ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធករណីសម្លាប់ក្មេងប្រុស៣នាក់ប្លន់យកម៉ូតូកាលពីវេលាម៉ោង១២ថ្ងៃត្រង់ម្សិលមិញនៅភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ ខណៈជនសង្ស័យកំពុងដើរទៅទិញបារីក្នុងភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។
លោកវរសេនីយត្រី ម៉ាន់ សុខាត់ អធិការនគរបាលស្រុកអង្គរជុំបានប្រាប់«កោះសន្តិភាព»ឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ឈន់ ឆេន ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរធ្វើស្រែ មានស្រុកកំណើត និងរស់នៅភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ជាជនដៃដល់ដែលបានប្រើកាំបិតផ្គាក់កាប់ជនរងគ្រោះប្លន់យកម៉ូតូបណ្តាលឱ្យស្លាប់ចំនួន៣នាក់ ។
លោកអធិការនគរបាលស្រុកអង្គរជុំ បន្តថា ដោយមានការចុះស្រាវជ្រាវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកអង្គរជុំ ទើបឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យដែលសម្លាប់ប្លន់យកម៉ូតូភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពរួច ដែលករណីនេះជាករណីឃាតកម្មគិតតទុកជាមុន ដោយសារមូលហេតុទំនាស់គ្នារឿងសង្សារ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គរជុំ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ តាមនិតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ក្មេងប្រុស៣នាក់ត្រូវក្រុមចោរកាប់នឹងកាំបិតផ្គាក់រហូតដល់ស្លាប់ប្លន់ យកម៉ូតូហុងដាឌ្រីម សេ១២៥ មួយគ្រឿង ពាក់ស្លាកលេខ ប៉ៃលិន 1A-6878 លេខម៉ាស៊ីន-លេខតួ ND 125ME8618 កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ មករា ២០១៦ នៅចំណុចខ្នងភ្នំពើងតានាន់ ខាងកើតសាលាឃុំគោកដូងចម្ងាយប្រមាណ១១ គីឡូម៉ែត្រ ស្ថិតក្នុងភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។
លោកអធិការនគរបាលស្រុកអង្គរជុំបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះទាំង៣នាក់មាន ១-ឈ្មោះ មាត យ៉ា ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិគោកត្របែក ឃុំគោកដូង ស្លាប់នៅកន្លែងកើតហេតុ, ២-ឈ្មោះ ម៉ិច ក្អាត់ ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិគោកត្របែក ឃុំគោកដូង និង ៣-ឈ្មោះ អ៊ាំង សូយ ភេទប្រុស អាយុ៨ឆ្នាំ នៅភូមិគោកដូង ឃុំគោកដូង អ្នកទាំង២ស្លាប់ពេលដែលបញ្ជូនទៅដល់មណ្ឌលសុខភាពគោកដូង ស្រុកអង្គរជុំ ៕
ចែករំលែកព័តមាននេះ