រាជធានីភ្នំពេញ ៖ បុរសជាជនជាតិកូរ៉េម្នាក់ដើរស្រែកឡូឡាផ្លុំស្នែងធ្វើពីក្រដាសដើម្បីផ្សព្វផ្សាយសាសនាមួយធ្វើឲ្យមានការរំខានដល់ពលរដ្ឋត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង២៥និងនាទីយប់ថ្ងៃ៤ វិឆ្ឆិកា តាមបណ្តោយផ្លូវលេខ១៨២ ត្រង់ចំណុចមុខផ្សារអូរឫស្សី សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ។
ប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិកូរ៉េដែលមានវ័យជាង៤០ឆ្នាំរូបនេះ តែងតែដើរផ្លុំស្នែងធ្វើពីក្រដាសស្រែកឡូឡាដែលសម្តែងពីការផ្សព្វផ្សាយសាសនាយេស៊ូនេះជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ។ ដោយឡែក សម្រាប់លើកនេះ ដោយសារតែយប់ទៅហើយបុរសរូបនេះនៅតែដើរផ្លុំស្នែងហើយស្រែកឡូឡាធ្វើឲ្យរំខានដល់ប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះមកដល់ឃាត់ខ្លួនយកទៅការិយាល័យអន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប៉ុន្តែបុរសជនជាតិកូរ៉េនៅក្រាញននៀលមិនឲ្យសមត្ថកិច្ចចាប់ខ្លួនទេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមរ៉ឺម៉កម៉ូតូជួយចាប់ ទើបចាប់លើកដាក់លើរ៉ឺម៉កម៉ូតូដឹកបញ្ជូនទៅការិយាល័យអន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕


ចែករំលែកព័តមាននេះ