មហាជនកំពុងចាប់អារម្មណ៍ តើនៅមានទំនិញស្ករសដឹកមកពីស្រុកសៀមមែនឬ?
- កណ្តាល
ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍ឲ្យដឹងថា មានឃ្លាំងស្តុកស្ករសមួយកន្លែងស្ថិតនៅភូមិព្រែកហូរខាងលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល គេតែងតែសង្កេតឃើញរថយន្តធុនធំជាច្រើនគ្រឿង ដឹកស្ករសយកមកស្តុកនៅឃ្លាំងនោះ ដែលអ្នករាយការណ៍ថា ស្ករសនោះគឺគេដឹកមកពីប្រទេសថៃ តាមរយៈផ្លូវទឹកចូលខេត្តកំពត នឹងបន្តដឹកមកស្តុកនៅឃ្លាំងខាងលើនេះ រួចនាំទៅកាន់ប្រទេសវៀតណាម។
សេចក្តីរាយការណ៍បន្តថា ឃ្លាំងស្តុកទំនិញស្ករសមួយកន្លែងនោះ គឺជាឃ្លាំងដែលគេហៅឈ្មោះគាត់ថា តាជរៗ ហើយឃ្លាំង តាជរ នោះគេឃើញមានបុរសម្នាក់ស្លៀកពាក់ស៊ីវិល មានគេស្គាល់ច្បាស់ជាមន្ត្រីនគរបាលសេដ្ឋកិច្ច ចេញចូលៗ នៅពេលរថយន្តដឹកទំនិញស្ករសមកដល់ម្តងៗ អត់ឃើញចាប់ទេ…សង្ស័យទំនិញស្របច្បាប់មែនហើយមើលទៅ ។
អ្នករាយការណ៍ឲ្យដឹងទៀតថា ទំនិញស្ករសរាប់សិបតោនដឹកតាមរថយន្តយកមកស្តុកនៅឃ្លាំង តាជរ នោះ គឺជាទំនិញរបស់ប្រទេសថៃ ដែលដឹកឆ្លងកាត់តាមលំហរសមុទ្រចូលមកខេត្តកំពត ដោយឈ្មួញ រួចបន្តដឹកមកស្តុកនៅឃ្លាំង តាជរ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលតាជរ គ្រាន់តែជាម្ចាស់ឃ្លាំងប៉ុណ្ណោះ។
បន្ទាប់ពីចូលឃ្លាំងហើយត្រូវបានម្ចាស់ទំនិញ ផ្លាស់ប្តូរសម្បកការុង (ដូរអាវ) ដែលមានសញ្ញា និងអក្សរថៃចោល ហើយដាក់ម៉ាកសញ្ញា ជាអក្សរខ្មែរ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងមហាជន ដែលកំពុងរួមគ្នាពហិការ ចំពោះទំនិញនិងផលិតផលរបស់ប្រទេសសៀម។
ទំនិញស្ករសសៀមនៅពេលគេដូរសម្បករួច ឈ្មួញបានដឹកចេញពីឃ្លាំងតាជរ យកទៅលក់នៅប្រទេសវៀតណាម ដោយក្បួនរថយន្តខ្លះបានធ្វើដំណើរចេញទៅតាមផ្លូវជាតិលេខ១ ខេត្តកណ្តាល ឆ្លងកាត់ស្ពានអ្នកលឿងខេត្តព្រៃវែង និងខេត្តស្វាយរៀងឆ្ពោះទៅក្រុងបាវិត គឺដឹកយ៉ាងរលូនដោយគ្មានជួបឧបសគ្គតាមផ្លូវឡើយ។ រីឯក្បួនរថយន្តដឹកស្ករសមួយក្រុមទៀតបានធ្វើដំណើរយ៉ាងរំភើយ តាមផ្លូវជាតិលេខ២ ឆ្ពោះទៅស្រុកកោះធំ ខេត្តកណ្តាល ឆ្លងទៅលក់នៅប្រទេសវៀតណាមក៏គ្មានឧបសគ្គអ្វីដែរ។
ករណីខាងលើនេះបើតាមមន្ត្រីនគរបាលជំនាញសេដ្ឋកិច្ចម្នាក់ ដែលចូលនិវត្តន៍ហើយនោះបង្ហើបឲ្យដឹងថា ទំនិញស្ករសដែលឈ្មួញនាំមកពីប្រទេសថៃ ដឹកជញ្ជូនតាមផ្លូវទឹកផ្លូវគោកចូលមកកម្ពុជា មិនខុសច្បាប់ទេគឺឲ្យតែបង់ពន្ធចូលរដ្ឋត្រឹមត្រូវ ព្រោះប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន គឺបានចុះកិច្ចព្រមព្រៀង (MOU) មានទំនាក់ទំនងរកស៊ីផ្លាស់ប្តូរទំនិញ និងផលិតផលទៅវិញទៅមក ឱ្យតែស្របច្បាប់ មិនថាផ្លូវទឹក ផ្លូវគោក ឬផ្លូវអាកាស ប៉ុន្តែសំខាន់ឲ្យតែប្រជាពលរដ្ឋខ្មែរយើង ប្រកាន់ជំហរដាច់ខាតមិនប្រើប្រាស់ទំនិញឬផលិតផលសៀមទៅចប់ហើយ។
ផ្ទុយមកវិញ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាប្រឆាំងដាច់ខាត ការលួចលាក់នាំចូលដូចជា បន្លែ ត្រីសាច់ម្ហូបអាហារ ប្រេងឥន្ទនៈ គ្រឿងទេស ទឹក ភ្លើង ប្រពន្ធអុបទិច។ល។ តាមច្រកព្រំដែនកំពុងមានជម្លោះ គឺបានធ្វើពហិការមិនប្រើប្រាស់ដាច់ខាត ។
មិនអាចសុំការបំភ្លឺច្បាស់លាស់ពីប្រភពណាមួយបានទេ ។ ប៉ុន្តែបើមានការបំភ្លឺពីសមត្ថកិច្ចជំនាញ ឬពីម្ចាស់ឃ្លាំង យើងនឹងផ្សាយជូនបន្តទៀត ដើម្បីកុំឱ្យមហាជនមានការសង្ស័យច្រើនពេក ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕


ចែករំលែកព័តមាននេះ