ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ដែលត្រូវជាពូសាច់ថ្លៃបានចាប់ក្មួយស្រីអាយុ០៨ឆ្នាំរំលោភរហូតបានសម្រេច លុះក្រោយមកបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
ករណីរំលោភសេពសន្ថវៈនេះបានកើតឡើងកាលពីជាង១០ថ្ងៃមុនមកម្ល៉េះនៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ប៉ុន្តែទើបតែបែកការណ៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៧ វិច្ឆិកា ២០១៥ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់។
លោកមេប៉ុស្ដិ៍រដ្ឋបាលសង្កាត់លលកសបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះឆុន ឈីន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ ចំណែកក្មេងស្រីអាយុ០៨ឆ្នាំត្រូវជាក្មួយសាច់ថ្លៃរស់នៅក្នុងភូមិជាមួយគ្នា។
ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកម្ដាយក្មេងស្រីរងគ្រោះដែលបានមកប្ដឹងកាលពីថ្ងៃទី១៧ វិច្ឆិកា ថា កូនស្រីរបស់គាត់ត្រូវជនសង្ស័យខាងលើចាប់រំលោភរហូតបានសម្រេចកាលពីជាង១០ថ្ងៃមុន ខណៈពេលដែលពួកគាត់រវល់ទៅចំការនៅឯស្រុកភ្នំក្រវាញ ហើយទុកកូនស្រីឲ្យនៅចាំផ្ទះតែម្នាក់ឯង៕
ចែករំលែកព័តមាននេះ