ខេត្តក្រចេះ ៖ អ្នកភូមិ៣នាក់បានស្លាប់ និងជាង៣០នាក់ផ្សេងទៀតកំពុងតែស្ថិតក្នុងការសង្គ្រោះ បន្ទាប់ពីអ្នកភូមិទាំងនោះបានហូបសាច់ឆ្កែនៅក្នុងពិធីបុណ្យសពមួយកាលពីយប់ថ្ងៃទី៦ ធ្នូ ២០១៥ នៅភូមិស្នួលវត្តលិច ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ជុំវិញការស្លាប់របស់អ្នកភូមិនេះ លោកវរសេនីយ៍ទោ ចាន់ សុគីម អធិការនគរបាលស្រុកស្នួល បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែធ្នូ មានសត្វឆ្កែមួយក្បាលត្រូវគេបំពុលឲ្យងាប់នៅវាលស្រែខាងក្រោយភូមិ បន្ទាប់មកម្ចាស់សត្វឆ្កែនេះបានឲ្យកូនយកឆ្កែនេះទៅកប់ចោល ។ តែក៏ត្រូវជនរងគ្រោះឈ្មោះ ជា រ៉េត ភេទប្រុស អាយុ៧៦ឆ្នាំ បានសុំចែកទិញឆ្កែដែលងាប់មួយក្បាលនេះក្នុងតម្លៃ៣៥០០០រៀល ។ បន្ទាប់ពីទិញហើយ បុរសរងគ្រោះបានយកសត្វឆ្កែមួយក្បាលនេះមកផ្ទះដើម្បីធ្វើម្ហូបទទួលទាន ក្រោយពីទទួលទានរួចនៅល្ងាចថ្ងៃដដែលបុរសរូបនោះក៏បានស្លាប់ ដោយការស្លាប់របស់បុរសរងគ្រោះគេមិនដឹងថា បណ្តាលមកពីពុលសាច់ឆ្កែនោះទេ ។
លោកអធិការបានឲ្យដឹងទៀតថា ក្រោយពីបុរសរូបនេះស្លាប់ អ្នកភូមិជាច្រើននាក់បានទៅចូលរួមកំដរបុណ្យ ។ ហើយនៅពេលចូលរួមកំដរបុណ្យ នាយប់ថ្ងៃទី៦ ខែធ្នូ ស្ត្រីជាអ្នកជិតខាងម្នាក់ឈ្មោះ ប៊ិន ឡៃគេង អាយុ៥៧ឆ្នាំ បានយកសាច់ឆ្កែដែលនៅសល់ពីជនរងគ្រោះទៅធ្វើម្ហូបទទួលអ្នកមកកំដរបុណ្យ ។ ក្រោយពីទទួលទានសាច់នេះរួចនៅថ្ងៃទី៧ ខែធ្នូ ស្ត្រីរងគ្រោះជាចុងភៅចំអិនសាច់ឆ្កែក៏បានប្រកាច់បែកពពុះមាត់ស្លាប់ និងស្ត្រីរងគ្រោះម្នាក់ទៀតឈ្មោះ ប្រឹង សារ៉ន អាយុ៣៥ឆ្នាំ ក៏ត្រូវបានស្លាប់នៅពេលដែលបញ្ជូនមកធ្វើសការសង្គ្រោះនៅមន្ទីពេទ្យស្នួល ។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ ភី ស្នងការរង បានបញ្ជាក់ឲ្យដឹងដែរថា ក្រៅពីមានអ្នកភូមិប្រុស-ស្រីចំនួន៣នាក់បានស្លាប់ក្នុងនោះក៏នៅមានអ្នកភូមិប្រុស-ស្រី ក្មេង-ចាស់២៩នាក់ផ្សេងទៀត កំពុងតែស្ថិតក្នុងអការៈពុល និងក៏កំពុងតែនាំមកសង្គ្រោះបន្ទាន់ ។
លោកឧត្តមសេនីយ៍ស្នងការរងបានអះអាងឲ្យដឹងទៀតថា បន្ទាប់ពីមានការដាក់ការសន្និដ្ឋានថា ការស្លាប់ និងរងគ្រោះរបស់អ្នកភូមិដោយសារតែពុលសាច់ឆ្កែ ។ កម្លាំងនគរបាលបានយកសាច់ឆ្កែដែលចំអិនរួចមួយដុំទៅឲ្យកូនឆ្កែស៊ីដើម្បីធ្វើពិសោធន៍ និងបានពិនិត្យឃើញថា កូនឆ្កែមួយក្បាលនោះក៏ងាប់ក្រោយពីស៊ីសាច់ឆ្កែនេះរួច ។
រហូតមកទល់នឹងថ្ងៃទី៧ធ្នូនេះ ចំនួនអ្នកស្លាប់ដោយការពុលមិនមានការកើនឡើងទៀតទេ ចំណែកឯអ្នករងគ្រោះត្រូវបានកើនឡើងដល់ទៅជាង៣០នាក់ហើយ និងក៏កំពុងតែស្ថិតក្នុងការសង្គ្រោះ ក្នុងនោះមានម្នាក់កំពុងតែស្ថិតក្នុងអការៈធ្ងន់ធ្ងរ ៕







ចែករំលែកព័តមាននេះ