រាជធានីភ្នំពេញ ៖ អ្នកនាងស្វែង សុជាតា ក្នុងវ័យ៣០ឆ្នាំ ជាតារាសំដែងភាពយន្តមានទេពកោសល្យសំដែងល្អ ពិសេសជាតួកាចឆ្នាសឆ្នើម។ កន្លងមកនាងចូលរួមសំដែងកាយវិការខារ៉ាអូខេឱ្យផលិតកម្មជាច្រើនទាំងក្នុង និងក្រៅប្រទេស ជាពិសេសទៀតនោះសំដែងស្ប៉តអប់រំអំពីសុខភាពផ្សេងៗ និងភាពយន្ត។ កាលពីឆ្នាំ២០១០ នាងចូលរួមសំដែងក្នុងខ្សែភាពយន្តជាច្រើនរឿង ដូចជារឿងរលកសំលេង ជាដើម ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ CTN ។ ក្នុងពេលនាងសំដែងក្នុងរឿងព្រាយដំបូកបានរងរបួសក្នុងឧបទ្ទវហេតុឈ្លោះប្រកែកគ្នារវាងអ្នកស៊ីផឹក និងកងរាជអាវុធហត្ថនៅខេត្តសៀមរាបកាលពីខែកញ្ញា ឆ្នាំ២០១០ ។
នាងបានទៅសំងំសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងរយៈពេលជាច្រើនខែ គឺចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១០ រហូតមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១០ ទើបជាសះស្បើយ ហើយចេញពីមន្ទីរពេទ្យមករស់នៅភ្នំពេញវិញ។ ក្រោយពីសំរាកព្យាបាលរបួសជាមក អ្នកនាងស្វែង សុជាតា បានបង្ហាញខ្លួនជាសាធារណៈតាមកញ្ចក់ទូរទស្សន៍បាយ័ន កាលពីពាក់កណ្តាលខែមករា នេះ។ ពេលនេះអ្នកនាងស្វែង សុជាតា កំពុងតែត្រៀមសំដែងភាពយន្តថ្មីទៀត។ នាងនិយាយថា ដើម្បីជំរះឧបទ្រពចង្រៃក្នុងឆ្នាំចាស់ចោលឱ្យអស់ពេលចូលឆ្នាំថ្មី២០១១នេះ នៅថ្ងៃទី២០ ខែមករា នាងនឹងរៀបចំធ្វើពិធីខួបកំណើតឱ្យកូនប្រុសរបស់នាងឈ្មោះអេង វិបុល គ្រប់អាយុ៩ឆាំ្ន ដើម្បីលើករាសីឆ្នាំថ្មីឱ្យមានសិរីសួស្តីឡើងវិញ។
កាលពីឆ្នាំ២០១០ អ្នកនាងស្វែង សុជាតា បានបែកបាក់ជាមួយស្វាមីទៅតាមផ្លូវច្បាប់គឺសាលក្រមចេញនៅដើមខែកញ្ញា តំរូវឱ្យនាងទទួលបានកូនប្រុសច្បងអាយុ៩ឆ្នាំ ចំណែកប្តីទទួលបានកូន២នាក់ គឺទី១ អាយុ៦ឆ្នាំ និងទី២ អាយុ៣ឆ្នាំ។ អ្នកនាងស្វែង សុជាតា និយាយថា ក្រោយពីនាងលែងលះគ្នាមិនបានប៉ុន្មានផងក៏ទទួលរងរបួសបាក់ដៃក្នុងឧបទ្ទវហេតុ ដោយត្រូវព្យាបាលអស់រយៈពេលជាច្រើនខែ។ ហេតុនេះហើយទើបនាងសំរេចធ្វើខួបកំណើតឱ្យកូនប្រុសដើម្បីដេញឧបទ្រពចង្រៃចេញពីក្រុមគ្រួសារ ហើយនាំមកសិរីសួស្តីវិញ។ អ្នកនាងស្វែង សុជាតា និយាយថា នាងនឹងចូលបំរើក្នុងវិស័យសិល្បៈសំដែងវិញ ហើយខិតខំសំដែងឱ្យកាន់តែល្អមិនឱ្យប្រិយមិត្តទស្សនិកជនខកបំណងឡើយ ៕
ចែករំលែកព័តមាននេះ