ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​ចម្រុះ​ខេត្តសៀមរាប ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង និង​តំបន់​ផ្លូវ​៦០​ម៉ែត្រ

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ ដើម្បី​ជំរុញ​ការ​រៀបចំ​ក្រុង​សៀមរាប ឱ្យ​កាន់តែ​មាន​សោភ័ណ​ភាព និង​សណ្ដាប់ធ្នាប់​ល្អ រសៀលថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ ២០២៦​នេះ ក្រុមការងារ​ចម្រុះ​នៃ​លេខាធិការដ្ឋាន​រដ្ឋបាល​ខេត្តសៀមរាប រដ្ឋបាល​ក្រុង​សៀមរាប និង ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និងសោភ័ណ​ភាព​តាម​បណ្ដោយ​ដងផ្លូវ​សំខាន់​ៗ ក្នុង​ក្រុង​សៀមរាប ព្រមទាំង​តំបន់​លក់ដូរ​តាម​ផ្លូវ​អង្គរ​ឃ្យុ​ង​យូ (​ផ្លូវ​៦០) ផង​ដែរ​។

ក្នុង​ប្រតិបត្តិការ​នេះ ក្រុមការងារ​បាន​ផ្ដោត​លើ​ទីតាំង​សំខាន់​ៗ មួយ​ចំនួន រួម​មាន​ តំបន់​ដងស្ទឹង​សៀមរាប ចាប់ពី​ស្ពាន​អាង​ក្រពើ ដល់​ស្ពាន​បច្ចេកទេស​, បណ្ដោយ​ផ្លូវ ជាតិ​លេខ​៦ ចាប់ពី​ស្តុ​បកោះ​កេរ្តិ៍ ដល់​រង្វង់​មូល​គ្រុឌ​, តំបន់​ជុំវិញ​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប និង​ទីតាំង​អាជីវកម្ម​លក់ដូរ​បណ្ដោះអាសន្ន តាម​បណ្ដោយ​ផ្លូវ​អង្គរ ឃ្យុ​ង យូ (​ផ្លូវ​៦០)​។

ជាមួយ​គ្នា​នេះ ក្រុមការងារ ចម្រុះ​.​បាន​ចុះ​រុះរើ និង​ដកហូត​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​ដែល​ខូច​ទ្រុឌទ្រោម និងបាត់បង់​សោភ័ណ​ភាព​តាម​ដងស្ទឹង និង ដងផ្លូវ​សាធារណៈ​បាន​ចំនួន ១២​ផ្ទាំង ស្មើនឹង៧​ទីតាំង​។ ចំពោះ​សម្ភារ​ដែល​បាន​ដកហូត ត្រូវ​យក​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ស្នាក់​ការ​អាង​ក្រពើ ដើម្បី​អនុវត្ត​នីតិវិធី​រដ្ឋបាល​បន្ត​។

ក្រុមការងារ​ក៏​បាន​ចាត់វិធានការ​រៀបចំ​សណ្ដាប់ធ្នាប់ លើ​ការ​ចត​យានយន្ត​គ្រប់​ប្រភេទ ឱ្យ​មាន​របៀប​រៀបរយ និង​ណែនាំ​ដល់​អាជីវករ​មិន​ឱ្យ​ដាក់​លក់ដូរ​រំលោភ​លើ​ដី​ចំណី​ផ្លូវ​ឡើយ​។ ដោយឡែក​សម្រាប់​តំបន់​ផ្លូវ​អង្គរ​ឃ្យុ​ង​យូ (​ផ្លូវ​៦០) រដ្ឋបាល​ខេត្ត​បាន​កំណត់​ពង្រឹង​របៀបរៀបរយ​ជា​ថ្មី ដោយ​តម្រូវ​ឱ្យ​បងប្អូន​អាជីវករ​ចាប់ផ្ដើម​រៀប​ចំការ​លក់ដូរ​បាន​ចាប់ពី​ម៉ោង ៣​រសៀល តទៅ​ប៉ុណ្ណោះ​។

រដ្ឋបាល​ខេត្តសៀមរាប សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ ព្រម ទាំង​ម្ចាស់​អាជីវកម្ម​ទាំងអស់ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​តាម​រយៈ​ការ​ចូលរួម​ថែរក្សា​សោភ័ណ​ភាព ដោយ​មិន​ត្រូវ​ដាក់​តាំង​លក់ដូរ​សម្ភារ ឬ​ចត​យានយន្ត​រំលោភ​លើ​ទ្រូងផ្លូវ និង​ដី​ចំណី​ផ្លូវ​សាធារណៈ​។ សម្រាប់​អាជីវករ​នៅ​ផ្លូវ​អង្គរ​ឃ្យុ​ង​យូ (​ផ្លូវ​៦០) សូម​មេត្តា​ចូលរួម​រៀប​ចំការ​លក់ដូរ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ពេលវេលា​ដែល​បាន​កំណត់​។

ជា​ពិសេស សូម​ចូលរួម​ទុកដាក់​សំរាម​ឱ្យ​បាន​រៀបរយ​តាម​ទីតាំង​ដែល​បាន​រៀបចំ ដើម្បី​រួម​គ្នា​រក្សា​អនាម័យ បរិស្ថាន និង​លើកកម្ពស់​មុខមាត់​ខេត្តសៀមរាប ដកស្រង់​ជាទី​ក្រុង​ទេសចរណ៍​គំរូ​៕