ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្នភាព​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង​បារាំង​បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ទាំង​ផ្នែក​ការទូត សេដ្ឋកិច្ច និង​វប្បធម៌ ជា​យូរលង់​ណាស់​មក​ហើយ ។ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង​បារាំង​បាន​ចាប់ផ្តើម​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ទាំង​ផ្នែក​ការទូត សេដ្ឋកិច្ច និង​វប្បធម៌ ជា​យូរលង់​ណាស់​មក​ហើយ ។ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស បារាំង​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កសាង និង​ស្តារ​ប្រទេស​កម្ពុជា​ឡើង​វិញ​តាម​រយ​:​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ និង​ការ​វិនិយោគ​ផ្សេង​ៗ ។ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​វិញ ក៏​មានការ​កើន​ឡើងជា​ប្រចាំ​ផង​ដែរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ក្នុង​នោះ​ដែរ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​បារាំង ក៏​មានការ​កើន​ឡើងជា​លំដាប់​រហូត​ដល់​៤៦៥​លាន​អឺ​រ៉ូ (​ប្រហែល​៥០០​លាន​ដុល្លារ​) នៅ​ឆ្នាំ​២០១៤ ហើយ​នៅ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៥ ការ​នាំ​ចេញពី​កម្ពុជា​ទៅ​បារាំង​បាន​កើនឡើង​រហូត​ដល់​៦០​ភាគរយ (​ស្មើនឹង​៣២៧​លាន​អឺ​រ៉ូ​) រីឯ​ការ​នាំ​ចូល​មក​កម្ពុជា​វិញ​កើនឡើង​ចំនួន​៣២​ភាគរយ (​ស្មើនឹង​៥១​លាន​អឺ​រ៉ូ​) បើ​ធៀប​នឹង​រយ​:​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

ចំណែក​ឱនភាព​សេដ្ឋកិច្ច ត្រូវ​បាន​លោក​ឯកអគ្គរដ្ឋទូត​បារាំង​ពន្យល់​ថា បណ្តាល​មក​ពី​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ និង​ស្បែកជើង​ជា​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង ហើយ​ប្រទេស​បារាំង​ក៏​ជាទី​ផ្សារ​ដ៏​ធំ​ជាងគេ​នៅ​អឺរ៉ុប​សម្រាប់​អង្ករ​កម្ពុជា​ផង​ដែរ ដោយ​បាន​នាំ​ចូល​អង្ករ​ចំនួន​៧​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៤ ។

លោក Jean-Claude POIMBOEUF ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​មាន​ប្រសាសន៍​អ្នក​យក​ព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​(KB)​របស់​កោះសន្តិភាព​ថា ៖ «​ពាណិជ្ជកម្ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​បារាំង​-​កម្ពុជា ព្រោះ​បាន​រួមចំណែក​ក្នុង​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​» ។

លោក​បញ្ជាក់​ថា ៖ «​មាន​សាខា​ក្រុមហ៊ុន​បារាំង​ធំ​ៗ​ចំនួន​៤០ កំពុង​តែ​ដំណើរការ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រៅពី​នេះ មាន​ក្រុមហ៊ុន​ចំនួន​១៤០​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ពាណិជ្ជករ​បារាំង​-​ខ្មែរ ហើយ​បាន​ចុះបញ្ជី​នៅ​សភាពាណិជ្ជកម្ម​បារាំង​-​កម្ពុជា នៅ​ភ្នំពេញ​» ។

យោង​តាម​លោក​ឯកអគ្គរដ្ឋទូត ក្រុមហ៊ុន​បារាំង​ល្បី​ៗ​ទាំងនោះ​បាន​វិនិយោគទុន​ច្រើន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា ព្រ​លាន​យន្តហោះ (​ក្រុមហ៊ុន VINCI) វិស័យ​ថាមពល ដូច​ជា ក្រុមហ៊ុន​ប្រេងឥន្ធនៈ TOTAL ដែល​មាន​ស្ថានីយប្រេងឥន្ធនៈ​សរុប​ជាង​៥០​កន្លែង​ក្នុង​ប្រទេស ហើយ​កំពុង​បើក​ជា​បន្តបន្ទាប់​ជា​រៀង​រាល់​ឆ្នាំ ។ ក្រុមហ៊ុន​ដទៃ​ទៀត​ក៏​កំពុង​វិនិយោគ​លើ​ផ្នែក​ឱសថ ក្នុង​នោះ​មាន​ក្រុមហ៊ុន Sanofi និង Servier ជាដើម ។ វិស័យ​ទេសចរណ៍ សណ្ឋាគារ និង​ភោជនីយដ្ឋាន ក៏​អាច​ទាក់ទាញ​ការ​បណ្តាក់ទុន​របស់​ក្រុមហ៊ុន​បារាំង​ផង​ដែរ មាន​ជា​អាទិ សណ្ឋាគារ Sofitel នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ។ ក្រៅពី​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ទេសចរណ៍ ប្រទេស​បារាំង​ក៏​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​ក្នុង​វិស័យ​ព័ត៌មានវិទ្យា បច្ចេកវិទ្យា​កុំព្យូទ័រ និង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ផង​ដែរ ។

លោក សូរ​ស្មី កែ​ប៊ិ​ន ប្រធាន​ក្រុមហ៊ុន Confluences មាន​ប្រសាសន៍​ថា ៖ «​នៅ​ពេល​ដំបូង វា​មិនមែន​ជា​ការ​ងាយស្រួល​ទេ ដែល​កម្ពុជា​ដាក់​គោលដៅ​លក់​អាជីវកម្ម​មួយ​របស់​ខ្លួន ប៉ុន្តែ​វា​មាន​ភាព​ប្រសើរ​ជាង​មុន ។ យើង​កំពុង​អភិវឌ្ឍន៍​បណ្តាញ​យ៉ាង​ខ្លាំង​នៃ​ភាព​ជា​ដៃគូ​ជាមួយ​ភ្នាក់ងារ​អាជីវកម្ម​ស្ថាប័ន ឬ​ឯកជន​នៅ​ប្រទេស​បារាំង និង​អឺរ៉ុប​ដែល​សំដៅ​ដល់​អតិថិជន​របស់​ខ្លួន​ទាំងអស់​ដែល​មាន​ផលប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​» ។

ក្រុមហ៊ុន Confluences ជាទី​ភ្នាក់ងារ​ប្រឹក្សា​យោបល់​មួយ​បង្កើត​ឡើង​ដោយ​សហគ្រិន​សម្រាប់​សហគ្រិន ក្នុង​ការ​ដឹកនាំ​អ្នក​វិនិយោគ​ថ្មី​ដើម្បី​មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ។
លោក សូរ​ស្មី កែ​ប៊ិ​ន បញ្ជាក់​ថា ៖ «​សម្រាប់​រយៈពេល​១២​ខែ​នៃ​ដំណើរការ​របស់​ក្រុមហ៊ុន យើង​ធ្លាប់​បាន​ទាក់ទង​ចំនួន​៣៥​ក្រុមហ៊ុន​កន្លង​មក រួម​នឹង​គម្រោង​ភាគច្រើន​ជា​ក្រុមហ៊ុន​បារាំង ហើយ​យើង​កំពុងធ្វើការ​ជាមួយ​ក្រុមហ៊ុន​ចំនួន​២៥ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​» ។

ការ​វិនិយោគទុន​របស់​ប្រទេស​បារាំង​មក​កាន់​ប្រទេស​កម្ពុជា​មានការ​កើនឡើង និង​ដំណើរការ​ល្អ ដោយ​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​ភាសា​បារាំង​ក្នុង​មុខរបរ​អាជីវកម្ម និង​ការងារ ក៏​មានការ​កើនឡើង និង​ត្រូវ​ប្រើប្រាស់​ជា​ចាំបាច់​ផង​ដែរ ។

លោក Franck Touch អ្នកជំនួញ​ខ្មែរ​-​បារាំង​ម្នាក់ ដែល​កំពុង​គ្រប់គ្រង​បុគ្គលិក​ប្រមាណ​ជា​១០០​នាក់​ក្នុង​ក្រុមហ៊ុន​ចំនួន​៤ រួម​មាន KhmerDev, K-Digidata, Vecteur IT និង O3D Asia ដែល​បណ្តុះបណ្តាល​លើ​ជំនាញ​ក្រា​ហ្វី​ក​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ៖ «​ក្នុង​ក្រុមហ៊ុន​ទាំង​បួន​នេះ​មាន​បុគ្គលិក​ចំនួន​១៦​នាក់​អាច​និយាយ​ភាសា​បារាំង​បាន ។ បុគ្គលិក​ដែល​និយាយ​ភាសា​បារាំង​បាន តែង​មាន​ប្រៀប​ជាង​អ្នក​ដែល​មិន​ចេះ​ភាសា​បារាំង ដោយសារ​តែ​អតិថិជន​ភាគច្រើន​ជា​ជនជាតិ​បារាំង ។ វា​ជា​ការ​ចាំបាច់​សម្រាប់​បុគ្គលិក​ក្នុង​តួនាទី​គ្រប់គ្រង​អាច​និយាយ​ភាសា​បារាំង​បាន ដូច្នេះ​ពួក​គេ​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន​យ៉ាង​ងាយស្រួល​ជាមួយនឹង​អតិថិជន​» ។

លោក​បន្ថែម​ថា ៖ «​ដោយសារ​ភាសា​បារាំង​ជា​ភាសា​មួយ​លំបាក​រៀន តែងតែ​ជា​បន្ទុក​បន្ថែម​សម្រាប់​បុគ្គលិក​ដែល​អាច​និយាយ​ភាសា​បារាំង​បាន​ក្នុង​ក្រុមហ៊ុន ។ ជាមួយ​គ្នា​នេះ​ដែរ វា​បង្ហាញ​ពី​សក្តានុពល​នៅ​នៃ​បុគ្គលិក​ម្នាក់​នោះ​ថា គាត់​អាច​ដោះស្រាយ​បញ្ហា​ជាមួយ​អតិថិជន​ដែល​មក​ពី​ប្រទេស​ផ្សេង​គ្នា​បាន​» ។

ទោះបីជា​ប្រទេស​បារាំង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​កម្ពុជា​លើ​វិស័យ​ជំនួញ​យ៉ាងណា​ក្តី ក៏​ការ​ធ្វើ​អាជីវកម្ម​នៅ​មាន​ពេញ​បរិបូរណ៍​ក្នុង​ការ​នាំ​ចេញ និង​ការ​នាំ​ចូល​នៅឡើយ ។

លោក​ឯកអគ្គរដ្ឋទូត​បារាំង​បាន​បង្ហាញ​នូវ​ការ​នាំ​ចូល​ផលិតផល​ពី​ប្រទេស​បារាំង​មក​ប្រទេស​កម្ពុជា​ថា ៖ «​នៅ​មាន​ភាព​តិចតួចស្តួចស្តើង ដោយសារ​ផលិតផល​សំខាន់​មាន​ប្រមាណ​ត្រឹមតែ​១​ភាគ​៣​នៃ​ផលិតផល​ស​សរុប​ប៉ុណ្ណោះ ។

លោក Jean-Claude POIMBOEUF បញ្ជាក់​បន្ថែម​ថា ៖ «​បើ​យើង​ធ្វើការ​ប្រៀបធៀប​វិញ​ឃើញ​ថា ការ​នាំ​ចេញពី​បារាំង​មក​កាន់​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅឡើយ ។ ផលិតផល​នាំ​ចេញ​ភាគច្រើន​ជា​ឱសថ ស្មើនឹង​ជាង​១​ភាគ​៣​នៃ​ទំហំ​ផលិតផល​នាំ​ចេញ​ម​កម្ពុជា​ទាំងអស់ ។ ក្រៅពី​នោះ ជា​ផលិតផល​ចំណីអាហារ​មាន​ប្រមាណ​១​ភាគ​៣ និង​គ្រឿង​បរិក្ខារ​ផ្សេង​ៗ» ។

លោក​បាន​សន្យា​ផង​ដែរ​ក្នុង​ការ​ផ្សព្វផ្សាយ​ទីផ្សារ​កម្ពុជា​ទៅ​កាន់​ក្រុមហ៊ុន​បារាំង​នានា ជា​ពិសេស​តាម​រយ​:​ការិយាល័យ​ពាណិជ្ជកម្ម​របស់​ស្ថានទូត ដើម្បី​បង្កើន​ការ​វិនិយោគ​របស់​បារាំង​នៅ​កម្ពុជា ។ លោក​ក៏​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ចម្រើន​នៃ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​នា​ពេល​អនាគត ដោយសារ​ប្រទេស​កម្ពុជា​មាន​ភាព​ទាក់ទាញ និង​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ក្នុង​រង្វង់​ជា​មធ្យម​៧​ភាគរយ​ក្នុង​មួយ​ឆ្នាំ អស់​រយ​:​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ៕