រាជធានីភ្នំពេញ ៖ តារាសម្តែង និងពិធីការិនីឌួង ហ្សូរីដា បានអំពាវនាវដល់ទស្សនិកជនកុំឱ្យវាយតម្លៃអ្នកសិល្បៈទាំងអស់ថាសុទ្ធតែមិនល្អ និងមានជីវភាពថ្កុំថ្កើង ដោយសារមានអ្នកចិញ្ចឹម ឬលក់ខ្លួន ។
ទោះជាយ៉ាងណាក៏ដោយកញ្ញាឌួង ហ្សូរីដា មិនបានបដិសេធទេថា អ្នកសិល្បៈសុទ្ធតែត្រឹមត្រូវទាំងអស់ ប៉ុន្តែមានមួយចំនួនតូចដែលធ្វើខ្លួនមិនត្រឹមត្រូវ ធ្វើឱ្យគេវាយតម្លៃ «ត្រីមួយស្អុយ គឺស្អុយមួយកន្ត្រក» ។
ការអំពាវនាវរបស់កញ្ញាឌួង ហ្សូរីដា បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់គេហទំព័រព័ត៌មាននៅក្នុងស្រុកមួយថា «ត្រឹមតែ៣០០ដុល្លារ ក៏អាចនាំតារាឡើងសណ្ឋាគារបានដែរ» ។
បើយោងតាមការផ្សាយនោះថា ប្រភពសុំមិនបញ្ចេញឈ្មោះដែលបម្រើការក្នុងពិភពសិល្បៈដ៏គួរឱ្យទុកចិត្តមួយបញ្ជាក់ថា តារាល្បីឈ្មោះលក់ខ្លួនត្រឹមតែ៣០០ដុល្លារ ដែលធ្វើឱ្យគេនឹកស្មានមិនដល់ ។ ថ្លៃខ្លួន៣០០ដុល្លារសម្រាប់ការដេកជាមួយតារាមិនមែនម៉ែយ៉ែមចេះតែកំណត់តម្លៃទៅកាន់ភ្ញៀវទេ គឺភាគច្រើនតារាខ្លួនឯងផ្ទាល់ដែលដាក់ទៅឱ្យម៉ែយ៉ែមដើម្បីជួយរកទីផ្សារ ។ ទោះជាបែបនេះក្តី ប្រភពដ៏គួរឱ្យទុកចិត្តនោះមិនដឹងពីមូលហេតុនៃការដោះដូរថ្លៃខ្លួនតារាទាបដូច្នេះឡើយ ។
ការចុះផ្សាយនោះក៏បានសម្ភាសជាមួយតារាជើងចាស់លោកទេព រិនដារ៉ូផងដែរ ដោយលោកអះអាងថា បញ្ហានេះរូបលោកផ្ទាល់ធ្លាប់ឮគេនិយាយ តៗគ្នា ។ លោកដារ៉ូបញ្ជាក់ថា «តារាមិនសូវល្បី គឺមានតម្លៃពី២០០ទៅ៣០០ដុល្លារ ហើយប្រសិនបើតារាណាល្បី គឺមានតម្លៃចន្លោះពី៣០០ទៅ៣០០០ដុល្លារសហរដ្ឋអាមេរិក ។ ប្រសិនបើមានការចរចាត្រូវរ៉ូវគ្នា តារា ល្បីៗ គឺគេអាចណាត់ជួបជាមួយភ្ញៀវទៅគេងនៅឯក្រៅប្រទេសក្រោមលេសចូលរួមកម្មវិធី ផ្សេងៗជាដើម» ។
ចំណែកឯតារាសម្តែងតាំងពីទសវត្ស៦០ អ្នកស្រីឌី សាវ៉េតមិនបានដឹងពីតម្លៃលក់ខ្លួនរបស់ តារាៗត្រឹមតែទឹកប្រាក់៣០០ដុល្លារនោះទេ ប៉ុន្តែអ្នកស្រីឆ្ងល់ថា ហេតុអ្វីតារា ថ្មីៗមួយចំនួនចូលពិភពសិល្បៈមិនទាន់បានល្បីឈ្មោះផងនោះមានឡានជិះ វីឡាស្នាក់នៅ និងគ្រឿងសម្ភារប្រើប្រាស់ ទំនើបៗ ។
អ្នកស្រីឌី សាវ៉ែត អះអាងថា ប្រសិនបើការជួញដូរថ្លៃខ្លួនតារាបានកំណត់ ច្បាស់ៗ ហើយរីកសុសសាយកាន់តែខ្លាំងនោះនឹងអាចធ្វើឱ្យប៉ះពាល់ដល់វិស័យសិល្បៈទាំងមូលនាពេលខាងមុខ ព្រោះ ក្មេងៗ ជំនាន់ក្រោយនឹងមិនហ៊ានប្រឡូកសិល្បៈទេដោយរអានឹងរឿងអាស្រូវនោះ ។
ឆ្លើយតបបញ្ហានោះ ពិធីការិនី និងជាតារាសម្តែងនាង ឌួង ហ្សូរីដា បានបង្ហោះសារតាមទំព័រហ្វេសប៊ុកកាលពីពេល ថ្មីៗនេះថា «ខ្ញុំធ្លាប់បានប្តឹងទៅក្រសួងមហាផ្ទៃម្តងរួចមកហើយ អារឿងពួកម៉ែយ៉ែមយករូបថតតារា ល្បីៗ រួមទាំងមានរូបខ្ញុំដែរទៅដាក់អាល់ប៉ុមលក់ដូចត្រី-សាច់តាមសណ្ឋាគារ កាស៊ីណូ និងក្លឹបកម្សាន្ត ធំៗ តែពេលភ្ញៀវត្រូវការបង្វែងដានថា តារា ល្បីៗរវល់ យកតារានេះតារានោះជំនួសវិញទៅ។ ខ្ញុំទទួលស្គាល់ថា តារាមិនមែនសុទ្ធតែល្អត្រឹមត្រូវទាំងអស់ទេ តែក៏មិនត្រូវវាយតម្លៃត្រីស្អុយមួយស្អុយមួយកន្ត្រកឱ្យសោះ ។ បើចេះអីុចឹងមិនមែនតារា ល្បីៗដែលគេត្រឹមត្រូវប្រឹងប្រែងធ្វើការគ្មានថ្ងៃសំរាកផង រកតែឡាន ទំនើបៗ ផ្ទះវីឡាស្កឹមស្កៃនៅមិនបានផង ។ មិនបានសើចយំអ្នកណាទេ តែក៏កុំឱ្យសំញែងពេក ។
ខ្ញុំសង្ឃឹមថាតារា ថ្មីៗនឹងមិនធ្វើអ្វីហួសហេតុឱ្យស្អុយកេរ្តិ៍ឈ្មោះដល់តារាស្រករមុនទេ ព្រោះពូជសិល្បៈខ្មែរតែមួយ បើគេដៀល គឺរាលដាលទាំងអស់គ្នា ឈឺចាប់បំផុត ពេលគេដៀលថាអ្នកសិល្បៈថោក» ៕
ចែករំលែកព័តមាននេះ