ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ជួប​សំណេះសំណាល​ជ័យ​លា​ភី​ព័ត៌មានវិទ្យា​យុវជន​ពិការ​នៅ​កូរ៉េ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា បាន​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ពិការ​ចំនួន​៦​រូប​ដែល​ទទួល​បាន​ជ័យ​លា​ភី​ពី​កម្មវិធី​ប្រកួត​ជា​សាកល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ពិការ​ភាព​នៅ​ទីក្រុង​ប៊ូ​សាន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា បាន​ជួប​សំណេះសំណាល​ជាមួយ​យុវជន​ពិការ​ចំនួន​៦​រូប​ដែល​ទទួល​បាន​ជ័យ​លា​ភី​ពី​កម្មវិធី​ប្រកួត​ជា​សាកល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ពិការ​ភាព​នៅ​ទីក្រុង​ប៊ូ​សាន នៃ​សាធារណរដ្ឋ​កូរ៉េ​កន្លង​ទៅ នៅ​វិមាន​សន្តិភាព ។

លោក អ៊ា​ង សុ​ផល្លែ​ត ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​កម្មវិធី​ប្រកួត​ជា​សាកល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ពិការ​ភាព​នោះ​មាន​វិញ្ញាសា​៤ គឺ ១-e DESIGN ២-e CREATIVE ៣-e LIFEMAP និង ៤-e TOOL ដែល​មាន​បេក្ខជន​សរុប​ទាំងអស់​២៧០​នាក់​ចូលរួម ។ ដោយឡែក​កម្ពុជា ដែល​មាន​បេក្ខភាព​ចូលរួម​៦​រូប​នោះ​សុទ្ធសឹងតែ​បាន​ទទួល​មេដាយមាស​ទាំងអស់​គ្នា ថែម​ទាំង​បាន​ទទួល​មេដាយ​ជើងឯក​មាស​ទៀត​ផង ។

បេក្ខជន​ទាំង​៦​រូប​នេះ​មាន ១-​យុវជន កែវ ចាន់​ឧត្តម បាន​ទទួល​មេដាយ​ជើងឯក​មាស​១ មេដាយមាស​១ និង​មេដាយ​ប្រាក់​២, ២-​យុវជន ហែម វិច្ឆិកា​ណុ​ន បាន​ទទួល​មេដាយមាស​១ មេដាយ​ប្រាក់​១ មេដាយ​សំរឹទ្ធិ​១, ៣-​យុវជន ធី ផូ​ណា បាន​ទទួល​មេដាយមាស​១ មេដាយ​ប្រាក់​១, ៤-​យុវជន ញ៉ុ​ត សុ​ភឿន បាន​ទទួល​មេដាយមាស​១ មេដាយ​ប្រាក់​១, ៥-​យុវជន ញ៉ា​ញ់ ផានិត បាន​ទទួល​មេដាយមាស​១ ប្រាក់​១ និង​៦-​យុវជន ទិន សុធា បាន​ទទួល​មេដាយមាស​១ មេដាយ​ប្រាក់​១ ។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា នេះ​ជា​មោទនភាព​ណាស់​ចំពោះ​កម្ពុជា​យើង​ដែល​មាន​បេក្ខជន​ចូលរួម​៦​រូប​ហើយ​ទទួល​បាន​មេដាយ​៦ និង​មេដាយ​ជើងឯក​មាស​ទៀត​ផង ។ ជ័យ​លា​ភី​ទាំង​៦​នេះ ថ្វី​ដ្បិត​កាយសម្បទា​ពិការ​មែន តែ​មិន​ពិការ​ចិត្ត​ទេ គឺ​មាន​ភាព​ឈ្លាសវៃ ។ កម្ពុជា​មាន​ភាព​ឈ្លាសវៃ និង​មាន​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​កន្លង​មក​។ ចំពោះ​ជ័យ​លា​ភី​ទាំង​៦​រូប​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​ជា​គោលការណ៍​ផ្តល់​នូវ​ក្របខ័ណ្ឌ​ជូន​ដល់​ជ័យ​លា​ភី​ទាំង​៦​រូប​នេះ នៅ​ក្នុង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ។ ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ប្រគល់​រង្វាន់​លើកទឹកចិត្ត​ជា​ប្រាក់​ចំនួន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ម្នាក់​សម្រាប់​ជ័យ​លា​ភី និង​ជូន​គ្រូ​៣​នាក់ ក្នុង​ម្នាក់​ៗ១​ពាន់​ដុល្លារ​អា​មេ​រិ​ក ជា​ថវិកា​ផ្ទាល់​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។

សូម​បញ្ជាក់​ថា កម្មវិធី​ប្រកួត​នេះ គឺ​មានការ​រៀបចំ​ដោយ UNESCAP និង​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គការ​លទ្ធភាព​ពលកម្ម​របស់​កូរ៉េ (KSRPD) ៕

ខាងក្រោម​នេះ​ជា​វិ​ដេ​អូ​ឃ្លី​ប​របស់​យុវជន ញ៉ុ​ត សុ​ភឿន ម្ចាស់​ជ័យ​លា​ភី​ម្នាក់​ក្នុង​ចំណោម​៦​នាក់​របស់​កម្ពុជា ពី​កម្មវិធី​ប្រកួត​ជា​សាកល​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន​ពិការ​ភាព​នៅ​ទីក្រុង​ប៊ូ​សាន នៃ​សាធារណរដ្ឋ​កូរ៉េ ។ តើ​យុវជន​ញ៉ុ​ត សុ​ភឿន មាន​បំណងប្រាថ្នា​យ៉ាងណា​ដែរ?