ខេត្តឧត្តរមានជ័យ ៖ ខណៈសង្គ្រាមរវាងកម្ពុជា និងសៀមកើតឡើងនៅឯព្រំដែនយ៉ាងតានតឹង ហើយការប៉ុនប៉ងវាយកាន់កាប់តំបន់ប្រាសាទតាមាន់ធំ និងតំបន់ប្រាសាទតាក្របី របស់សៀម មិនទាន់ទទួលបានលទ្ធផលនោះ គេបានប្រើនូវមធ្យោបាយចារកម្មជាបន្ថែមទៀត ដោយឱ្យមនុស្សច្រើននាក់ក្លែងខ្លួនចូលមកស៊ើបការណ៍នៅជំរំយោធារបស់កម្ពុជា រួចហើយគេនឹងបាញ់ផ្លោងកម្ទេចតែម្តង ប៉ុន្តែត្រូវបរាជ័យ ដោយទាហានកម្ពុជាចាប់អ្នកចារកម្មទាំងនោះបាន៤នាក់ គឺប្រុស២នាក់ ស្រី២នាក់ និងឆ្កែមួយក្បាលទៀតផង កាលពីថ្ងៃទី២៣ និងថ្ងៃទី២៤ មេសា ២០១១ នៅឃុំគោកមន ស្រុកបន្ទាយអម្ពិល។
ចារនារីសៀម២នាក់ដែលចាប់ខ្លួននេះគឺនៅថ្ងៃទី២៣ មេសា ២០១១ ពួកនាងបានក្លែងខ្លួនជាមនុស្សឆ្កួត ស្លៀកតែខោលីអូ ដែលមើលទៅស្ទើរដូចស្រាត ដើរឡេឡឺ នៅក្បែរមូលដ្ឋានយោធារបស់កម្ពុជា និយាយរវើរវាយមិនច្បាស់លាស់ ដើម្បីបំភ័ន្តភ្នែកទាហានកម្ពុជា…ប៉ុន្តែពេលពួកនាងចេញផុតបន្តិច ស្រាប់តែគ្រាប់ផ្លោងរបស់ទាហានសៀមជាច្រើនគ្រាប់ធ្លាក់ត្រូវប្រផិតៗជំរំយោធានេះតែម្តង…ដោយមានការសង្ស័យក្រុមទាហានកម្ពុជាក៏ចេញស្វែងរកនារីឆ្កួត២នាក់នោះ ហើយចាប់ខ្លួនបានភ្លាមៗតែម្តង ។ ពេលឆែកឆេររកឃើញថា ពួកនាងមានពាក់ចិញ្ចៀនបង្កប់ដោយកាមេរ៉ាស្វ័យប្រវត្តិជាប់នឹងដៃ ។
នៅថ្ងៃទី២៤ មេសា ២០១១ ជនសង្ស័យជាចារកម្មបុរស២នាក់ទៀតជាជនជាតិខ្មែរ ប៉ុន្តែចេះភាសាថៃច្បាស់លាស់ និងជាអ្នករកស៊ីឈើគ្រញូងជាមួយឈ្មួញថៃទៀតផងនោះ បានក្លែងខ្លួនជាអ្នកសុំទានដើរចូលក្នុងមូលដ្ឋានកងទ័ពកម្ពុជាធ្វើជាសុំទឹកត្រី អំបិល ប៊ីចេង សុំអង្ករ និងសុំនេះសុំនោះពីទាហាន…បុរសសុំទាន២នាក់នេះចេញផុតបន្តិច ស្រាប់តែគ្រាប់ផ្លោងរបស់ទាហានសៀមជាច្រើនគ្រាប់ (ពីរថ្ងៃសរុបជាង៦០គ្រាប់) ធ្លាក់ប្រផិតៗមូលដ្ឋានខ្លះ និងក្បែរមូលដ្ឋានខ្លះបង្កឱ្យមានការភ្ញាក់ផ្អើលតែម្តង ។ ដោយសង្ស័យពីសកម្មភាពផ្សេងៗរបស់ពួកគេ ក៏ត្រូវទាហានកម្ពុជាតាមស្វែងរកចាប់ខ្លួនបានភ្លាមៗមកវិញ។ សត្វឆ្កែមួយក្បាលដែលដើរចូលក្នុងមូលដ្ឋានទ័ពរបស់កម្ពុជានោះក៏មានបំពាក់កាមេរ៉ាស្វ័យប្រវត្តិនៅនឹងប្រឡៅ.ករបស់វាផងដែរ។ ជនសង្ស័យទាំងអស់ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួរ ៕
ចែករំលែកព័តមាននេះ