ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កម្ពុជា​ប្រមាណ​94%​ប្រើប្រាស់​ទូរស័ព្ទ​ផ្ទាល់ខ្លួន បង្ហាញ​ថា​ទីផ្សារ​ទូរស័ព្ទ​អាច​ចង្អៀត

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​សិង្ហ​បុរី ខាង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ស៊ី​មកា​ត​ដែល​មាន​ចំនួន​ជាង​២០​លាន​គ្រឿង ខណៈ​ចំនួន​ប្រជាជន​សរុប​មាន​ប្រមាណ​ជាង​១៥​លាន​នាក់​ប៉ុណ្ណោះ ។

រាជធានី​ភ្នំពេញ ៖ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់​ពី​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ប្រទេស​សិង្ហ​បុរី ខាង​ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ស៊ី​មកា​ត​ដែល​មាន​ចំនួន​ជាង​២០​លាន​គ្រឿង ខណៈ​ចំនួន​ប្រជាជន​សរុប​មាន​ប្រមាណ​ជាង​១៥​លាន​នាក់​ប៉ុណ្ណោះ ។ ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន​ជាង​ចំនួន​ប្រជាជន សរុប នោះ ដោយសារ​តែ​អ្នកខ្លះ​ប្រើប្រាស់​ទូរស័ព្ទ​លើស​ពី​មួយ​គ្រឿង ដែល​អត្រា​ស្មើនឹង​១៣៩%​នៃ​អ្នក​ប្រើប្រាស់ ធៀប​នឹង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ។

តាម​ការ​សិក្សា​មួយ​របស់ USAID បង្ហាញ​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៩៤% មាន​ទូរស័ព្ទ​ប្រើប្រាស់​ផ្ទាល់ខ្លួន ហើយ​ក៏​អាច​បង្ហាញ​ថា​ទីផ្សារ​ទូរស័ព្ទ​នៅ​កម្ពុជា អាច​នឹង​ចង្អៀត ។ មិនតែប៉ុណ្ណោះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អ្នក​ប្រកប​របរ​ខាង​បម្រើ​សេវាកម្ម​ទូរស័ព្ទ​សាធារណៈ ក៏​មានការ​បាត់បង់​ទៅ​ហើយ​ដែរ ដោយសារ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ផ្ទាល់ខ្លួន​កើនឡើង ស្រប​ពេល​តម្លៃ​ហៅ​ចេញ​របស់​ក្រុមហ៊ុនទូរស័ព្ទ​នានា​បាន​ធ្លាក់​ចុះ ។

លទ្ធផល​នៃ​ការ​សិក្សា​ដដែល​ក៏​បាន​បង្ហាញ​ដែរ​ថា ទូរស័ព្ទ​ដែល​ពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​ផ្ទាល់ខ្លួន​ចំនួន​៦៣,៣% អាច​សរសេរ​ជា​ភាសា​ខ្មែរ​បាន ។ ការ​ប្រើប្រាស់​ទូរស័ព្ទ​សព្វថ្ងៃ​គឺ​មាន​គ្រប់​វ័យ ក្នុង​នោះ​មាន​៦៧,៦%​ជា​បុរស និង​៤៩%​ជា​ស្ត្រី ។ ម្យ៉ាងទៀត ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ទូ​ទាំង​ប្រទេស គឺ​នៅ​ទីក្រុង និង​ទីប្រជុំជន មាន​រហូត​ដល់​៦៧% ហើយ​នៅ​ជនបទ​មាន​ជាង​៦១,៧% ។

តាម​របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា ក្នុង​ចំណោម​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចំនួន​៣៩,៥% យ៉ាងតិច​ណាស់ ក៏​មាន​ទូរស័ព្ទ ស្មា​ត​ហ្វូ​ន​មួយ​គ្រឿង​ផង​ដែរ ។ ទូរស័ព្ទ
ស្មា​ត​ហ្វូ​ន​មាន​សមត្ថភាព​អាច​ប្រើប្រាស់ជា​ភាសា​ខ្មែរ​ប្រមាណ​៧៨% ច្រើន​ជាង ទូរស័ព្ទ​ដែល​មិន​អាច​ប្រើប្រាស់​ខ្មែរ​បាន ដែល​មាន​ត្រឹមតែ​៥៦,៣%​ប៉ុណ្ណោះ ។

ទាក់ទង​នឹង​បច្ចេកវិទ្យា​ទូរស័ព្ទ​នេះ​ដែរ គេ​រក​ឃើញ​ថា ស្ទើរ​ត​១​ភាគ​៣​នៃ​ពលរដ្ឋ​កម្ពុជា​ទៅ​ហើយ​ដែល​ប្រើប្រាស់​ទូរស័ព្ទ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​ដូច​ជា ហ្វេ​ស​ប៊ុ​ក ដែល​ជា​បណ្ដាញ​សង្គម​ដ៏​ល្បី​មួយ​នៅ​លើ​ពិភពលោក និង​បណ្តាញ​សង្គម​ផ្សេង​ៗ​ទៀត ។ ពលរដ្ឋ​កម្ពុជា​ភាគច្រើន​ដែល​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ គឺ​មាន​គណនី​ផ្ទាល់ខ្លួន​ក្នុង​ការ​ផ្ដល់ និង​ទទួល​ព័ត៌មាន​។ ចំណែក​ការ​ប្រើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ មាន​តែ​៣%​ប៉ុណ្ណោះ ដែល​ប្រើប្រាស់​តាម​កុំព្យូទ័រ ខណៈ​៨០%​ទៀត​ប្រើ​តាម​ទូរស័ព្ទ​ដៃ​តែ​ម្តង ។

បច្ចុប្បន្ន ការ​ប្រើប្រាស់​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​បាន​ក្លាយជា​បណ្ដាញ​ព័ត៌មាន​សំខាន់​បំផុត​ទី​២​របស់​កម្ពុជា បន្ទាប់​ពី​ទូរទស្សន៍ ។ នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ការ​ប្រើ​ទូរទស្សន៍​មាន​ចំនួន​៣០%, អីុន​ធើ​រ​ណេ​ត​២៤% និង​វិទ្យុ​២០% ហើយ​ការ​ប្រើ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត នឹង​អាច​ដណ្ដើម​ទីផ្សារ​ទៀត​នៅ​ឆ្នាំ​បន្តបន្ទាប់ ។

តាម​រយៈ​ក្រុមហ៊ុនទូរស័ព្ទ​ដែល​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​នោះ បាន​រាយ​ខ្សែកាប​អុ​ប​ទិ​ក​ទៅ​តាម​បណ្តា​ខេត្ត​នានា​មាន​ចំនួន​ជាង​២​ម៉ឺន​គីឡូម៉ែត្រ ដែល​ជា​ឆ្អឹងខ្នង​សម្រាប់​ត​ភ្ជាប់​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​លោក ស៊ិ​ន រ៉ា​ពី​ដ ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជាតិ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៥​នេះ មាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ចំនួន​៩ បាន​មក​ចុះបញ្ជី​ផ្គត់ផ្គង់​សេវា​ទូរ​សព្ទ័​ចល័ត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្រុមហ៊ុន​ទាំងនោះ​បាន​ពង្រីក​សេវា​របស់​ខ្លួន​ឱ្យ​ទូលាយ ដើម្បី​ឱ្យ​អ្នក​ប្រើប្រាស់​សេវា​ទូរស័ព្ទ​កាន់តែ​មាន​ភាព​ងាយស្រួល​នៅ​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស ។

គិត​ត្រឹម​ខែកញ្ញា ២០១៥ ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​២១.៦៥២.៣៧៧​គ្រឿង ខណៈ​ទូរស័ព្ទ​អ​ចល័ត​មាន​ចំនួន​២៨៣.៨៦២ គ្រឿង ។ ដោយឡែក ក្នុង​រយៈពេល​ដូច​គ្នា​នេះ អ្នក​ប្រើ​អីុ​ន​ធើ​រ​ណេ​ត​ចល័ត​មាន​ចំនួន ៦.១៧៩.០២៩​នាក់ និង​អីុន​ធើ​រ​ណេ​ត​អ​ចល័ត​មាន​ចំនួន​៧៧.៣៥៩​នាក់ ៕