ខេត្តត្បូងឃ្មុំ ៖ ជាងសំណង់ម្នាក់ឈ្មោះ យឿន ធារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតភូមិទួលកណ្តោល ឃុំជីគរ ស្រុកត្បូងឃ្មុំ បានភ្លាត់ស្នៀតឆក់ខ្សែភ្លើងបណ្តាលឲ្យសន្លប់ ខណៈពេលដែលកំពុងតែស៊ីឈ្មួលប្រក់ដំបូលផ្ទះឲ្យគេម្នាក់ ដើម្បីយកប្រាក់មកដោះស្រាយជីវភាពគ្រួសារ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៥៥នាទីរសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិជ័យសម្បត្តិ ឃុំតំបែរ ស្រុកតំបែរ បន្ទាប់មកជនរងគ្រោះត្រូវបានគេបញ្ជូនមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្តពង់ចាមផងដែរ ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ ប្រាប់ឲ្យដឹងថា នៅផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ ឃាង ទ្រី ភេទប្រុស នៅភូមិ-ឃុំខាងលើបានជួលជាងសំណង់ឲ្យមកសាងសង់ផ្ទះថ្ម១ល្វែងសម្រាប់ស្នាក់នៅជាមួយសមាជិកក្រុមគ្រួសាររហូតជិតរួចរាល់ ហើយក្រុមជាងបាននាំគ្នាឡើងប្រក់ដំបូលខាងលើ ដោយមានឈ្មោះ ធារ៉ា ជាអ្នកឡើងប្រក់ ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ បន្តឲ្យដឹងទៀតថា ជាក់ស្តែងនៅរសៀលថ្ងៃទី០៥ ខែមករា ស្របពេលដែលជាងសំណង់នេះកំពុងតែឡើងប្រក់ដំបូល ចៃដន្យក៏បណ្តាលឲ្យឆក់ខ្សែភ្លើងអគ្គិសនី(ខ្សែកាប)ដែលរត់កាត់ពីលើដំបូលផ្ទះបណ្តាលឲ្យសន្លប់ ។ បន្ទាប់មកកម្មករសំណង់បាននាំគ្នាដាក់ខ្សែចងទម្លាក់ចុះមកដីដោយប្រុងប្រយ័ត្នទាំងសន្សឹមៗ ព្រោះតែខ្លាចឆក់បន្តទៀត លុះពេលដាក់ដល់ដីហើយក៏នាំគ្នាធ្វើចលនាបេះដូង តែមិនបានដឹងខ្លួនទេ ក៏ប្រញាប់ហៅរថយន្តមកដឹកយកមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្ត ។
ប្រភពពីក្រុមគ្រូពេទ្យខេត្តកំពង់ចាមវិញបានប្រាប់ឲ្យដឹងដែរថា ជាងសំណង់ខាងលើត្រូវខ្សែភ្លើងឆក់នោះត្រូវបានបញ្ជូនបន្តទៅសង្គ្រោះនៅរាធានីភ្នំពេញកាលពីល្ងាចថ្ងៃទី៥មករាដដែល ដោយសារតែមានអាការៈធ្ងន់ពេក រហូតមកដល់ពេលនេះគេមិនដឹងថា តើជោគវាសនាជាងឈ្មោះ ធារ៉ា ទៅជាយ៉ាងណានោះទេ ។
សូមបញ្ជាក់ថា នាពេលកន្លងមកក្នុងស្រុកមេមត់មានជាងប្រក់ដំបូលដែកម្នាក់បានទាញដែកជ្រុងដើម្បីយកទៅផ្សារ ចៃដន្យទាញឡើងចូលដែនអគ្គិសនី ជាហេតុបណ្តាលឲ្យឆក់ជាងផ្សារម្នាក់ធ្លាក់មកដីដែលមានកំពស់ជាង៤ម៉ែត្របណ្តាលឲ្យបែកក្បាលរងរបួសធ្ងន់ត្រូវបញ្ជូនមកសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យខេត្តកំពង់ចា ដោយសារតែរបួសធ្ងន់ពេកនោះជាងផ្សាររូបនោះបានស្លាប់ ។
ការសាងសង់ផ្ទះនៅកៀកនឹងខ្សែកាបអគ្គិសនីជាការមួយដែលគ្រោះថ្នាក់ ដូច្នេះគួរតែសាងសង់នៅឲ្យបានឆ្ងាយ ព្រោះថាខ្សែកាបនេះមានតង់ស្យុងខ្ពស់ ដែលងាយនឹងគ្រោះថ្នាក់ណាស់ ដូចជាករណីខាងលើជាដើម ៕
ចែករំលែកព័តមាននេះ