ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ពីបទចាប់រំលោភក្មេងស្រីអាយុ១០ឆ្នាំរហូតបានសម្រេចកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងព្រៃចេកក្រោយផ្ទះរបស់ជនសង្ស័យដែលស្ថិតនៅភូមិសំរោងពក ឃុំអូរតាប៉ោង ស្រុកបាកាន ។
លោកវរសេនីយ៍ទោ នាង វុធ អធិការនគរបាលស្រុកបាកាន បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះឈ្មោះ រស់ រ៉េន អាយុ៦៣ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ រីឯក្មេងស្រីរងគ្រោះអាយុទើបតែ១០ឆ្នាំប៉ុណ្ណោះ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់ឪពុករបស់ក្មេងស្រីរងគ្រោះ អាយុ៣៦ឆ្នាំ ។
លោកអធិការនគរបាលស្រុកបាកាន បានបានបន្តឲ្យដឹងទៀតថា ឪពុកម្តាយក្មេងស្រីរងគ្រោះបានទៅរកស៊ីបាត់ៗ ហើយបានទុកកូនស្រីឲ្យនៅជាមួយជីដូនចាស់ជរា ។ នៅថ្ងៃទី៣១ធ្នូ ពេលត្រឡប់មកវិញស្រាប់តែកូនស្រីលួចខ្សិបប្រាប់ម្ដាយរបស់គេថា តា រស់ រ៉េន ចាប់រំលោភ ដែលធ្វើឲ្យនាងឈឺចាប់ត្រង់ប្រដាប់ភេទយ៉ាងខ្លាំង ។ នាងបានរៀបរាប់ថា កាលពីថ្ងៃទី២៨ធ្នូ វេលាម៉ោង៨ព្រឹក នាងដើរទៅក្រោយបានជួបតា រស់ រ៉េន នៅព្រៃចេកក្រោយផ្ទះរបស់គាត់ ពេលនោះគាត់បានបក់ដៃហៅឲ្យទៅជិតគាត់រួចហើយក៏ចាប់រំលោភរហូតបានសម្រេចតែម្ដង ។ ពេលរំលោភរួចគាត់បានគំរាមមិនប្រាប់អ្នកណាដាច់ខាត បើហ៊ានតែប្រាប់គាត់នឹងអារ.កសម្លាប់ចោល ។ នៅពេលស្ដាប់រួចប្រពន្ធបានប្រាប់ប្ដីបន្ត ពេលនោះប្ដីបានមកប្ដឹងសមត្ថកិច្ចយើងទើបឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី៣១ធ្នូតែម្ដង ។
នៅចំពោះមុខសមត្ថកិច្ច តាចាស់ល្មោភកាមបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើចាប់រំលោភក្មេងស្រីរងគ្រោះអាយុ១០ឆ្នាំនោះមែន ព្រោះឃើញឱកាសស្ងាត់ល្អ និងឪពុកម្ដាយមិននៅផ្ទះ ។
បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងនៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦នេះដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ