្យមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ»។ ក្រុមអ្នកតាមដានរឿងជម្លោះព្រំដែនរវាងកម្ពុជា-សៀមបានលើកជាសំណួរថា មុននឹងហ៊ានបន្ទោសអង្គការយូណេស្កូ តើភាគីសៀមមានលិខិតបទដ្ឋានត្រឹមត្រូវ មានទឡ្ហីករណ៍ មានអត្តសញ្ញាណច្បាប់ប្រាកដប្រជាដែរទេ ដើម្បីបញ្ជាក់ថា ប្រាសាទព្រះវិហារជារបស់ខ្លួន ហើយមកប្រទាញប្រទង់ដណ្តើមកម្ពុជា និងប្រឆាំងអង្គការយូណេស្កូបែបនេះ?
ការសម្រេចទទួលយកប្រាសាទព្រះវិហាររបស់កម្ពុជាចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ គឺដោយសំអាងថា ប្រាសាទនេះស្ថិតក្នុងអធិបតេយ្យភាពនៃប្រទេសកម្ពុជា ជាបុព្វសិទ្ធិរបស់ប្រទេសកម្ពុជា មានទឡ្ហីករណ៍ និងអត្តសញ្ញាណច្បាប់ត្រឹមត្រូវ ជាពិសេសផែនទីសន្ធិសញ្ញាឆ្នាំ១៩០៧-១៩០៨ និងស្រាលក្រមតុលាការយុត្តិធម៌អន្តរជាតិ ។ ដូច្នេះតើមានហេតុផលអ្វីដែលសៀមលើកឡើងថា ការចុះបញ្ជីប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនាំឱ្យមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកម្ពុជា-ថៃ? តាមពិតខ្លួនឯង (សៀម) ព្រហើនថ្លើមដុះមមីស ហ៊ានគូរផែនទីដោយឯកតោភាគីវាតទីរំលោភយកទឹកដីនៃប្រទេសកម្ពុជា បង្កឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពានទឹកដីកម្ពុជា បណ្តាលឱ្យមនុស្សស្លាប់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ ។ សៀមមិនអាចយកការចុះបញ្ជីបេតិកភណ្ឌពិភពលោកនៃប្រាសាទព្រះវិហារ និងផែនទីឯកតោភាគីមកវាយប្រហារដោយចុងអាវុធឈ្លានពានកម្ពុជាបានឡើយ ។ ដូច្នេះអន្តរជាតិគួរតែចាប់បង្ខំសៀមឱ្យទទួលខុសត្រូវចំពោះការខូចខាតដែលកើតមានលើប្រាសាទព្រះវិហារ និងតាមតំបន់ព្រំដែនកម្ពុជា-សៀមជាច្រើនទៀត ។
ជាមួយនេះ គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកបានអំពាវនាវ និងសម្តែងនូវក្តីកង្វល់ដ៏ធំធេងចំពោះសេចក្តីថ្លែងការណ៍របស់លោកស៊ុវីត ឃុនគិទី ក្នុងនាមជាប្រធានគណៈប្រតិភូថៃនៅក្នុងគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលមានគោលបំណងធ្វើឱ្យអាប់អោននូវកិត្យានុភាពទូទាំងពិភពលោករបស់អង្គការយូណេស្កូ ហើយសូមឱ្យអន្តរជាតិជួយចាត់វិធានការចំពោះការកេងបន្លំបង្កឱ្យមានគ្រោះថ្នាក់នេះ៕
ចែករំលែកព័តមាននេះ