ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង​អ្នក​នាង ម៉ៅ សុ​ចាន់​ធី ភ្ជាប់ពាក្យ​ថ្ងៃ​ទី​1 ឧសភា​ម្នាក់​នៅ​អា​មេ​រិ​ក​ម្នាក់​នៅ​ខ្មែរស្នេហា​ចាប់កំណើត​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ដែល​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ជាង​១០​ឆ្នាំ បាន​មក​លេង​ស្រុក​កំណើត និង​ដើម្បី​ភ្ជាប់ពាក្យ​ជាមួយ​គូស្នេហ៍ ។ កំណើត​ស្នេហា​

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ដែល​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ជាង​១០​ឆ្នាំ បាន​មក​លេង​ស្រុក​កំណើត និង​ដើម្បី​ភ្ជាប់ពាក្យ​ជាមួយ​គូស្នេហ៍ ។  កំណើត​ស្នេហា​របស់​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី តាម​រយៈ​ហ្វេ​ស​ប៊ុ​ក ។

ពិធី​ភ្ជាប់ពាក្យ​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៥ ។ តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី​ថា រូប​នាង​បាន​ស្គាល់គ្នា​ជាមួយ​គូស្នេហ៍​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក រយៈពេល​ជា​យូរ​ខែ​មក​ហើយ ។ តាម​រយៈ​ការ​ឈ្វេងយល់​ចិត្ត​គ្នា​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល ស្នេហា​ឆ្លង​ទ្វីប​ដែល​ឃើញ​មុខ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ប្រែ​ក្លាយទៅជា​ស្នេហា​ដ៏​ជ្រាលជ្រៅ​រហូត​ឈាន​ដល់​ភ្ជាប់ពាក្យ និង​ត្រៀម​ក្លាយជា​ប្តី​ប្រពន្ធ​ពេល​លេញ​នា​ពេល​ខាង​មុខ។

ក្នុង​ជំនួប​កាលពី​ពេល ថ្មី​ៗ​នេះ អ្នក​នាង​ម៉ៅ សុ​ចាន់​ធី រៀបរាប់​ឱ្យ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​ដឹង​ថា  នាង​សម្រេចចិត្ត​ភ្ជាប់ពាក្យ​នា​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៥ នៅ​គេហដ្ឋាន​ខាងក្រោយ​វត្ត​សន្សំ​កុសល រាជធានី​ភ្នំពេញ ។ ពិធី​នោះ​នាង​ចាន់​ធី​អញ្ជើញ​អ្នកសិល្បៈ​ធ្លាប់​ស្គាល់គ្នា ព្រមទាំង​ម្ចាស់​ផលិតកម្ម អ្នកដឹកនាំ​រឿង និង​មិត្តភក្តិ​មួយ​ចំនួន​ឱ្យ​ចូលរួម ។

ទាក់ទិន​នឹង​គម្រោង​រៀប​ការ​នឹង​ធ្វើ​ឡើង​នៅ​ចុងឆ្នាំ​២០១៥ ។ ក្រោយ​ភ្ជាប់ពាក្យ​រួច​ពីរ ឬ​បី​ថ្ងៃ អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ត្រឡប់​ទៅ​អា​មេ​រិ​ក​វិញ ព្រោះ​មានការ​ងារ​ត្រូវធ្វើ​ជា​បន្ត​ទៀត ។

នៅ​ពេល​រៀប​ការ​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ចង់​អញ្ជើញ​ភ្ញៀវ​ឱ្យ​បាន​ច្រើន ប៉ុន្តែ​អាស្រ័យ​លើ​ភាព​ជាក់ស្តែង​ព្រោះ​នាង​ស្គាល់​តែ​តារា​សម្តែង ចាស់​ៗ​រួម​ជំនាន់ ឯ​តារា​ល្បី​ជំនាន់​ថ្មី​នេះ​ចង់​អញ្ជើញ​ដែរ  តែ​ខ្លាច​គេ​ប្រកាន់ ព្រោះ​មិនសូវ​ស្និទ្ធស្នាល ។

បន្ទាប់​ពី​រៀប​ការ​រួច​ហើយ​អ្នក​នាង​សុ​ចាន់​ធី មិន​ទាន់​ដឹង​ថា ស្វាមី​នាង​អាច​ចេញ​ទៅ​អា​មេ​រិ​ក​រួមរស់​ជាមួយ​នាង​បាន​ភ្លាម ឬ​យ៉ាងណា​ទេ អាស្រ័យ​លើ​បាន​ច្បាប់​អនុញ្ញាត ព្រោះ​រត់ការ​ធានា​មនុស្ស​ទៅ​នៅ​ស្រុក​គេ​មិន​ងាយស្រួល​ទេ ។ សូ​ម្បី​តែ​រៀប​ការ​ក៏​ត្រូវ​សុំ​ច្បាប់​ពី​ស្ថានទូត និង​សុំ​ក្រសួងការបរទេស ដោយ​បង្ហាញ​ឯកសារ​ស្រឡាញ់​គ្នា និង​រៀប​ការ​ពិតប្រាកដ ។ អ្នក​នាង​ម៉ៅ សុ​ចាន់​ធី ឱ្យ​ដឹង​ទៀត​ថា គូស្នេហ៍​របស់​នាង​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​យូរ​ឆ្នាំ​ទើបតែ​ចប់​អាណត្តិ​មក​ស្រុក​វិញ ។ អនាគត​ស្វាមី​របស់​នាង​មាន​វ័យ​ជាង​៤០​ឆ្នាំ មាន​ជំនាញ​ជា​ជាងទង ។ ចេះ​អ្វី​ចេះ​ឱ្យ​ប្រាកដ នេះ​ហើយ​ដែល​នាង​ចាន់​ធី​សម្រេចចិត្ត​បើក​បេះដូង​ជូន និង​គ្រោង​រៀប​ការ​ជាមួយ​បុរស​ជាងទង​នោះ ។

ផ្ញើ​វាសនា​នៅ​អា​មេ​រិ​ក​ជិត​១០​ឆ្នាំ ទើបតែ​បាន​មក​នៅ​ស្រុក មាន​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​នាង​ម៉ៅ សុ​ចាន់​ធី បណ្តោយ​ឱ្យ​ពេលវេលា​រសាត់​ទៅ​យូរ គឺ​ដោយសារ​តែ​កាលពី​នាង​ទៅ​ដល់​ភ្លាម​មាន​ជំងឺ​ប្រមាណ​៣​ទៅ​៤​ឆ្នាំ ។ ជំងឺ​នោះ​ធ្វើ​ឱ្យ​ជ្រុះ​សក់ ហើយ​ឱ្យ​ពេទ្យ​ព្យាបាល​បាន​ធូរស្រាល បន្តិច​ម្តង​ៗ រហូត​ចេញ​ទៅ​ធ្វើការ​កើត​។  ពេល​បានការ​ងារ​ធ្វើ​ហើយ​អ្នក​នាង​សុ​ចាន់​ធី​ចេះ​តែ​រវល់​ជា​បន្តបន្ទាប់ ។ 

អតីត​តារា​សម្តែង​ម៉ៅ សុ​ចាន់​ធី និយាយ​ថា «​ខ្ញុំ​រំភើបចិត្ត​ពេល​មក​ស្រុក​កំណើត​ព្រោះ​ឃើញ​ថា​សប្បាយ​មែន ។ ប្រទេស​ជាតិ​ប្លែក មានការ​រីក​ចម្រើន​មែន​តាំងពី​ផ្លូវ​ក៏​ល្អ មាន​អ្នកទេសចរ​គ្រប់​សាសន៍​មក​លេង​សប្បាយ​រីករាយ ។ នាង​ខ្ញុំ​មក​លើក​ទី​១​នេះ​មិនសូវ​ជា​បាន​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍​ច្រើន​ទេ បាន​តែ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ​ចំនួន​ដូច​ជា​អប្សរា និង​បាយ័ន មក​ពីរ​វល់​ជួប​បងប្អូន​ញាតិ​មិត្ត ។ ណាមួយ​ចាញ់​អាកាសធាតុ ។ មួយទៀត​ត្រូវ​គិតគូរ​រឿង​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពិធី​ភ្ជាប់ពាក្យ​ផង ដូច្នេះ​ហើយ​កាន់តែ​ឃ្លាតឆ្ងាយ​ឆាក​តន្ត្រី​តាម​ទូរទស្សន៍​។ ការណ៍​ពិត​នាង​ខ្ញុំ​ក៏​ចង់​ច្រៀង​សម្តែង​ជូន​បងប្អូន​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​ទស្សនា​ច្រើន​ដែរ តែ​មិនសូវ​មាន​ពេល ។ ម្ល៉ោះហើយ​បើ​មានឱកាស​លើក​ក្រោយ​ទៀត​នាង​ខ្ញុំ​នឹង​បង្ហាញ​វត្តមាន​តាម​បណ្តា​ស្ថានីយ ទូរទស្សន៍​នានា​ឲ្យ​បាន​ច្រើន​ដើម្បី​បម្រើ​អារម្មណ៍​ប្រិ​យ​មិត្ត​ទស្សនិកជន ទោះ ជា​ទៅ​ឆ្ងាយ​ក៏​ដោយនៅ​តែ​នឹកឃើញ​សិល្បៈ​ទី​ដែល​ធ្លាប់​សាង​ស្នាដៃ និង​ការ​តស៊ូ​មិន​អាច​បំភ្លេច​បាន​ឡើយ​» ៕