ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក ភិន សុ​ដា​លី​ស ប្រកាសសង្គ្រាម​ជាមួយ ប៉ែន ចំ​រ៉ុ​ង

8 ឆ្នាំ មុន

ក្រោយ​ពី​មាន​ព័ត៌មាន​រសើប​លេចលឺ​ថា តារា​សម្តែង​ពូកែ​វោហារ ប៉ែន ចំ​រ៉ុ​ង លួចលាក់​ស្នេហា​ក្រៅ​ឆាក​ជាមួយ​កូនស្រី​ម្ចាស់​ផលិតកម្ម​មហាហង្ស​កញ្ញា ភិន សុ​ដា​លី​ស នៅ​ពេល​ថ្មី​ៗ​នេះ លោក​អ៊ិ​ន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស

ក្រោយ​ពី​មាន​ព័ត៌មាន​រសើប​លេចលឺ​ថា តារា​សម្តែង​ពូកែ​វោហារ ប៉ែន ចំ​រ៉ុ​ង លួចលាក់​ស្នេហា​ក្រៅ​ឆាក​ជាមួយ​កូនស្រី​ម្ចាស់​ផលិតកម្ម​មហាហង្ស​កញ្ញា ភិន សុ​ដា​លី​ស នៅ​ពេល​ថ្មី​ៗ​នេះ លោក​អ៊ិ​ន សុ​ភិន ចាងហ្វាង​ផលិតកម្ម​មហាហង្ស បាន​ធ្វើ​សន្និសីទកាសែត​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ សីហា ២០១៥ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន​មហាហង្ស ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ប្រកាសសង្គ្រាម​ជាមួយ​តារា​សម្តែង​ប៉ែន ចំ​រ៉ុ​ង ដោយ​បើកចំហ និង​ផ្ទាល់​ដៃ​លោក​តែ​ម្តង ។

ថ្លែង​ក្នុង​សន្និសីទកាសែត​លោក​អ៊ិ​ន សុ​ភិន បាន​ប្រាប់​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​សម្រេចចិត្ត​ប្រកាសសង្គ្រាម​នេះ ដោយសារ​លោក​ចំ​រ៉ុ​ង មិន​ដែល​ឱ្យ​តម្លៃ​លោក និង​ក្រុម​គ្រួសារ​លោក​ទាំង​រឿង​ការងារ និង​រឿង​ផ្ទាល់ខ្លួន ។ លោក​បាន​រៀបរាប់​ដំណើរ​ដើមទង​ថា  «​គាត់ (​ចំ​រ៉ុ​ង​) ជា​អ្នក​បង្កើត​រឿង​មុន យើង​មិនមែន​ស្អប់​គាត់​ទេ ពី​មុន​ខ្ញុំ​ធ្លាប់​ប្រាប់​កូន​ខ្ញុំ​ថា ខ្ញុំ​ចូល​ចិត្ត​ចំ​រ៉ុ​ង​ដែរ​ដំបូង ប៉ុន្តែ​សង្កេត​ឃើញ​ច​រិ​ក​របស់​គាត់​យូរ​ទៅ គឺ​គាត់​មិន​មាន​អ្វី​ឱ្យ​យើង​ចូល​ចិត្ត​ទៀត ដោយសារ​គាត់​ទាញ​ផលប្រយោជន៍​ពី​យើង​ច្រើន​ជ្រុល​ពេក ហើយ​យើង​អត់​មានបាន​ប្រយោជន៍​ពី​គាត់​សោះ ។ សូ​ម្បី​តែ​ការ​ថត ក៏​យើង​ឱ្យ​តម្លៃ តែ​គាត់​ក្រឡាស់​ពាក្យ​សម្តី​សព្វគ្រប់​បែប​យ៉ាង ពេលវេលា​ម្តង​បាន​ម្តង​អត់ ដូច​គាត់​ណាត់​ថា​អាទិត្យ​នឹង​គាត់​ឱ្យ​យើង​ពីរ​ថ្ងៃ ឬ​មួយ​ថ្ងៃ ជិត​ដល់​ថ្ងៃ​ថត គាត់​ថា គាត់​រវល់ សុំ​ទោស​គាត់​ភ្លេច តាម​ពិត​គាត់​ជាប់​ការងារ​គេ​, អ​ញ្ចឹ​ង​យើង​ត្រូវ​រំសាយ​ការងារ​ចោល ដូច​គាត់​មិន​ឱ្យ​តម្លៃ ។ ខុស​ពី​មនុស្ស​ប្រុស​ដទៃ បើ​គេ​ស្រឡាញ់​មនុស្ស​ស្រី​ស្មោះ គេ​តស៊ូ គេ​យកចិត្តទុកដាក់​នឹង​ក្រុម​គ្រួសារ​ខាង​ស្រី​ណាស់ គេ​លះបង់​គ្រប់យ៉ាង មិន​បាន​លះបង់​លុយកាក់ ក៏​លះបង់​ពេលវេលា លះបង់​កម្លាំង លះបង់​អ្វីមួយ​ដែល​ថា មើលទៅ​ឱ្យ​ឃើញ​ថា យើង​ស្រឡាញ់​កូន​គេ ប៉ុន្តែ​មើលទៅ​មិនឃើញ​លះបង់​អ្វី​ទាំងអស់ មាន​តែ​ឃើញ​ទាញ​យក​ផលប្រយោជន៍​ពី​យើង​យក​ទៅ​» ។

លោក​អ៊ិ​ន សុ​ភិន ក៏​បាន​ប្រកាស​ផង​ដែរ​ថា គ្រប់​ស្ថានីយទូរទស្សន៍​មាន​ចំ​រ៉ុ​ង​ឡាយ​បន្ត​ផ្ទាល់​នៅ​កន្លែង​ណា នឹង​មាន​រូប​លោក​នៅ​ទីនោះ លោក​នឹង​ធ្វើ​ឱ្យ​ចំ​រ៉ុ​ង​បាក់​ក្រាប​ដល់​ដី​វិញ ដូចដែល​ចំ​រ៉ុ​ង​ធ្វើ​ឱ្យ​លោក​អាម៉ាស​ដូច​គ្នា ដោយ​ធ្វើ​ដោយ​ដៃ​របស់​លោក​ផ្ទាល់​តែ​ម្តង​។ ឆ្លើយ​តប​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន​ថា តើ​មាន​ដំណោះស្រាយ​អ្វី​ចំពោះ​បញ្ហា​នេះ ចាងហ្វាង​រូប​នេះ​បន្ត​ទៀត​ថា «​រឿង​នឹង​អាច​ចប់​បាន ពេល​ដែល​គាត់​ធ្វើ​អ្វី​ដែល​គាត់​និយាយ​ជាមួយ​ខ្ញុំ​ពី​មុន​មក​, បញ្ឈប់​ពាក់ព័ន្ធ​ជាមួយ​កូន​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ ។ បើ​គាត់​បញ្ចប់ ខ្ញុំ​នឹង​បញ្ចប់ តែបើ​គាត់​បន្ត គាត់​នឹង​មាន​បញ្ហា​ជាមួយ​ខ្ញុំ​រហូត​» ។

យ៉ាងណាមិញ យើង​រង់ចាំ​ភាគី​លោក​ប៉ែន ចំ​រ៉ុ​ង មក​ធ្វើការ​បកស្រាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​អ៊ិ​ន សុ​ភិន ខាងលើ​នេះ​។