រាជធានីភ្នំពេញ ៖ បុរសម្នាក់បានអះអាងថាត្រូវចោរ៣នាក់វ៉ៃប្លន់យកលុយអស់១លាន៥០ម៉ឺនរៀល ហើយមិនចង់ហ៊ានត្រឡប់ទៅផ្ទះវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ នៅចំណុចព្រៃវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។ ក្រោយពេលកើតហេតុភ្លាមៗជនរងគ្រោះត្រូវបានបងប្អូននាំត្រឡប់ទៅផ្ទះវិញ ទាំងមិនទាន់បានដាក់ពាក្យបណ្ដឹងដល់សមត្ថកិច្ចផង ។
ជនរងគ្រោះមានឈ្មោះ គង់ សុវឿន ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកលក់សាច់ជ្រូកដាក់តាមម៉ូយ មានទីលំនៅភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-2766 ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានទៅយកលុយពីម៉ូយនៅម្តុំបែកចាន ខណៈពេលជិះម៉ូតូត្រឡប់មកផ្ទះវិញដល់កន្លែងកើតស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងបានជិះតាមពីក្រោយគាត់ហើយបានស្ទាក់វ៉ៃគាត់ បន្ទាប់មកលូកយកលុយក្នុងហោប៉ៅអាវធំរបស់គាត់អស់១លាន៥០ម៉ឺនរៀលដែលគាត់ទើបតែយកពីម៉ូយមក រួចជិះម៉ូតូត្រឡប់ក្រោយគេចខ្លួនបាត់ ។ ភ្លាមៗនោះជនរងគ្រោះហាក់មិនចង់ហ៊ានត្រឡប់ទៅផ្ទះវិញទេ តែបន្ទាប់ពីមានការភ្ញាក់ផ្អើល បងប្អូនក៏មកនាំជនរងគ្រោះត្រឡប់ទៅផ្ទះវិញដោយមិនទាន់ដឹងថា ទៅដាក់ពាក្យបណ្ដឹងដែរឬយ៉ាងណានោះទេ ៕
ចែករំលែកព័តមាននេះ