រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៨ មេសា ២០១១ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ពាក្យស្នើទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីសុំឱ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ របស់តុលាការនេះ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ ។ ការដាក់ពាក្យស្នើសុំនេះ គឺដោយសារតែមានការឈ្លានពានដោយអាវុធពីសំណាក់ប្រទេសថៃ ដើម្បីដណ្តើមទាមទារយកទឹកដីកម្ពុជា ដោយផ្អែកទៅតាមផែនទីឯកតោភាគីរបស់គេដែលគ្មានមូលដ្ឋានច្បាប់អ្វីសោះ ។
បន្ទាប់មកទៀត រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ពាក្យស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិចាត់វិធានការបន្ទាន់ (Conservatory Measure) ដោយយោងទៅលើការឈ្លានពានដោយចេតនាម្តងហើយម្តងទៀត របស់កម្លាំងប្រដាប់អាវុធប្រទេសថៃ មកលើទឹកដីកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិធានការបន្ទាន់នេះ ជាការចាំបាច់ចៀសពុំបាន ដើម្បីឱ្យមានការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍រវាងប្រទេសទាំងពីរបញ្ឈប់ការបាត់បង់ជីវិតមនុស្ស ព្រមទាំងថែរក្សាប្រាសាទរបស់កម្ពុជាឱ្យផុតពីការខូចខាតធ្ងន់ធ្ងរ រហូតដល់មានការបកស្រាយសាលក្រមតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ រួចហើយជាស្ថាពរ ដោយតុលាការយុត្តិធម៌អន្តរជាតិ ។
ដោយសារតែប្រទេសថៃចេះតែបន្តឈ្លានពានដោយអាវុធម្តងហើយម្តងទៀត មកលើទឹកដីកម្ពុជា បានជារាជរដ្ឋាភិបាលកម្ពុជាយល់ថា ការបកស្រាយសាលក្រមតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ គឺជាការចាំបាច់បំផុតដើម្បីដោះស្រាយដោយសន្តិវិធី និងជាស្ថាពរ នូវបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ នៅតំបន់ប្រាសាទព្រះវិហារ ៕
ចែករំលែកព័តមាននេះ