សម្ដេចធិបតី ៖ ការបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ គឺជាការអនុវត្តដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា ការបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១នេះ គឺជាការអនុវត្តដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជា និងប្រវត្តិសាស្ត្រនៃកងយោធពលខេមរភូមិន្ទនូវយោធិនកាតព្វកិច្ច ហើយសង្ឃឹមថា វគ្គនេះនឹងចាប់ផ្ដើមជាវគ្គដែលល្អ និងជាវគ្គដែលរៀបចំកំណត់នូវស្តង់ដារសម្រាប់វគ្គក្រោយៗទៀត។

ការគូសបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបែបនេះ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ច ជំនាន់ទី១ ឆ្នាំ២០២៦ នៅសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានកោះឆ្នេរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវក្ដីសោមនស្សរីករាយចំពោះពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធាក្នុងវគ្គដំបូងឆ្នាំ២០២៦នាពេលនេះ ព្រមទាំងបានសម្ដែងនូវមនោសញ្ចេតនាស្រឡាញ់រាប់អាន និងការកោតសរសើរយ៉ាងក្រៃលែងចំពោះយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ និងក្រុមគ្រួសារដែលមានភាពក្លាហាន ឆន្ទៈមោះមុត ជាពិសេសគឺស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីជាពលរដ្ឋដែលស្រឡាញ់ និងស្ម័គ្រចិត្តបម្រើជាតិមាតុភូមិគ្រប់កាលៈទេសៈទាំងអស់។
សម្ដេចធិបតីបានលើកឡើងថា បើផ្អែកតាមរបាយការណ៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការជាតិកាតព្វកិច្ចយោធា ក្រោមការដឹកនាំសម្របសម្រួលរបស់គណៈកម្មការជាតិ គ្រប់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហាត់យោធិនកាតព្វកិច្ចយោធាបានចូលរួមសហការរៀបចំវគ្គដំបូង នៃការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ប្រកបដោយស្មារតីបុរេសកម្ម និងអន្តរសកម្ម ធ្វើឱ្យការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ថ្នាក់ដឹកនាំ និងបុគ្គលិកនៃគណៈកម្មការជាតិ ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ខ្សែបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កងរាជវុធហត្ថរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានសហការជិតស្និទ្ធ និងធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយសង្គតិភាពនៅក្នុងអភិក្រមចីរភាពនៃប្រព័ន្ធតួអង្គតែមួយ រហូតសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈនាពេលនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ការដាក់អនុវត្តនូវកាតព្វកិច្ចយោធាជាយុទ្ធសាស្ត្ររយៈពេលវែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងមូលធនមនុស្សក្នុងវិស័យការពារជាតិ ជាពិសេសការដុសខាត់បញ្ញាស្មារតីរបស់យុវជន ដែលជាប្រភពធនធានមនុស្សមិនចេះរីងស្ងួតឱ្យស្រឡាញ់ជាតិមាតុភូមិ គោរពច្បាប់ មានវិន័យ និងត្រៀមខ្លួនចូលរួមបម្រើជាតិនៅគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីបានអះអាងថា យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺន នឹងទទួលបានបទពិសោធន៍ក្នុងការគ្រប់គ្រងខ្លួនឯង គោរពពេលវេលា ដោះស្រាយបញ្ហាជាក់ស្ដែង ចេះរួមរស់ជាមួយអ្នកដទៃប្រកបដោយភាតរភាព និងភាពជាអ្នកដឹកនាំ ដែលយុវជនទាំងនេះនឹងក្លាយជាខឿនការពារជាតិដ៏រឹងមាំបំផុត៕










ចែករំលែកព័តមាននេះ