ខេត្តពោធិ៍សាត់ ៖ គ្រូអូមអាមម្នាក់ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី០៣ វិច្ឆិកា ២០១៥ដោយសារលួងលោមក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ រំលោភរហូតបានសម្រេចជាច្រើនដង ខណៈក្មេងស្រីរងគ្រោះទៅជួយមើលថែម្ដាយមីងដេកព្យាបាលជំងឺនៅផ្ទះរបស់គ្រូខាងលើនោះ ។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី០១ វិច្ឆិកា ២០១៥ មកម្ល៉េះ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ប៉ុន្តែសមត្ថកិច្ចទើបតែឃាត់ខ្លួននៅថ្ងៃទី០៣ វិច្ឆិកា បន្ទាប់ពីបែកការណ៍ ។
សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា គ្រូអូមអាមក្ដាមដុតនេះឈ្មោះព្រំ សូម៉េន ភេទប្រុស អាយុ៧២ឆ្នាំ មានទីលំនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែមកស្នាក់ជាបណ្ដោះអាសន្ននៅភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ ធ្វើជាគ្រូដោះអំពើ គ្រូស្នេហ៍ និងមើលជំងឺក្នុងផ្លូវងងឹតផ្សេងៗ ។
ទាក់ទិននឹងរឿងនេះ ស្ត្រីម្នាក់ឈ្មោះស៊ឹម ភារុណ អាយុ២៤ឆ្នាំ រស់នៅក្នុងស្រុកកើតហេតុខាងលើ បានមកដេកស្នាក់នៅផ្ទះគ្រូអូមអាមអស់រយៈពេល២ខែមកហើយ ដើម្បីឱ្យគ្រូនោះព្យាបាលជំងឺ និងដោះអំពើ ដោយបានយកក្មួយស្រីអាយុ១៥ឆ្នាំម្នាក់ មកជួយបម្រើផងដែរ ។ ក្នុងរយៈពេល២ខែនោះ គ្រូអូមអាមបានប្រើល្បិចលួងលោមក្មេងស្រីរួមរ័កបានចំនួន៦លើក ប៉ុន្តែសាមីខ្លួនឪពុកម្ដាយ និងបងប្អូនរបស់ក្មេងស្រី មិនបានប្ដឹងសមត្ថកិច្ចទេ ។
ក្រោយមករឿងនេះ បានបែកការណ៍ដល់អ្នកភូមិ និងសមត្ថកិច្ច ក៏ចុះធ្វើការស៊ើបអង្កេត ហើយបានហៅគ្រូអូមអាមនោះ មកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលកញ្ជរ ស្រាប់តែសារភាពការពិត ទើបឃាត់ខ្លួនតែម្ដង ។ មូលហេតុដែលនាំឱ្យក្មេងស្រីអាយុ១៥ឆ្នាំ ព្រមរួមរ័កជាមួយគ្រូអូមអាមកំហូច រហូតដល់ទៅ៦ដងនោះ ដោយសារតែជឿលើសម្តីគ្រូនោះថា ទាល់តែរួមរ័កជាមួយគ្នា ទើបមីងឆាប់ជា ។គ្រូអូមអាមរូបនោះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅដដែលផងដែរ ៕
ចែករំលែកព័តមាននេះ