ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​វិស័យ​កសិកម្ម​ឆ្នាំ​នេះ​ធ្លាក់​ចុះ ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​កម្ពុជា

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កំណើន​វិស័យ​កសិកម្ម​ធ្លាក់​ចុះ ខណៈ​ពេល​ដែល​យន្តការ​ក្នុង​ការ​បង្កើន​ទិន្នផល​ស្រូវ​នៅ​យឺត ព្រមទាំង​តម្លៃ​កសិផល​ធ្លាក់​ចុះ​។ តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​២០១៥

រាជធានី​ភ្នំពេញ ៖ កំណើន​វិស័យ​កសិកម្ម​ធ្លាក់​ចុះ ខណៈ​ពេល​ដែល​យន្តការ​ក្នុង​ការ​បង្កើន​ទិន្នផល​ស្រូវ​នៅ​យឺត ព្រមទាំង​តម្លៃ​កសិផល​ធ្លាក់​ចុះ​។  តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៥ តុលា ឆ្នាំ​២០១៥ បាន​បង្កា​ញ​ថា កំណើន​វិស័យ​កសិកម្ម​មានការ​ធ្លាក់​ចុះ​ពី​៤,៣​ភាគរយ​ក្នុង​២០១២ មក​ត្រឹម​០,៣​ភាគរយ​ក្នុង​ឆ្នាំ​២០១៤ ហើយ​រំពឹង​ថា​កំណើន​នេះ​នឹង​ត្រឡប់​មក​វិញ​ត្រឹម​១​ភាគរយ​ក្នុង​ឆ្នាំ​២០១៥ ។

ខណៈ​ពេល​វិស័យ​កសិកម្ម​មាន​កំណើន​៤,៣​ភាគរយ សេដ្ឋកិច្ច​មាន​កំណើន​៧,៣​ភាគរយ​ក្នុង​ឆ្នាំ​២០១២ ហើយ​នៅ​ពេល​កំណើន​កសិកម្ម​ធ្លាក់​ចុះ​មក​ត្រឹម​០,៣​ភាគរយ កំណើនសេដ្ឋកិច្ច​ធ្លាក់​ចុះ​ត្រឹម​៧,១​ភាគរយ​ក្នុង​២០១៤ ។

របាយការណ៍​បញ្ជាក់​ថា « ទិន្នផល​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​ដែល​ចុះ​ទាប​ជាង​មុន កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន ទោះបីជា​កំណើន​នេះ​នៅ​រក្សា​បាន​ក្នុង​កម្រិត​៦,៩​ភាគរយ​ដដែល​ក៏​ដោយ​ក្នុង​ឆ្នាំ​២០១៥ » ។

លោក លី សូ​ដេ​ត អ្នក​សេដ្ឋកិច្ច​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា ក្នុង​វិស័យ​កសិកម្ម​មានការ​ថមថយ ដោយសារ​កម្ពុជា​នៅ​តែ​ពឹងផ្អែក​លើ​ទឹក​ភ្លៀវ​ច្រើន ហើយ​នៅ​ពេល​ដែល​ភ្លៀង​មិន​ទៀងទាត់ វា​ធ្វើ​ឲ្យ​ផលិតផល​កសិកម្ម ពិសេស​គឺ​ស្រូវ មាន​ទិន្នផល​ធ្លាក់​ចុះ និង​ការ​ដាំ​ដុះ​មានការ​លំបាក ។

ក្នុង​ឆ្នាំ​២០១៥​នេះ ការ​ប្រមូល​ផល​ត្រូវ​បាន​ពន្យារពេល ដោយសារ​ការ​ធ្លាក់​ទឹកភ្លៀង​យឺតយ៉ាវ ហើយ​ទិន្នផល​ក្នុង​រដូវវស្សា​បាន​ធ្លាក់​ចុះ​៣,៨​ភាគរយ ដល់​២,៨១​តោន​ក្នុង​មួយ​ហិ​កតា ដែល​ធ្វើ​ឲ្យ​ផលិតភាព​ធ្លាក់​ចុះ​ពី​៧,២៤​លាន​តោន មក​នៅ​ត្រឹម​៧,១៤​លាន​តោន​ក្នុង​ឆ្នាំ​២០១៤ ។

តាម​របាយការណ៍​ប្រចាំឆ្នាំ​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទិន្នផល​ស្រូវ​កាលពី​ឆ្នាំ​មុន​បាន​ថយ​ចុះ​២,៦៧​ភាគរយ​ពី​៣,១​តោន​ក្នុង​មួយ​ហិ​កតា​កាលពី​ឆ្នាំ​២០១៣ មក​នៅ​ត្រឹម ៣,០៧​តោន​ក្នុង​មួយ​ហិ​កតា​ដែល​ធ្វើការ​ប្រមូល​ផល​ស្រូវ​សរុប​បាន​៩,៣២​លាន​តោន​ថយ​ចុះ ០,៧​ភាគរយ ធៀប​នឹង​៩៣៨​លាន​តោន​កាលពី​ឆ្នាំ​២០១៣ ។

លោក លី សូ​ដេ​ត បាន​មាន​ប្រសាសន៍​ថា ៖ « កសិកម្ម​មានការ​គិតគូរ​ច្រើន ទោះបី​យ៉ាងណា​កម្ពុជា​នៅ​តែ​មាន​បញ្ហា​គ្រាប់ពូជ​ជាដើម ដែល​មិន​ទាន់​មាន​គ្រាប់ពូជ​ល្អ ផ្តល់​ឲ្យ​កសិករ​ដាំ​ដុះ​ឲ្យ​បាន​ទិន្នផល​ខ្ពស់​នៅឡើយ » ។

រឿង​ធារាសាស្ត្រ យើង​មិន​ទាន់​បានជា​ទូលំទូលាយ ព្រោះ​កសិកម្ម​នៅ​តែ​ពឹងពាក់​លើ​ភ្លៀង​ច្រើន ទោះបីជា​មានការ​ភ្ជួរ​រាស់​ដោយ​ម៉ាស៊ីន​ច្រើន មិន​ប្រើ​សត្វ​ដូច​មុន​ក៏​ដោយ ប៉ុន្តែ​រឿង​ទឹក យើង​មិន​ទាន់​មាន​ម្ចាស់​ការ​នៅឡើយ » ។

លោក Raza Mahmood Farrukh អ្នកឯកទេស​ខាង​ធនធានទឹក​នៃ​នាយកដ្ឋាន​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​លើក​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ផលិតភាព​កសិកម្ម​ទាប​គឺជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កសិករ​ខ្មែរ ដែល​ពឹង​លើ​ប្រព័ន្ធ​ធារាសាស្ត្រ និង​មិនសូវ​ទទួល​បានការ​ថែទាំ​សម្រាប់​បង្កបង្កើន​ផល​ស្រូវ​របស់​ខ្លួន ។
លោក នេត្រ ភក្ដ្រា អ្នកនាំពាក្យ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ផ្ទៃដី​នៅ​ប្រទេស​កម្ពុជា​មាន​២,៤​លាន​ហិ​កតា​ផ្ទៃដី​បង្កបង្កើន​ផល ប្រព័ន្ធ​ធារាសាស្ត្រ​គ្របដណ្តប់​ប្រមាណ​៥២​ភាគរយ​។ ក្រសួង​បាន​និង​កំពុង​តែ​បន្ត​ក្នុង​ការ​ដោះស្រាយ​ទឹក​សម្រាប់​ការ​បង្កបង្កើត​ផល​ដល់​ប្រជា​កសិករ ជាក់ស្តែង​ក្រសួង​បាន​ធ្វើ​ទាន់​អាង​ទឹក​មួយ​នៅ​ចង្កេះភ្នំ​ឱ​រ៉ា​ល់ ស្រុក​ឱ​រ៉ា​ល់​ដែល​អាច​ស្តុក​ទឹក​៦០​លាន​ម៉ែត្រគូប និង​បន្ត​យក​ទឹក​ពី​កំពង់ស្ពឺ​ជួយ​ខេត្តតាកែវ នៅ​ទន្លេបាទី ព្រមទាំង​បង្កើត​ត្រពាំង​ធំ​ៗ​ដូច​ជា​ខាង​ព្រៃវែង និង​ស្វាយ​រៀង ដែល​មិន​ដែល​មាន​ត្រពាំង​ធំ​ៗ​ពី​មុន ។

ដោយឡែក បើ​យោង​តាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចេញផ្សាយ​កាលពី​ចុងខែ​កញ្ញា​បាន​បង្ហាញ​ថា ស្ថានភាព​ប៉ះពាល់ និង​ខូចខាត​ដោយ​គ្រោះ​ធម្មជាតិ មាន​គ្រោះ​ខ្វះ​ទឹក​ប៉ះពាល់​លើ​ផ្ទៃដី​សរុប ចំនួន​ជាង​២៣,៤​ម៉ឺន​ហិ​កតា ក្នុង​នោះ​មាន​សំណាប​សរុប​ចំនួន​ជាង​២​ពាន់​ហិ​កតា និង​សន្ទូង​ពង្រោះ​សរុប​ចំនួន​ជាង​២៣,២​ម៉ឺ​ុ​ន​ហិ​កតា ៕