រាជធានីភ្នំពេញ ៖ រហូតមកដល់ពេលនេះផលិតកម្មថោនប្រកាន់ជំហរថា ធ្វើទៅតាមការចង់បានរបស់តារាចម្រៀង សុគន្ធ នីសា ក្នុងការដើរចេញពីផលិតកម្ម បើទោះជាមុននេះផលិតកម្មបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ជាមួយតារាចម្រៀងរូបនេះក៏ដោយ ។
ជ្រកក្រោមផលិតកម្មថោនប្រមាណជាង៣ឆ្នាំ សុគន្ធ នីសា នៅតែរក្សាបាននូវកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់អ្នកគាំទ្រដដែល បើទោះបីជានាងសម្រេចដើរចេញពីផលិតហង្សមាសដែលជាផលិតកម្មធំ និងល្បីល្បាញជាងគេនៅក្នុងប្រទេសក៏ដោយ ។ ទោះជាបានរសាត់ដល់ផលិតថោនក៏ដោយ តែសុគន្ធ នីសា នៅតែមិនអាចរក្សាខ្លួនក្នុងជម្រកមួយនេះដដែល ដោយពេលនេះនាងបានសម្រេចដើរចេញពីផលិតថោនជាថ្មីទៀត ដែលការចាកចេញនេះត្រូវប្រភពក្រៅផ្លូវការអះអាងថា នាងទំនងជាមានទំនាស់ណាមួយជាមួយផលិតកម្មថោន ។ ទន្ទឹមនេះអតីតសង្សារចាស់របស់នាងលោក សុខ ជំនោរ ធ្លាប់បង្ហើបថាសុគន្ធ នីសា ចាកចេញពីផលិតកម្មថោនចូលរួមជាមួយផលិតកម្មហង្សមាសដែលជាផលិតកម្មចាស់វិញ ។
ពាក់ព័ន្ធរឿងនេះអ្នកចាត់ការទូទៅរបស់ផលិតកម្មថោន លោកមាស សុខរតនៈ អះអាងប្រាប់កោះសន្តិភាពតាមទូរស័ព្ទកាលពីពេល ថ្មីៗនេះថា សុគន្ធ នីសា ចាកចេញពីផលិតថោនពិតមែន ហើយការចេញពីផលិតកម្មថោនទៅផលិតកម្មណាមួយទៀតរបស់នាង រូបលោកផ្ទាល់ក៏មិនបានដឹងឡើយ ។
លោកមាស សុខរតនៈ បញ្ជាក់ថាសុគន្ធ នីសា បានសុំឈប់ពីផលិតកម្មថោនកាលពីពេល ថ្មីៗកន្លងមក ។ ការចាកចេញពីផលិតកម្មថោនរបស់តារាចម្រៀងជួរមុខរូបនេះមិនស្ថិតនៅក្រោមហេតុផលមានជម្លោះជាមួយភាគីណាមួយក្នុងផលិតកម្មថោនឡើយ ពោលគឺផលិតកម្មបានសម្រេចទៅតាមចិត្តរបស់នាងទាំងស្រុងដោយសារតែតារាចម្រៀងរូបនេះមិនបានចុះកិច្ចសន្យាមួយផលិតកម្មថោនឡើយ ។
ទោះជាយ៉ាងណាក្តីលោកមាស សុខរតនៈ ជឿថា ការសម្រេចចិត្តចេញពីផលិតកម្មថោនរបស់ សុគន្ធ នីសា ទំនងជានាងអាចមានគោលដៅល្អណាមួយសម្រាប់រូបនាងហើយ ព្រោះមុនពេលចាកចេញរបស់នាងផលិតកម្មបានពិភាក្សាជាមួយតារាចម្រៀងរូបនេះយ៉ាងល្អិតល្អន់ ។
ពាក់ព័ន្ធរឿងនេះកោះសន្តិភាពមិនអាចស្វែងរកការបកស្រាយណាមួយពីតារាចម្រៀងសុគន្ធ នីសា បានឡើយ ប៉ុន្តែកន្លងមកតារាចម្រៀងសំនៀងស្រទន់រូបនេះធ្លាប់ទទួលស្គាល់ពីព័ត៌មាននៃការចាកចេញពីផលិតកម្មថោន ប៉ុន្តែចំពោះរឿងដែលនាងអាចនឹងចូលផលិតហង្សមាស ឬផលិតណាផ្សេងនោះ សុគន្ធ នីសា មិនបានអធិប្បាយឡើយ ដោយនាងនិយាយដោយខ្លីថា នាងចង់ដកឃ្លា ដើម្បីសម្រាកមួយរយៈ ៕
ចែករំលែកព័តមាននេះ