ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពី​គុក​បាន​ពីរ​ខែ​ លួច​ម៉ូតូ​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ចូល​គុក​វិញ

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ​៖​ មុខសញ្ញា​ចោរលួច​មិន​ចេះ​រាងចាល​ម្នាក់​ទើបតែ​ចេញពី​គុក​មិន​បាន​ប៉ុន្មាន​ខែ​ផង​ទៅ​លួច​ម៉ូតូ​គេ​ចំនួន​ពីរ​លើក​បាន​ចំនួន​ពីរ​គ្រឿង​​​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់គុក​វិញ​ទៅ​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​ម៉ូតូ​កាល​ពីថ្ងៃ​ទី​២៧​ មេសា​

ខេត្តពោធិ៍សាត់ ​៖​ មុខសញ្ញា​ចោរលួច​មិន​ចេះ​រាងចាល​ម្នាក់​ទើបតែ​ចេញពី​គុក​មិន​បាន​ប៉ុន្មាន​ខែ​ផង​ទៅ​លួច​ម៉ូតូ​គេ​ចំនួន​ពីរ​លើក​បាន​ចំនួន​ពីរ​គ្រឿង​​​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់គុក​វិញ​ទៅ​តាម​ពាក្យបណ្ដឹង​របស់​ម្ចាស់​ម៉ូតូ​កាល​ពីថ្ងៃ​ទី​២៧​ មេសា​ ២០១៥​ នៅ​ភូមិ​តាកែវ​លើ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ។​

ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ​យឹ​ម អ៊ា​ក់ ​ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ខ្មែរ​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ​​។ លោក​វរសេនីយ៍ត្រី​គុយ ញឿ​ន ​អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍​សាត់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ទើបតែ​ចេញពី​ពន្ធនាគា​របាន​ពីរ​ខែ​ប៉ុណ្ណោះ​ពី​បទ​បៀតបៀន​កេរ្តិ៍ខ្មាស់​។​

ការ​ឃាត់ខ្លួន​នេះធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង​របស់​ស្ត្រី​ឈ្មោះ​កែវ សុខ​ឃឿ​ន ​អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ក្រាំង​តា​សែន ​សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ ដែល​បាន​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ​ ស៊េរី​២០០១​ ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1B.6543​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ​ហើយ​បាន​ទៅ​រក​ឃើញ​នៅ​កន្លែង​ជួសជុល​ម៉ូតូ​ភូមិ​តាកែវ​លើ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​ នៅ​ថ្ងៃ​ទី​២៧​។​

បន្ទាប់​ពីទទួល​បាន​ព័ត៌មាន​នេះ​សមត្ថកិច្ច​​​បាន​ចុះ​ទៅ​សួរនាំ​ដល់​កន្លែង​ជួសជុល​ម៉ូតូ​នោះ​ទើប​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​តែ​ម្ដង​។ ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ​យឹ​ម អ៊ា​ក់ បាន​សារភាព​ថា​ កាលពី​ថ្ងៃ​ទី​២៥​ មេសា​ ២០១៥​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​របស់​ស្ត្រី​ឈ្មោះ​កែវ សុខ​ឃឿ​ន ​នេះ​មែន​ដែល​ដាក់​នៅ​ខាងលិច​ផ្សារ​ថ្មី​ពោធិ៍សាត់​។​ បន្ទាប់​ពី​លួច​បាន​ហើយ​បាន​ជិះ​យក​ទៅ​លក់​ឲ្យ​ជាង​ជួសជុល​ម៉ូតូ​នៅ​ភូមិ​តាកែវ​លើ​ ឃុំ​ត្នោត​ជុំ​ ស្រុក​ក្រគរ​បាន​លុយ​ចំនួន​២៣​ម៉ឺន​រៀល​។​

ស្អែក​ឡើង​ថ្ងៃ​ទី​២៦ ​ខ្លួន​បាន​ទៅ​លួច​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​សង់​កូរ៉េ​ដែល​ម្ចាស់​ដាក់​ប្រហែស​មិន​ដក​សោ​ទុក​នៅ​ម្ដុំ​គល់​ស្ពានថ្ម​ថ្មី​ខាង​មុខ​សាលាខេត្ត​ពោធិ៍សាត់​។​ បន្ទាប់​ពី​លួច​បាន​ហើយ​ខ្លួន​បាន​ជិះ​ទៅ​ដេក​នៅ​ភូមិ​ទួល​ខ្មែរ​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​មួយ​យប់​។​ ព្រឹក​ឡើង​ថ្ងៃ​ទី​២៧​ បាន​ជិះ​មក​លក់​ឲ្យ​ជាង​ជួសជុល​ម៉ូតូ​នៅ​កន្លែង​ដដែល​ក៏ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់​តែ​ម្ដង​។

លោក​គុយ ញឿ​ន ​បញ្ជាក់​ថា​ បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ​ទើប​​​ស្រាវជ្រាវ​រក​ម្ចាស់​ម៉ូតូ​សង់​កូរ៉េ​ឃើញ ​គឺ​ឈ្មោះ​កែវ ហាន​ នៅ​ភូមិ​ស្វាយ​លួង​ ឃុំ​ស្វាយ​លួង​ ស្រុក​កណ្ដៀង​ និង​បាន​ប្រគល់​ម៉ូតូ​ជូនទៅ​ម្ចាស់​ដើម​វិញ​៕