ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លន់​ទៀត​ហើយ ! ក្រុម​ចោរ​អាកា​ប្លន់​ផ្ទះ​ថៅកែ​បោះ​ដុំ​នំ​កញ្ចប់​គ្រប់​ប្រភេទ​នៅ​ស្រុក​កំចាយមារ

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ចោរ​អាកា​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ចូល​ប្លន់​ផ្ទះ​ថៅកែ​បោះ​ដុំ​នំ​កញ្ចប់​គ្រប់​ប្រភេទ​ដែល​មាន​អាសយដ្ឋាន​នៅ​ទល់មុខ​សួនសត្វ ញឹ​ម វណ្ណ​ដា …

ខេត្តព្រៃវែង ៖ ចោរ​អាកា​មួយ​ក្រុម​មាន​គ្នា​៦​នាក់​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​បាន​ចូល​ប្លន់​ផ្ទះ​ថៅកែ​បោះ​ដុំ​នំ​កញ្ចប់​គ្រប់​ប្រភេទ​ដែល​មាន​អាសយដ្ឋាន​នៅ​ទល់មុខ​សួនសត្វ ញឹ​ម វណ្ណ​ដា បា​យ៉ាប ស្ថិត​នៅ​ក្នុងភូមិ​សង្កែ ឃុំ​ស៊ា​ង​ឃ្វាង ស្រុកចំកា​យ​មារ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​ប្រហែល​ជិត​៧​យប់ ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៦ នេះ ។

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ថៅកែ​បោះ​ដុំ​នំ​កញ្ចប់​គ្រប់​ប្រភេទ​នេះ​មានឈ្មោះ យោក បាន​រង​របួសធ្ងន់​ធ្ងន់​ដោយសារ​ចោរ​វាយ​នឹង​ស្វាយ​កាំភ្លើង និង​ជន​រង​គ្រោះជា​អ្នក​ជិតខាង​ម្នាក់​ក៏​ត្រូវ​ចោរ​វាយ​នឹង​ស្វាយ​កាំភ្លើង​សន្លប់​ស្តូកស្តឹង ពេល​នេះ​កំពុង​តែ​សង្គ្រោះ​នៅផ្ទះ​ពេទ្យ​មួយ​នៅ​ក្នុងភូមិ​នៅឡើយ ។ ចំណែក​ក្រុម​ចោរ​មាន​គ្នា​៦​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​៥​ដើម និង​កាំភ្លើងខ្លី​១​ដើម បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​ប្លន់​បាន​លុយ និង​មាស​រួច​មក ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា កាលពី​ពេល​រសៀល​គេ​ឃើញ​មាន​រថយន្ត​តួ​រី​ស ពណ៌​ស មួយ​គ្រឿង​ដែល​អ្នក​ភូមិ​មិន​ដែល​ឃើញ​ពី​មុន​មក​ទេ ហើយ​នៅ​ពេល​ល្ងាច​ក៏​បានឃើញ​រថយន្ត​តួ​រី​ស​នោះ​បើក​ទៅ​មក​២-៣​ដង​កាត់មុខ​ផ្ទះ​ជន​រង​គ្រោះ​ផង​ដែរ ។

ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​ជា​ចោរ​អាកា​ទាំង​៦​នាក់​បាន​ចូល​តាម​របង​ក្រោយ​ផ្ទះ​ជាប់​ផ្ទះ​ថៅកែ​បោះ​ដុំ​នំ​កញ្ចប់​គ្រប់​ប្រភេទ​នោះ ហើយ​ក៏​បាន​ចាប់​បុរស​ម្នាក់​គំរាម​ឲ្យ​ស្រែកហៅ​ថៅកែ​នំ​នោះ​ឲ្យ​បើកទ្វារ ដោយ​មានការ​ភ័យ​ខ្លាច​បុរស​រូប​នោះ​បាន​ស្រែកហៅ​ថា «​អា​យោក​បើកទ្វារ​» បាន​តែ​មួយ​ម៉ាត់​ក៏​ត្រូវ​ចោរ​វាយ​នឹង​កាំភ្លើង​អាកា​សន្លប់​បាត់​ទៅ បន្ទាប់​មក​ក្រុម​ចោរ​​ទាំង​នោះ​ក៏​បាន​ផ្លោះ​របង​ចូល​ទៅ​ចាប់​ថៅកែ​នំ​ឈ្មោះ យោក និង​ប្រពន្ធ​គំរាម​បង្ខំ​ឲ្យ​ប្រមូល​លុយ និង​មាសប្រាក់​ឲ្យ​ពួក​គេ រួច​ក៏​ដើរទៅ​តាម​ផ្លូវ​ក្រោយ​កាត់​វាលដ៏ធំ ហើយ​បាញ់​ឡើង​លើ​៤-១០​គ្រាប់​ដើម្បី​គំរាម​បើកផ្លូវ​ទៀត​ផង ។

ប្រភព​បន្ត​ទៀត​ថា បន្ទាប់​ពី​ឮ​ស្នូរ​កាំភ្លើង​មួយសន្ទុះ លោក​មេ​ប៉ុស្តិ៍​ឃុំ​ស៊ា​ង​ឃ្វាង​ក៏​បាន​មក​ដល់​កន្លែង​កើតហេតុ​ហើយ​បានដឹង​ថា​មាន​សកម្មភាព​ប្លន់ លោក​ក៏​បាញ់​ឡើង​លើ​២-៣​ដើម្បី​ប្រកាស​អាសន្ន ព្រមទាំង​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​ដទៃ​ទៀត​ដើម្បី​ពង្រាយ​កម្លាំង​តាម​ស្ទាក់​ចាប់​ក្រុម​ចោរ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ម្តុំ​កន្លែង​កើតហេតុ​បាន​ដាក់​ការ​សង្ស័យ​ថា ប្រហែលជា​រថយន្ត​តួ​រី​ស ពណ៌​ស នោះ​ជា​អ្នក​ដឹក​ក្រុម​ជនសង្ស័យ​ចោរ​អាកា​មក​ប្លន់ ហើយ​ក្រុម​ចោរ​ដែល​ដើរទៅ​តាម​ផ្លូវ​ក្រោយ​កាត់​វាល​ដ៏​ធំ​នោះ​ក៏​ប្រហែលជា​ដើរ​សំដៅ​ទៅ​រថយន្ត​ដើម្បី​ជិះ​គេចខ្លួន​ដែរ​មើលទៅ ។

ប្រភព​ពី​ជន​រង​គ្រោះ​ដែល​ជា​ថៅកែ​បោះ​ដុំ​នំ​កញ្ចប់​គ្រប់​ប្រភេទ​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ទាំងនោះ​ប្រមូល​យក​លុយ​អស់​ប្រហែលជា​ជាង​១០​លាន​រៀល និង​ខ្សែ​ក​១​ខ្សែ​ទម្ងន់​១​តម្លឹង​មាស ។

ខណៈ​ពេល​នេះ​សមត្ថកិច្ច​ទូ​ទាំង​ខេត្តព្រៃវែង​កំពុងធ្វើការ​ឡោម​ព័ទ្ធ និង​ស្ទាក់​គ្រប់​ច្រកល្ហក ដើម្បី​តាម​ចាប់ខ្លួន​ក្រុម​ចោរ​អាកា​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕