ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​សភា​​​កំណត់​យក​ថ្ងៃ​ទី​៦ ក​ក្កដា ​​​​ប្រជុំ​អនុ​ម័​ត​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ការ​ជួល​ផ្ទះ​

8 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​កំណត់​យក​ថ្ងៃ​ទី​៦ ក​ក្ក​ដា ២០១៥ ដើម្បី​​ប្រជុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ ស្តី​ពី ​ភតិសន្យា​ពិសេស ហៅ​ច្បាប់ ការ​ជួល​ផ្ទះ

​រាជធានី​ភ្នំពេញ​ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​កំណត់​យក​ថ្ងៃ​ទី​៦ ក​ក្ក​ដា ២០១៥ ដើម្បី​​ប្រជុំ​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ ស្តី​ពី ​ភតិសន្យា​ពិសេស ហៅ​ច្បាប់ ការ​ជួល​ផ្ទះ បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សម្រេច​ដាក់​បញ្ចូល​ទៅ​​ក្នុង​របៀបវារៈ​រួច​ហើយ នៅ​ថ្ងៃ​ទី​៣ ​ក​ក្កដា ២០១៥ ។​

យោង​តាម​វ៉េប​សាយ​រដ្ឋសភា​ បាន​ឲ្យ​ដឹង​ថា ​លោក ​ប៉ែន បញ្ញា​ ប្រធាន​គណៈកម្មការ​នីតិកម្ម​ និង​យុត្តិធម៌​នៃ​រដ្ឋសភា បាន​ធ្វើការ​ពិនិត្យ​សិក្សា និង​រៀបចំ​តាក់តែង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី ភតិសន្យា​ពិសេស ​កាលពី​ថ្ងៃ​ទី​២​ ក​ក្ក​ដា និង​បាន​លើក​ឡើង​ថា ស្រប​តាម​ស្មារតីរដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​សិទ្ធិ​មាន​លំនៅ​ឋាន​ សំដៅ​រួម​ចំណែក​ដោះស្រាយ​បញ្ហា​សង្គម រួម​មាន ការ​លំបាក និង​សំណូមពរ​របស់​កម្មករ សិស្ស និស្សិត ដែល​ស្នាក់​នៅ​​ក្នុងបន្ទប់​ជួល ក៏​ដូច​ជា​ម្ចាស់​អចលនទ្រព្យ ហើយ​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ពង្រឹង​នីតិរដ្ឋ ដើម្បី​សុវត្ថិភាព ក្នុង​ជីវភាព​រស់នៅរបស់​​ពលរដ្ឋ សណ្តាប់ធ្នាប់ ​​របៀបរៀបរយ​សាធារណៈ ​និង​ផ្អែក​ទៅ​លើ​ស្ថានភាព​ជាក់ស្តែង​ផង​ដែរ​ ។

​លោក ​ប៉ែន បញ្ញា​ ​បាន​បញ្ជាក់​ថា ​សេចក្តី​ស្នើ​ច្បាប់​នេះ មាន​គោលបំណង​គ្រប់គ្រង​បន្ទប់​ជួល ​​​រវាង​កម្មករ សិស្ស និស្សិត ជាមួយនឹង​ម្ចាស់ផ្ទះ​ដែល​មាន​បន្ទប់​ជួល​ស្នាក់​នៅ ឱ្យ​មាន​លក្ខណៈ​រៀបរយ​ ព្រមទាំង​ជួយ​ដោះស្រាយ​សំណូមពរ​របស់ កម្មករ សិស្ស និស្សិត ទាក់ទង​នឹង​តម្លៃ​បន្ទប់​ជួល សម​ស្រប​នឹង​ប្រាក់​កម្រៃគោល​ប្រចាំខែ​ទាប ដែល​កម្រិត​​កំណត់​ដោយ​អនុក្រឹត្យ និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់របស់​ភ​តិ​បតី (​ម្ចាស់ផ្ទះ​ដែល​មាន​បន្ទប់​ជួល​)​ ។

លោក​បាន​​សង្កត់ធ្ងន់​ថា សេចក្តី​ស្នើ​ច្បាប់​ស្ដី​ពី​ភតិសន្យា​ពិសេស​នេះ ជា​មូលដ្ឋាន​គតិ​យុ​ត្ត​ជាក់លាក់​មួយ​នៅ​ក្នុង​ប្រព័ន្ធ​នីតិ​របស់​កម្ពុជា ​បន្ថែម​លើ​ក្រមរដ្ឋប្បវេណី​ស្តី​ពី​ភតិ​សន្យា ដែល​ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ករណីនៃ​កិច្ចសន្យាជួល​ ។​ សេចក្តី​ស្នើ​ច្បាប់​ភតិសន្យា​ពិសេស មាន​៤​ជំពូក ចែក​ចេញ​​ជា​១១​មាត្រា​ ។

គួរ​បញ្ជាក់​ថា​ សម្រាប់​អង្គប្រជុំ​សភា​នៅ​ថ្ងៃ​ទី​៦ ក​ក្ក​ដា ​ខាង​មុខ​នេះ​ ក្រៅពី​របៀបវារៈ​ ពិភាក្សា​អនុ​ម័​ត​លើ​សេចក្តីព្រាងច្បាប់ ​ស្តី​ពី​ភតិសន្យា​ពិសេស​នោះ​ នៅ​មាន​របៀបវារៈ​មួយ​ចំនួន​ទៀត គឺ​​ ​​

១-សំណើប្រកាស​ទទួលស្គាល់​លោក កែវ ពិសិដ្ឋ ​ជា​តំណាងរាស្ត្រ​ថ្មី​មណ្ឌល​កំ​ពង់​​ចាម​ជំនួស លោក​​ស្រី​ ចែ​ម សា​វ៉ៃ ដែល​បាន​លាលែង ។ ការ​ប្រកាស​​សុពព​ភាព​អាណត្តិ​របស់​លោក កែវ ពិសិដ្ឋ ជា​សមាជិក​សភា​នីតិកាល​ទី​៥ នឹង​ធ្វើឡើង​ក្នុង​សម័យប្រជុំ​សភា​​ថ្ងៃទី​៦ កក្កដា ។ និង​លើក​សំណើសុំ​ជ្រើសរើស​លោក កែវ ពិសិដ្ឋ ជា​សមាជិក​គណៈ​កម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ​។

២​-សំណើ​សុំ​ប្រកាស​ទទួលស្គាល់​លោក​ ងួ​ន ​ប៊ៀន ជា​តំណាងរាស្ត្រ​ថ្មី​នៃ​មណ្ឌល​​តាកែវ​ ជំ​នូ​ស លោក អាន ហេ ដែល​បាន​លាលែង ។ ការ​ប្រកាស​សុពលភាព​នៃ​អាណត្តិ របស់​លោក ងួ​ន ​ប៊ៀន ជា​សមាជិក​រដ្ឋសភា នីតិកាល​ទី​៥ នឹង​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​រដ្ឋសភា​ថ្ងៃទី​៦ កក្កដា ៕