ខេត្តបន្ទាយមានជ័យ ៖ មង្គលការកូនស្រីរបស់លោកមេបញ្ជាការកងពលតូចលេខ៤២ ប្រចាំទិសឧត្ថរមានជ័យ ត្រូវបានសមត្ថកិច្ចប្រាប់ឱ្យដឹងថា បានប្រែក្លាយទៅជាមានការភ្ញាក់ផ្អើលភ្ញៀវរត់ជាន់ជើងគ្នា ដោយភ្ញៀវខ្លះរត់ភ្លេចចងដៃ ខណៈដែលមានការវាយតប់គ្នារវាងម្ចាស់ដើមការជាមួយភ្ញៀវបណ្តាលឱ្យរងបួសទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២៦ មេសា ២០១៥ នៅចំណុចភោជនីយដ្ឋានស្ទឹងសែន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងហេតុការណ៍នេះ គេឃើញភាគីជម្លោះបានឈ្លោះប្រកែកគ្នាតឹងសរសៃករៀងៗខ្លួន បន្ទាប់មកក៏គេឃើញមានសមត្ថកិច្ចចូលទៅសម្របសម្រួលធ្វើឱ្យភាគីទាំងសងខាងមានការយោគយល់គ្នាទៅវិញទៅមកមិនមានភាគីណាប្តឹងផ្តល់គ្នានោះឡើយ។
ពាក់ព័ន្ធនឹងរឿងបង្កជាជម្លោះគ្នាផ្អើលពេញរោងការនេះ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា គេមិនដឹងពីមូលហេតុបង្កឡើងដោយភាគីណាមួយនោះទេ គេឃើញភាគីម្ចាស់ដើមការម្នាក់រងរបួសបែកក្បាល ចំណែកភាគីខាងភ្ញៀវរងរបួសត្រង់ត្រចៀក។ បញ្ហានេះ សមត្ថកិច្ចសាកសួររកមូលហេតុពីការបង្កជម្លោះនេះដែរ ប៉ុន្តែមិនមានការសហការផ្តល់ព័ត៌មានពីភាគីម្ចាស់ដើមការនោះទេ។
បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចឱ្យដឹងទៀតថា ភាគីខាងភ្ញៀវត្រូវបានគេស្គាល់ថា ជាកូនប្រសារបស់មន្ត្រីនគរបាលប្រចាំខេត្តបន្ទាយមានជ័យម្នាក់ ឯចំណែកភាគីខាងម្ចាស់ដើមការត្រូវជាកូនចៅលោកមេបញ្ជាការកងពលតូចលេខ៤២ របស់លោកឧត្តមសេនីយ៍ ប៉ែន វ៉ូយ ។
ពិធីពិសាអាហារក្នុងថ្ងៃមង្គលការខាងលើ គេសង្កេតឃើញមានការចូលរួមពីភ្ញៀវអ្នកធំមួយចំនួន ហើយពិធីនោះក៏ត្រូវបានបញ្ចប់ក្រោយពីមានការផ្ទុះអំពើហិង្សា៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ