រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមនៅថ្ងៃទី២៧ សីហា ២០១៥ ផ្តន្ទាទោសជនជាប់ចោទម្នាក់ ឈ្មោះ MARRET FRANK CHRISTOPE HENRI (ជាជនជាតិបារាំង) អាយុ៤៧ឆ្នាំ ពីបទលួច ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ៦ខែ គិតពីថ្ងៃចាប់ខ្លួន បន្ទាប់ពីប្រព្រឹត្តបទល្មើសនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ មីនា ២០១៥ កន្លងមក ។
សូមបញ្ជក់ដែរថា កាលពីថ្ងៃទី១៩ សីហា ២០១៥ លោកចៅក្រម ម៉េង តូនី បានជំនុំជម្រះរឿងក្តីនេះរួចហើយ ក៏បានលើកពេលប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៧ សីហា ២០១៥ នេះ សម្រេចដាក់ពន្ធនាគារបុរសជនជាតិបារាំងម្នាក់នេះ១ឆ្នាំ៦ខែ និងបង្គាប់ឲ្យសងដើមបណ្តឹងឈ្មោះ លី សុខហេង ចំនួន៦.០០០ដុល្លារ និងទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់នៃច្បាប់ ។
តុលាការបានបញ្ជាក់ថា ដោយជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តមែន កាលពីថ្ងៃទី១៦ មីនា ២០១៥ កន្លងមក ដោយខ្លួនគាត់បានស្នាក់នៅសណ្ឋាគារលែនឌី ជាន់ទី១ ពេលនោះក៏ឃើញទ្វារបន្ទប់លេខ១៣បើកចំហ ខ្លួនក៏បានចូលទៅលួចយកទូរស័ព្ទនៅទីនោះ ។
ជនជាប់ចោទនិយាយថា ដោយសារតែខ្លួនពេលទៅដើរលេងត្រូវបានគេលួចអីវ៉ាន់អស់ ហើយក៏សម្រេចចិត្តលួចរបស់គេវិញ ពីព្រោះគាត់មានប្រពន្ធនិងកូនដែលនៅប្រទេសវៀតណាម ត្រូវការលុយចាយ ហើយខ្ញុំពីមុនធ្លាប់ធ្វើជាគ្រូបង្រៀននៅប្រទេសវៀតណាម បានប្រាក់ខែ១.៥០០ដុល្លារអាមេរិក ។
ជនជាប់ចោទនិយាយទៀតថា ដោយសារតែខ្លួនមានបញ្ហាជាមួយប្រពន្ធក៏មកលេងនៅប្រទេសខ្មែរ ហើយបានយកទូរស័ព្ទ៣គ្រឿងដែលលួចបានទៅលក់បានប្រាក់៥០០ដុល្លារ ផ្ញើទៅឲ្យប្រពន្ធទាំងអស់ ពេលនោះគាត់បានចេញពីសណ្ឋាគារនោះមករកផ្ទះសំណាក់វិញ ។
តុលាការបានលើកឡើងថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ នោះ គាត់បានទៅជួលផ្ទះសំណាក់ឈ្មោះដូវីនសម្រាកបានមួយយប់ ពេលម៉ោង១១យប់ គាត់ក៏បានចូលលួចកាបូបពណ៌ខ្មៅ១ មានកាមេរ៉ា១នៅក្នុងកាបូបនោះ ។ គាត់បានស្ពាយកាបូបនោះចេញបានប្រហែល២ទៅ៣ម៉ោង ក៏ត្រូវបានម្ចាស់ផ្ទះសំណាក់ប្តឹងប៉ូលិស ហើយក៏បានឃើញគាត់អង្គុយនៅមាត់ទន្លេ ក៏បានចាប់ខ្លួននាំយកទៅសាកសួរតែម្តង ៕
ចែករំលែកព័តមាននេះ