រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាង៣០នាក់តំណាងឲ្យប្រជាពលរដ្ឋភូមិជម្ពូវ័នបានលើកគ្នាទៅកាន់សាលាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ឲ្យជួយរកយុត្តិធម៌ ដោយបានចោទប្រកាន់លោកមេភូមិថាបានឃុបឃិតគ្នាជាមួយប្រជា ការពារយកដីទីស្នាក់ការភូមិជម្ពូវ័នទៅអង្កន់ជួលឲ្យអាជីវករលក់ដូរយកលុយចែកគ្នាដាក់ហោប៉ៅ រៀងៗខ្លួន ។
ប្រជាពលរដ្ឋបាននិយាយថា ដីទីស្នាក់ការភូមិជម្ពូវ័នមានទំហំធំគួរសម ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងលិចជាប់ផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែដីនេះ នៅមិនទាន់មានសំណង់ស្នាក់ការភូមិនៅឡើយទេ ដោយសារកន្លងមកដីខាងលើធ្លាប់កើតមានទំនាស់រវាងបុគ្គលម្នាក់ដែលជាអ្នកមានលុយព្យាយាមដណ្តើមយកដីខាងលើធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ជាមួយប្រជាពលរដ្ឋមួយភូមិរហូតមានរឿងក្ដីក្ដាំគ្នារ៉ាំរ៉ៃរាប់ឆ្នាំ ដែលបានចាប់ផ្ដើមតាំងពីសាលាដំបូង ដល់សាលាកំពូលថែមទៀតផង ។ ពេលនោះសាលាកំពូលបានកាត់ក្ដីពុះចែកដីនោះជា២ចំណែក ដោយប្រគល់ដីជូនពួកគាត់សម្រាប់ធ្វើជាទីស្នាក់ការភូមិ ទំហំ២១ម៉ែត្រគុណ២១ម៉ែត្រ និងបានបង្គាប់ឲ្យភាគីម្ខាងទៀតថែមលុយជូនប្រជាពលរដ្ឋមួយចំនួនធំទៀតផងដែរ ។ រហូតមកដល់ពេលនេះដីខាងលើនៅតែមិនទាន់មានសំណង់ស្នាក់ការភូមិនៅឡើយ ហើយត្រូវបានអាជ្ញាធរភូមិ ឃុបឃិតជាមួយប្រជាការពារអង្កន់ដីជាប្លង់តូចៗជួលឲ្យអាជីវករធ្វើជាកន្លែងលក់ដូរ ដើម្បីផលប្រយោជន៍ បុគ្គលផ្ទាល់ខ្លួនបែបនេះទៅវិញ ទើបពួកគាត់នាំគ្នាទៅរកអាជ្ញាធរសង្កាត់ឱ្យជួយ ។
ទាក់ទិនទៅនឹងហេតុការណ៍នេះ លោក វ៉ា សារ៉ង ចៅសង្កាត់រងចោមចៅបានឲ្យដឹងថា កាលពីកន្លងមកដីស្នាក់ការភូមិនោះពិតជាមានទំនាស់គ្នាយ៉ាងរ៉ាំរ៉ៃមែន ទម្រាំតែប្រជាពលរដ្ឋទទួលបានដីទំហំ ទំហំ២១ម៉ែត្រគុណ២១ម៉ែត្រសម្រាប់សង់ទីស្នាក់ការ ដើម្បីទុកជាកន្លែងប្រារព្ធពិធីផ្សេងៗ ហើយក្នុងទំនាស់កន្លងមកសង្កាត់ក៏បានជួយជ្រោមជ្រែងប្រជាពលរដ្ឋរហូតមកដែរ ។ ដោយឡែកពេលនេះសង្កាត់ពុំបានដឹងរឿងនេះឡើយ រហូតផ្ទុះនូវបាតុភាពនេះឡើងទើបដឹង ។ ទោះបីបែបណា២ថ្ងៃទៀត អាជ្ញាធរនឹងអញ្ជើញភាគីទាំងសងខាងជួបគ្នា ដើម្បីធ្វើការសាកសួរ និងដោះស្រាយពីបាតុភាពនោះ ៕
ចែករំលែកព័តមាននេះ