ខេត្តកំពត ៖ បុរសវ័យចំណាស់ម្នាក់បានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួននៅមែកអំពិលខាងត្បូងផ្ទះចម្ងាយប្រមាណ៣០ម៉ែត្រ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ។
លោកវរសេនីយ៍ត្រី ណុប ចាន់ភាព អធិការរងនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា បុរសវ័យចំណាស់រងគ្រោះឈ្មោះ អ៊ុក សោត ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិកើតហេតុ ។
ប្រភពពីក្រុមគ្រួសារបុរសរងគ្រោះមានឲ្យសមត្ថកិច្ចដឹងថា កាលពីប៉ុន្មានថ្ងៃមុនពេលកើតហេតុ បុរសរងគ្រោះចេះតែនិយាយប្រាប់ប្រពន្ធគាត់ថា គាត់ពិបាកក្នុងខ្លួនណាស់ ហើយគិតតែចង់ចង.កសម្លាប់ខ្លួន ។ ក្រោយពីដឹងថាបុរសរងគ្រោះមានអាការៈបែបនេះ ពួកគាត់ក៏មានការប្រុងប្រយ័ត្ន និងតាមឃ្លាំមើលគាត់ជាប្រចាំដែរ ប៉ុន្តែនៅថ្ងៃកើតហេតុគាត់នៅផ្ទះតែ២នាក់ប្រពន្ធ ពេលហូបបាយថ្ងៃត្រង់រួចប្រពន្ធក៏ប្រមូលចានទៅលាងនៅផ្ទះបាយ រួចចេញមកក្រៅស្រាប់តែបាត់ប្តីក៏ចេញមកក្រៅផ្ទះស្រាប់តែប្រទះឃើញចង.កស្លាប់បាត់ទៅហើយ ។
មានករណីចង.កសម្លាប់ខ្លួនមួយទៀតកើតឡើងនៅក្នុងភូមិ-ឃុំដដែល ដោយកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ បុរសម្នាក់បានបាត់យូរពេកមិនឃើញចូលផ្ទះក៏ត្រូវក្រុមគ្រួសារតាមរកប្រទះឃើញចង.កសម្លាប់ខ្លួននឹងមែកអំពិលបង្កឲ្យមានការភ្ញាក់ផ្អើលស្ថិតនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ។
លោកវរសេនីយ៍ត្រីអធិការរងនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ដាវិន ភេទប្រុស អាយុ២៤ឆ្នាំ មានប្រពន្ធ និងកូនប្រុសម្នាក់ក្នុងបន្ទុក ។
លោកអធិការរងបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម មិនចាំស្លាកលេខចេញពីផ្ទះបាត់យ៉ាងយូរ ដោយមិនឃើញត្រឡប់មកផ្ទះវិញក្រុមគ្រួសារតាមរកក៏ប្រទះឃើញជនរងគ្រោះប្រើកន្សែងពោះគោចង.កនឹងមែកដើមអំពិលចម្ងាយពីផ្ទះប្រមាណ១គីឡូម៉ែត្រសម្លាប់ខ្លួនបាត់ដោយគ្មានអ្នកណាដឹងម្នាក់ឡើយ ។
ប្រភពពីក្រុមគ្រួសាររងគ្រោះបានឲ្យដឹងថា មូលហេតុដែលបុរសរងគ្រោះគិតខ្លីចង.កបញ្ចប់ជីវិតគឺប្រហែលជាដោយសារជំពាក់បំណុលអង្គការ(មីក្រូហិរញ្ញវត្ថុឯកជន)ច្រើនពេក ហើយរកចំណូលបង់មិនទាន់ក៏ត្រូវបងប្អូនក្នុងក្រុមគ្រួសារស្តីបន្ទោស ហើយខឹងអ្នកស្តីបន្ទោស ប្រហែលជាតូចចិត្តទើបគិតខ្លីរត់ទៅចងកធ្វើអត្តឃាតបញ្ចប់ជីវិតបែបនេះតែម្តងទៅ ។
ក្រោយពីពិនិត្យសពរួចរាល់ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទាំង២នាក់ជូនក្រុមគ្រួសាររៀងៗខ្លួនដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ