រាជធានីភ្នំពេញ ៖ បុរសជាជាងសំណង់ម្នាក់ត្រូវឪពុករបស់ក្មេងស្រីរងគ្រោះចាប់ខ្លួនយកមកប្រគល់ឱ្យនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ក្រោយពីបានធ្វើសកម្មភាពលួងលោមកូនស្រីរបស់គាត់យកទៅរំលោភបានសម្រេចចំនួន១លើក ហើយព្យាយាមរំលោភម្តងទៀត។
ហេតុការណ៍ចាប់រំលោភនេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២០ តុលា ២០១៥ នៅក្នុងការដ្ឋានសំណង់បាលី ផ្លូវឡើងស្ពានហង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា បុរសជាប់ចោទមានឈ្មោះ ហេង ភាព អាយុ២៤ឆ្នាំ មុខរបរជាជាងភ្លើង ស្នាក់នៅក្នុងការដ្ឋានសំណង់កើតហេតុខាងលើ។
មុនពេលកើតហេតុកាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១៨ តុលា កន្លងមក ក្មេងស្រីរងគ្រោះបានឡើងទៅជាន់ទី៣ លើការដ្ឋានសំណង់ខាងលើនៅពេលដែលបុរសជាប់ចោទកំពុងតែអង្គុយផឹកស្រាជាមួយមិត្តភក្តិចំនួន២ទៅ៣នាក់ ពេលនោះពួកគេក៏បានឈប់ផឹក និងបែកផ្លូវគ្នាអស់ទៅ។
ប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះបុរសជាប់ចោទក៏បានហៅក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន ហើយបានចាប់អោប និងថើបក្នុងបំណងចង់រំលោភ តែនាងមិនព្រមក៏បានរត់ចុះទៅជាន់ផ្ទាល់ដីវិញ។
លុះក្រោយមកអ្នកធ្វើការក្នុងការដ្ឋាននោះ បានឃើញ និងដឹងរឿងក៏បានប្រាប់ទៅឪពុករបស់ក្មេងស្រីរងគ្រោះ ក៏ហៅក្មេងស្រីរងគ្រោះទៅជជីកសួរទើបបែកធ្លាយរឿងកាលពីថ្ងៃទី១៧ តុលា កន្លងមកនេះថា បុរសជាប់ចោទធ្លាប់បានលួងលោមរូបនាងយកទៅរំលោភបានសម្រេចម្តងរួចមកហើយទើបចាប់ខ្លួនយកមកប្រគល់ឱ្យកម្លាំងមានសម្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់តែម្តង៕
ចែករំលែកព័តមាននេះ