ខេត្តសៀមរាប ៖ ជនដៃដល់សម្លាប់ក្មេងប្រុស៣នាក់ប្លន់យកម៉ូតូហុងដា ឌ្រីម សេ១២៥ មួយគ្រឿង ដែលបានហែកគុករត់កាលពីវេលាម៉ោង៤ទៀបភ្លឺព្រឹកមិញ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់បានប្រគល់ឲ្យសមត្ថកិច្ចវិញកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ ខណៈពេលជនសង្ស័យរត់ទៅពួននៅគុម្ពចេករបស់ប្រជាពលរដ្ឋនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឈន់ ឆេន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរធ្វើស្រែ មានស្រុកកំណើត និងរស់នៅភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បានប្រើកាំបិតផ្គាក់កាប់សម្លាប់ក្មេងប្រុស៣នាក់ប្លន់យកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ស្លាកលេខ ប៉ៃលិន 1A-6878 កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ នៅចំណុចខ្នងភ្នំពើងតានាន់ ចម្ងាយប្រមាណ១១គីឡូម៉ែត្រពីសាលាឃុំគោកដូង ស្ថិតក្នុងភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ហើយត្រូវសមត្ថកិច្ចតាមប្រមាញ់ និងចាប់ខ្លួនបានកាលពីវេលាម៉ោង៧យប់ថ្ងៃដដែល ខណៈជនសង្ស័យកំពុងដើរទៅទិញបារីក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ប៉ុន្តែជនសង្ស័យបានកាត់សោទ្វារគុកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរត់រួចដោយសុវត្ថិភាពវិញកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ។
រីឯក្មេងប្រុសរងគ្រោះទាំង៣នាក់ដែលត្រូវជនសង្ស័យកាប់សម្លាប់មាន ១-ឈ្មោះ មាត យ៉ា ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិគោកត្របែក ឃុំគោកដូង ស្លាប់នៅកន្លែងកើតហេតុ, ២-ឈ្មោះ ម៉ិច ក្អាត់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគោកត្របែក ឃុំគោកដូង និង ៣-ឈ្មោះ អ៊ាំង សូយ ភេទប្រុស អាយុ៨ឆ្នាំ នៅភូមិគោកដូងថ្មី ឃុំគោកដូង អ្នកទាំង២ស្លាប់ពេលដែលបញ្ជូនទៅដល់មណ្ឌលសុខភាពគោកដូង ស្រុកអង្គរជុំ ៕
ចែករំលែកព័តមាននេះ