ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រុក​ពេ​ជ្រា​ដា​រីករាយ​នឹង​ការ​ប្រមូល​ផលសណ្តែក ខណៈ​តម្លៃ​លើ​ទីផ្សារ​ថ្លៃ​ជាង​មុន

8 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ប្រជា​កសិករ​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ដែល​ប្រកប​របរ​ដាំ​ដំណាំ​សណ្ដែកបាយ​កំពុង​សប្បាយ​រីករាយ​នឹង​ការ​ប្រមូល​ផល​សណ្ដែក​របស់​ខ្លួន ខណៈ​តម្លៃនៅលើទីផ្សារ​ឆ្នាំ​នេះ​ហាក់ដូចជា​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​។

ខេត្តមណ្ឌលគិរី ៖ ប្រជា​កសិករ​នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ដែល​ប្រកប​របរ​ដាំ​ដំណាំ​សណ្ដែកបាយ​កំពុង​សប្បាយ​រីករាយ​នឹង​ការ​ប្រមូល​ផល​សណ្ដែក​របស់​ខ្លួន ខណៈ​តម្លៃនៅលើទីផ្សារ​ឆ្នាំ​នេះ​ហាក់ដូចជា​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​។ ដំណាំ​សណ្ដែកបាយ​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​អ្នក​បង្កបង្កើន​ផល​និយាយ​ថា ទទួល​បាន​ផល​ខ្ពស់​ជាង​រាល់​ឆ្នាំ រីឯ​តម្លៃ​ក៏​បាន​សមរម្យ​ផង​ដែរ ។

លោក ជី​ម សុះ កសិករ​ចំណាក់ស្រុក​មក​ពី​ខេត្តកំពង់ធំ ដែល​ដាំ​ដំណាំ​សណ្ដែកបាយ​នៅ​ភូមិ​ពូ​តាន់ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា បាន​រៀបរាប់​ថា គាត់​និង​ក្រុម​គ្រួ​សារបាន​មក​ជួល​ដី​គេ​ដាំ​សណ្ដែកបាយ​នៅ​ទី​នេះ​អស់​រយៈពេល​២​ទៅ​៣​ឆ្នាំ​ហើយ ដោយ​ជួល​ដី​ទំហំ​៩​ហិ​កតា ក្នុង​១​ហិ​កតា តម្លៃ​២០០​ដុល្លារ​សម្រាប់​រយៈពេល​១​ឆ្នាំ ។ ការ​ធ្វើ​ចំណាក់​ស្រុក​មក​ប្រកប​របរ​កសិកម្ម​នៅ​ទី​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់​ល្អ​ប្រសើរ​បន្តិច​ផង​ដែរ ។  គាត់​បន្ដ​ថា ទិន្នផល​សណ្តែកបាយ​ឆ្នាំ​នេះ ក្នុង​១​ហិ​កតា​ទទួល​បាន​ពី​១,៣​តោន​ទៅ ១,៥​តោន និង​បាន​លក់​ចេញ​នៅ​ក្នុង​ខែកក្កដា​នេះ បាន​តម្លៃ​៤.៥៥០​រៀល ក្នុង​១​គីឡូក្រាម គឺ​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ​បន្ដិច ដែល​មាន​តម្លៃ​ត្រឹមតែ​ជាង​៣.០០០​រៀល​ប៉ុណ្ណោះ ក្នុង​១​គីឡូក្រាម ។

លោក សុង ឃាង  ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​បង្កបង្កើន​ផលដំណាំ​សណ្ដែកបាយ​ក្នុង​ឆ្នាំ​២០១៥​នេះ បើ​គិត​តាម​ផែន ការ​ដាំ​ដុះ​គឺ​មាន​ផ្ទៃដី​ប្រមាណ​៣.៣៦១​ហិ​កតា​។ ចំណែក​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​លោក សុខ សិរី ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​តម្លៃ​សណ្ដែកបាយ​ក្នុង​ឆ្នាំ​២០១៥​នេះ ឃើញ​ថា បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ ។ លោក​ថា តម្លៃ​សណ្ដែកបាយ​នៅ​ខេត្តមណ្ឌលគិរី​ក្នុងឆ្នាំនេះ ជា​មធ្យម​គឺ​៤.៥០០​រៀល ក្នុង​១​គីឡូក្រាម ហើយ​តម្លៃ​នៅ​ឆ្នាំ​នេះ​ថ្លៃ​ជាង​ឆ្នាំ​មុន​ៗ​គឺ​ត្រឹមតែ​៣.២០០​រៀល​ប៉ុណ្ណោះ ៕