ខេត្តពោធិ៍សាត់ ៖ ស្រីម្នាក់ត្រូវប្ដីប្រមឹកកាប់មួយកាំបិតផ្គាក់ចំក្បាលរបួសធ្ងន់ លុះពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាន១៦ម៉ោងក៍ស្លាប់ចោលកូនទាំង២នាក់ ។ ចំណែកប្ដីកំណាចដែលជាឃាតករនោះក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗដែរ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ នៅក្នុងផ្ទះរបស់ជនរងគ្រោះស្ថិតនៅភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ។
លោកវរសេនីយ៍ទោ នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ សុទ្ធ លី អាយុ៣៤ឆ្នាំ មានកូន២នាក់ (កូនស្រីអាយុ៨ឆ្នាំ និងកូនប្រុសអាយុ៦ឆ្នាំ) ។ ចំណែកប្ដីកំណាចឈ្មោះ ចែម សុខុម អាយុ៤៩ឆ្នាំ ជាមនុស្សស្រវឹងខួបតែងតែបង្កអំពើហិង្សាក្នុងគ្រួសារស្ទើរតែរាល់ថ្ងៃ ។ ជាក់ស្ដែងនៅរសៀលថ្ងៃកើតហេតុនោះ ប្ដីស្រវឹងស្រាជោកជាំហើយពេលចូលផ្ទះវិញ បានរករឿងប្រពន្ធកូនឈ្លោះប្រកែកគ្នាផ្អើលពេញភូមិរហូតឈានដល់កាប់ក្បាលប្រពន្ធមួយកាំបិតរបួសធ្ងន់ធ្ងរ លុះនៅថ្ងៃទី១០ មករា ២០១៦ ក៏បានស្លាប់នៅមន្ទីរពេទ្យ ។ ចំណែកប្ដីដែលជាជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ខ្លួនភ្លាមៗនៅថ្ងៃនោះដែរ ។
ស្ត្រីឈ្មោះ ឈុំ ផាន់ ត្រូវជាម្ដាយជនរងគ្រោះបានបញ្ជាក់ថា ចាប់តាំងពីកូនស្រីរបស់គាត់រួមរស់ជាមួយជនដៃដល់ឈ្មោះ ចែម សុខុម មក កូនប្រសាររូបនេះតែងតែផឹកស្រាស្រវឹងរករឿងវាយធ្វើបាបប្រពន្ធនិងកូនស្ទើតែរាល់ថ្ងៃ ហើយពេលខ្លះជេរទាំងគាត់ទៀតផង ។ ជាក់ស្ដែងនៅថ្ងៃកើតហេតុនោះ ខណៈគាត់កំពុងអង្គុយនៅផ្ទះបាយឯកូនស្រីដេកលើអង្រឹងក្រោមផ្ទះ ។ ពេលនោះ មិនដឹងកូនប្រសារផឹកស្រវឹងមកពីណាទេពេលមកដល់ផ្ទះដេញឲ្យប្រពន្ធទៅដួសបាយឲ្យស៊ី ប្រពន្ធមិនទៅទេ ដោយប្រាប់ថា ទៅហូបខ្លួនឯងទៅគ្របទុករួចហើយ ។ ឮដូច្នេះប្ដីក៍ស្រែកជេរដោយប្រើពាក្យអសុរោះ ហើយប្រពន្ធទ្រាំមិនបានក៍ជេរតបវិញដែរ ស្រាប់តែប្ដីស្ទុះទៅវាយមួយដៃធ្វើឲ្យប្រពន្ធខឹងក៍ស្ទុះទៅទាញកាំបិតផ្គាក់មកកាន់នឹងដៃគំរាម ។ ឃើញដូច្នេះ ប្ដីក៍ចូលទៅប្រវាយប្រតប់ដណ្ដើមយកកាំបិតបានក៍កាប់ប្រពន្ធមួយកាំបិតចំក្បាលហូរឈាមជោកខ្លួន និងដួលទៅក្បែរពាងទឹក ។ ភ្លាមៗនោះអ្នកភូមិបានទៅប្រាប់សមត្ថកិច្ចឱ្យមកចាប់ខ្លួនប្ដីតែម្ដង ។ ចំណែកប្រពន្ធដែលរងគ្រោះនោះបានលើកដាក់រឺម៉កម៉ុតូដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត លុះថ្ងៃទី១០ មករា ក៍ស្លាប់គួរឱ្យសង្វេគយ៉ាងខ្លាំង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តនារសៀលថ្ងៃទី១១ មករា នេះ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ប៉ុន្តែអ្វីដែលគួរឱ្យអាណិតអាសូរបំផុតនោះ គឺទាំង២នាក់បងប្អូនដែលនៅតូចៗនោះបានក្លាយទៅជាកូនកំព្រារស់នៅជាមួយជីដូន ដោយសារម្តាយបានលាចាកលោក និងឪពុកត្រូវជាប់ពន្ធនាគារ ៕
ចែករំលែកព័តមាននេះ