រាជធានីភ្នំពេញ ៖ ជនសង្ស័យជាមេខ្លោងចោរប្លន់ ចែកចាយគ្រឿងញៀន និងកាច់សោ.កម៉ូតូ ២នាក់ប្តី-ប្រពន្ធ ត្រូវកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនចាប់ខ្លួនបាននៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៣០ ធ្នូ ២០១៥ ។
សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងជនសង្ស័យជាប្តីមានឈ្មោះ ស៊ុន សុង អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ លន់ ស៊ីណា អាយុ៣១ឆ្នាំ ដែលទាំង២នាក់ប្តីប្រពន្ធនេះទើបនឹងចេញពីពន្ធនាគារ ហើយពួកគេគឺជាមេខ្លោងចោរប្លន់ ចែកចាយគ្រឿងញៀន និងកាច់សោ.កម៉ូតូយ៉ាងសកម្មនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ប្រភពបន្តឲ្យដឹងទៀតថា កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយលោកព្រះរាជអាជ្ញារង សៀង សុខ បានបើកប្រតិបត្តិការបង្ក្រាបនេះពេញមួយ ទើបចាប់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះបាននៅតាមបណ្ដោយផ្លូវជាតិលេខ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយដកហូតបានថ្នាំញៀន២កញ្ចប់ធំ ជញ្ជីងថ្លឹងគ្រឿងញៀន ស្លាកលេខម៉ូតូ និងកាតគ្រីម៉ូតូជាច្រើនផងដែរ ។
បន្ទាប់ពីចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនឹងបន្តទៅឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ២នាក់ប្តីប្រពន្ធនេះក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមនបន្តទៀត ៕
ចែករំលែកព័តមាននេះ